អន្តរជាតិ
២០១៨៖ កម្រិត​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​កើន​ខ្ពស់ ធ្វើ​ឲ្យ​ពិភពលោក​ឃ្លាតឆ្ងាយ​ពី​ដំណោះស្រាយ​ប្រែប្រួល​អាកាសធាតុ​
06, Dec 2018 , 9:19 pm        
រូបភាព
​របាយការណ៍​វិទ្យាសាស្ត្រ​ថ្មី​មួយ​បានបង្ហាញ​ឲ្យ​ឃើញថា កម្រិត​ឧស្ម័ន​កាបូ​និ​ច​ដែល​បំ​ភាយ​ចេញទៅ​បរិយាកាស​ទូទាំង​ពិភពលោក​កើនឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ ២០១៨​។ ទិន្នន័យ​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា ពិភពលោក​កំពុង​ខិត​ចាក​ឆ្ងាយ​ពី​គោលដៅ​ឈានទៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​។


 
​កម្រិត​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ដែល​ចេញពី​ការដុត​ផូស៊ីល​ឥន្ធនៈ​បាន​កើន​ឡើងដល់ ២,៧​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៨​។ នេះ​ជាការ​អះអាង​របស់​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រែប្រួល​អាកាសធាតុ Tyndall លោកស្រី Corinne Le Quere នៅ​ថ្ងៃ​ពុធ​ទី ៥​ខែធ្នូ នៅក្នុង​សាកលវិទ្យាល័យ East Anglia​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Corinne Le Quere  ដែលជា​អ្នកដឹកនាំ​អ្នក​វិទ្យា​សាស្ត្រផ្សេងទៀត​ជិត ៨០​រូបនេះ​ដើម្បី​ចងក្រង​របាយការណ៍​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នេះ បាន​សង្កត់ធ្ងន់ថា ទិន្នន័យ​ថ្មី​នេះ​អាចធ្វើ​ឲ្យ​លទ្ធភាព​សម្រេច​តាម​គោលដៅ​កំណត់​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥​ កាន់តែ​ស្តួចស្តើង​ដែរ​។​
 
«​កំណើន​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ទូទាំង​ពិភពលោក​កំពុង​ធ្វើ​ឲ្យ​គោលដៅ​មានចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ស្ថិតក្នុង​គ្រោះថ្នាក់​។ វា​មិន​គ្រប់គ្រាន់​ឡើយ​ដោយ​ត្រឹម​គាំទ្រ​ថាមពល​កកើត​ឡើងវិញ​នោះ​។ ការប្រឹងប្រែង​បញ្ចប់​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ក្នុង​វិស័យសេដ្ឋកិច្ច​ចាំបាច់​ត្រូវ​បង្កើនឡើងថែមទៀត​»​។ លោកស្រី Corinne និយាយ​ដូច្នេះ​។​
 
​របាយការណ៍​វិទ្យាសាស្ត្រ​ដដែល​នេះ​បាន​រកឃើញ​ផងដែរ​ថា ការប្រើប្រាស់​ថាមពល​ស្អាត​មាន​ថាមពល​សូ​ឡា ឬ​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់​ដើម្បី​ធានា​ប្រសិទ្ធិភាព និង និរន្តរភាព​នៃ​ថាមពល នៅតែ​តិចតួច​ជាង​កំណើន​ការដឹកជញ្ជូន​ទំនិញ កំណើន​មធ្យោបាយ​ធ្វើដំណើរ និង​ការហោះហើរ​ផ្លូវអាកាស​។
 
