រដ្ឋការ៉ាអ៊ីប «គុយបា»ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធអ៊ីនធឺណិត 3G ជាលើកដំបូងនៅសប្តាហ៍នេះ។ រដ្ឋសង្គមនិយមមួយនេះក្លាយជាប្រទេសចុងក្រោយគេលើពិភពលោកដែលដាក់ប្រើប្រាស់បច្ចេកវិទ្យាបែប ប៉ុន្តែប្រជាជនគុយបាភាគច្រើនក៏នៅមិនទាន់មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះដែរ។
ក្រុមហ៊ុនអ៊ីធឺណិតគុយបា Elecsa បានដាក់ដំណើរការសេវាកម្មអ៊ីនធឺណិត 3G សម្រាប់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅក្នុងប្រទេសចាប់ពីម៉ោង ៨ ព្រឹកថ្ងៃព្រហស្បតិ៍ ទី ៦ខែធ្នូ តទៅ។ ប៉ុន្តែជំហានដំបូងមាន
សេវាអ៊ីនធឺណិតថ្មីនេះត្រូវផ្គត់ផ្គង់ដល់ត្រឹមអតិថិជនមួយចំនួនប៉ុណ្ណោះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកប្រើប្រាស់អ៊ីនធឺណិតផ្សេងទៀតអាចនឹងទទួលបានសេវាថ្មីនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត។ ថ្វីបើប្រព័ន្ធ 3G ទើបមានវត្តមានជាលើកដំបូងនៅគុយបាក៏ដោយចុះ គុយបានេះជាប្រទេសចុងក្រោយគេ ដែលទើបមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធនេះ។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលក្រុងហាវ៉ាណា ក្នុងចំណោមប្រជាជនគុយបាសរុប ១១,២លាននាក់ ប្រជាជនប្រហែល ៥,៣លាននាក់ប៉ុណ្ណោះដែលមានទូរសព្ទចល័តប្រើប្រាស់។ ប្រជាជនគុយបាតាំងពីយូរអង្វែងមកហើយពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត WiFi មិនគិតថ្លៃដែលដាក់បំពាក់នៅតាមសួនច្បារសាធារណៈ និងអ៊ីនធឺណិតដែលមានតម្លៃ មួយម៉ោងមួយដុល្លារនៅតាមហាងកាហ្វេ។
មកដល់បច្ចុប្បន្ន សួនសាធារណៈដែលមានបំពាក់ WiFiមានសរុប ១២០០ ហើយមានហាងកាហ្វេមានប្រហែល ៦៧០ដែរ។ ជានិច្ចជាកាល គេឃើញប្រជាជនគុយបាឈរឬអង្គុយសើច ឬយំសំឡឹងមើលកញ្ចក់ទូរសព្ទពេលជជែកជាមួយសាច់ញាតិបងប្អូនដែលកំពុងរស់នៅនិរទេសខ្លួននៅបរទេសនោះ។
យ៉ាងណាក៏ដោយចុះ តម្លៃប្រព័ន្ធអ៊ីនធឺណិត 3G នៅតែខ្ពស់កប់ពពក ហើយប្រជាជនគុយបាភាគច្រើននៅតែគ្មានលទ្ធភាពប្រើប្រាស់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ដដែល អ៊ីនធឺណិតទំហំ បួនជីហ្កាបៃមានតម្លៃ ៣០ដុល្លារក្នុងមួយខែឯណោះ ដែលប្រហាក់ប្រហែលនឹងប្រាក់ឈ្នួលជាមធ្យមប្រចាំខែរបស់ប្រជាជនគុយបាទៅហើយ។ បើតាមស្ថិតិរដ្ឋាភិបាលគុយបាឆ្នាំ ២០១៥ ប្រជាជនគុយបាមានប្រាក់ឈ្នួលប្រចាំខែជាមធ្យម ៦៨៧ប៉ឺសូ ឬស្មើនឹង ២៥ ដុល្លារអាមេរិកប៉ុណ្ណោះ។
ប៉ុន្តែប្រជាជនភាគច្រើនសប្បាយចិត្តដែរ ដ្បិតថា វាជាសញ្ញាវិជ្ជមាន ទោះវាថ្លៃបន្តិចក្តី។ ពួកគេរំពឹងថា តម្លៃនេះនឹងអាចធ្លាក់ចុះទៅតាមពេលវេលាផង។
ថ្វីបើបានសម្រេចចិត្តស្តារចំណងការទូតជាមួយអាមេរិកក៏ដោយ គុយបា នៅបន្តស្ថិតក្រោមការហ៊ុមព័ទ្ធរបស់អាមេរិកនៅឡើយ។ ប៉ុន្តែកាលពីឆ្នាំ ២០១៦ ក្រុងហាវ៉ាណាបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Google ដើម្បីជំរុញការអភិវឌ្ឍផ្នែកអ៊ីនធឺណិតជាពិសេសធ្វើឲ្យវាល្បឿននៃប្រើប្រាស់កាន់តែរហ័សជាងមុនដែរ៕