អន្តរជាតិ
មុន​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក លោក ស៊ី ធ្លាប់​សុំ​យោបល់​ពី​លោក អា​បេ ដែរ​
07, Dec 2018 , 8:59 am        
រូបភាព
ដោយ:
​កាលពី​សប្តាហ៍​មុន នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​ម្ភៃ G-20 នៅ​ប៊ុ​យ​ណូ​ស៊ែ​រដ្ឋធានី​របស់​អា​ហ្ស​ង់​ទីន ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ ឯកភាពគ្នា​ផ្អាក​សង្គ្រាម ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​។ គេ​លេច​លឺថា លោក ស៊ី ធ្លាប់​សួរនាំ និង​សុំ​យោបល់​ពី​មេដឹកនាំ​ជប៉ុន ដែរ​មុន​ឈានដល់​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជ​កម្មនេះ​។

 
 
​កាលពី​ខែតុលា​កន្លងទៅ នា​ជំនួប​មួយ​នៅ​ក្រុង​ប៉េកាំង​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ប្រមុខរដ្ឋ​ចិន លោក ស៊ី ជិន​ភីង បានបង្ហាញ​ក្តីកង្វល់​ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​។ ដ្បិត​លោក​ពុំ​ដឹង​ច្បាស់​ទេ​ថា តើ​លោក​គួរ​លើកយក​ចំណុច​អ្វី​មក​ពិភាក្សា​ជាមួយ​លោក​ត្រាំ នៅពេល​ជួប​មុខ​គ្នា​ផ្ទាល់​គ្នា​។ 
 
​បើតាម​ប្រភព​ដែល​ដឹង​ច្បាស់​ពី​កិច្ចសន្ទនា​ទ្វេភាគី​នេះ​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​ហុងកុង South China Morning Post​។ អំឡុង​ជំនួប​នេះ  លោក ស៊ី ជិន​ភីង ដែល​ព្យាយាម​ផ្តើម​ពង្រឹង​ទំនាក់ទំនង ជាមួយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​សួរ​យោបល់​មេដឹកនាំ​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដែរ​។ 
 
​យោងតាម​ប្រភព​ដដែល លោក អា​បេ បាន​ឆ្លើយតប​ថា​៖ «​លោក [​ស៊ី ជីន​ភីង​] គួរតែ​និយាយ​ទៅកាន់​លោក [​ត្រាំ​]»​។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​លោក​ស៊ី បង្កើត​កិច្ចសន្ទនា​ផ្ទាល់​ជាមួយ លោក ត្រាំ ផងដែរ ដ្បិត​លោក​អា​បេ ដឹងថា លោក ត្រាំ ពិតជា​មានការ​គោរព​ចំពោះ​មេដឹកនាំ​ចិន​។ 
 
​មែនទែនទៅ លោក អា​បេ ទំនងជា​មេដឹកនាំ​តែមួយគត់​ដែល​អាច​ផ្តល់យោបល់​ឲ្យ​លោក​ស៊ី  ដើម្បី​តតាំង​ជាមួយ​លោក ត្រាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា  ជា​មនុស្ស​និយាយ​បាតដៃ​ខ្នងដៃ​។  ដោយ​ហេតុផល​នេះហើយ​ទើប មេដឹកនាំ​ជប៉ុន​រូបនេះ បាន​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​កសាង​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​ជាមួយ​ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូបនេះ ដោយមាន​ជំនួប​ផ្ទាល់​ជារឿយៗ និង​ចំណាយពេល​លេង​វាយ​កូន​ហ្គោល (golf) ជាមួយគ្នា​ផង​។​
 
​ម្យ៉ាងវិញទៀត លោក អា​បេ ជា​មេដឹកនាំ​បរទេស​ដំបូងបង្អស់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ញូ​វ​យ៉ូ​ក ដើម្បី​ជួប និង​អបអរ លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់ ក្រោយពី​លោក ត្រាំ ឈ្នះ​ការបោះឆ្នោត​អាមេរិក​កាលពី​ចុងឆ្នាំ​២០១៦​។  ហើយ​កាលពី​ថ្មីៗ​នេះ នៅ​ជំនួប​កំពូល​ប្រទេស​ជឿនលឿន​ទាំង​ម្ភៃ (G-20) កាល​ថ្ងៃ​សុក្រ​ទី​៣០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ជាថ្មី​ម្តងទៀត​បាន​សាទរ​ចំពោះ​ជ័យជម្នះ​របស់​បក្ស​សាធារណៈរដ្ឋ​ដែល​បន្ត​ក្តោប​ក្តាប់​ព្រឹទ្ធសភា ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដោយ​លើកឡើងថា វា​ជា «​ជ័យជម្នះ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​» ។ 
 
​សម្រាប់​លោក អា​បេ ការពិភាក្សា​ទល់មុខ​គ្នា​រវាង​មេដឹកនាំ​ពិភពលោក ជា​វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​នានា​។ ហើយ ដំណើរការ​ទៅមុខ​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន មានន័យថា ជាការ​ទ្វារ​បើកចំហ​កាន់តែ​ធំ​ទូលាយ​ទៅកាន់​ទីផ្សារ​ចិន​សម្រាប់​ក្រុមហ៊ុន​បរទេស ក្នុងនោះ​រួមមាន បណ្តា​ក្រុន​ហ៊ុន​របស់​ជប៉ុន​ផងដែរ​។​
 
​ដូច្នេះហើយ​ទើប​អំឡុង​ជំនួប​កាលពី​ពីរ​ខែ​មុន មេដឹកនាំ​ជប៉ុន​ក៏បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន រួមមាន ការជួយ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន​លើ​សហគ្រាស​រដ្ឋ និង​ការពារ​កម្មសិទ្ធិបញ្ញា​ជាដើម ដោយ​សង្ឃឹមថា ក្រុង​ប៉េកាំង​អាច​ធ្វើបាន​ច្រើនជាង​នេះ​។ ហើយ​បញ្ហា​ទាំងនេះ ក៏​ស្ថិត​ក្នុងចំណោម​កង្វល់​ធំៗ​របស់​រដ្ឋបាល​លោក ត្រាំ ផងដែរ​៕
 

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  ស៊ី ជិន​ភីង​
 ​ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com