​គេ​រកឃើញ​ផងដែរ​ថា ឧស្ម័ន​កាបូ​និ​ច​ដែលចេញពីរោងចក្រ​ធ្យូងថ្ម​​មាន​ចំណែក​ដល់ ៤០​ភាគរយ​នៃ​ឧស្ម័ន​កាបូ​និ​ច​ដែល​ភាយ​ចេញទៅ​កាន់​បរិយាកាសលើពិភព​លោក។ ចំណែក​ការប្រើប្រាស់​ប្រេង​ និង​ឧស្ម័ន​ក៏​បន្ត​កើនឡើង​ខ្លាំងដែរ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​។ មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ «​ចិន​»​ បញ្ចេញឧស្ម័នកាបូនិចក្នុងទំហំ ២៧ ភាគរយ​នៃ​បរិមាណ​ឧស្ម័ន​កាបូ​និ​ច​ទាំងអស់​ ហើយសំខាន់បំផុតក្នុង​ឆ្នាំ ២០១៨​នេះ កម្រិត​បញ្ចេញ​ឧស្ម័នកាបូនិចនៅចិន​កើនឡើងរហូតដល់ ៤,៧​ភាគរយ​ថែមទៀត។ ចំណែក​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ សហរដ្ឋអាមេរិក​ឯណោះវិញ ក៏​មាន​ចំណែក ១៥ ភាគរយ​ក្នុងបរិមាណឧស្ម័ន​កាបូ​និ​ច​ដែល​បញ្ច​ញ​ទៅ​បរិយាកាស​ទូទាំង​ពិភពលោក​ដែរ ដែលវាមាន​កំណើន​រហូតដល់ ២,៥​ភាគរយ​ដែរ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។​
 
​តាមពិតទៅ​កម្រិត​សាយភាយ​ឧស្ម័ន​កាបូ​និ​ច​កើនឡើង​ពីរ​ឆ្នាំ​ជាប់​គ្នា​ក្រោយ​ស្ថិតនៅ​កម្រិត​មួយ​ថេរ​អស់បី​ឆ្នាំ ហើយ​ឆ្នាំមុន​កម្រិត​បំ​ភាយ​នេះ​កើនឡើង​ត្រឹម ១,៦ ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដល់​ឆ្នាំនេះ​កម្រិត​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​ស្រាប់តែ​កើនឡើង​កាន់តែខ្លាំង​ថែមទៀត​។​
 
​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​មាន​គោលដៅ​ទប់ស្កាត់​ការកើនឡើង​កម្តៅ​នៃ​ភពផែនដី​ឲ្យ​ត្រឹម ២ អង្សា​ ហើយបើអាចឲ្យកាន់​តែទាបត្រឹម ១,៥​អង្សា​នៅត្រឹម​ឆ្នាំ ២១០០ ធៀប​នឹង​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។ កិច្ចព្រមព្រៀង​ដដែល​នេះ​ក៏​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍ​ទាំងអស់​កៀងគរ​ហិរញ្ញវត្ថុ​ឲ្យ​បាន ១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ជួយ​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។    
 
​គណៈកម្មការ​អន្តររដ្ឋាភិបាល​អង្គកា​រ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​(IPCC) បាន​បញ្ជាក់ថា កម្រិត​ឧស្ម័ន​កាបូ​និ​ច​បំ​ភាយ​ទៅកាន់​បរិយាកាស​ត្រូវតែ​កាត់បន្ថយ​ឲ្យ​បាន ៥០​ភាគរយ​ត្រឹម ២០៣០ និង​កាត់បន្ថយ​ឲ្យ​អស់ទាំង​ស្រុង​ត្រឹម​ឆ្នាំ ២០៥០​ខាងមុខ​ផង បើសិនជា​ពិភពលោក​ចង់​រក្សា​កម្រិត​សីតុណ្ហភាព​ត្រឹម ១,៥​អង្សា​។​
 
​តាមពិតទៅ ការបញ្ចេញ​របាយការណ៍​ថ្មី​នេះដែរ​ក៏​កើតឡើង​ស្រប​ពេលដែល​ប្រជាជន​ជិត ២០០​ទូទាំង​ពិភពលោក​ប្រមូលផ្តុំ​គ្នា​នៅ​វេទិកា​អាកាសធាតុ​លើក​ទី ២៤​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​នៅ ទីក្រុង​Katowice ប្រទេស​ប៉ូឡូញ​ដើម​សប្តាហ៍​នេះ​។  គោលដៅ​សំខាន់​នៃ​កិច្ចប្រជុំ​ឆ្នាំនេះ​គឺ​បញ្ចប់​ការចរចា​បង្កើត​សៀវភៅ​ណែនាំ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥​ដែល​ផ្តោតលើ​ការតាមដាន វាយតម្លៃ និង​កំណត់​ពី​វិធីសាស្ត្រ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​នេះ​ដូចគ្នា​។ 

Tag:
 ប្រែប្រួល​អាកាសធាតុ​
  ឧស្ម័ន​កាបូ​និ​ច​
  អាមេរិក​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com