ONE Championship
កីឡាជាតិ
ជាតិ
MMA៖ ចាន់ រតនា ប៉ះ Abro Fernandes ឯម សុ​វណ្ណា​រី ជួប Iryna Kyselova
07, Dec 2018 , 3:25 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ចម្រុះ ចាន់ រតនា ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​កូនកាត់​ឥណ្ឌូណេស៊ី​-​ទី​ម័​រ​ខាងកើត Abro Fernandes ក្នុង​ព្រឹត្តិការណ៍ ONE: Destiny of Champions នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី នា​កីឡដ្ឋាន Axiata Arena នៅ​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ នេះ​។ ចំណែក​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី ត្រូវ​តទល់​ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova​។​

 
​ក្រោយ​បាត់​មុខ​ពីស​ង្វៀន MMA មួយរយៈ​ធំ អ្នកលេង​គុន​ខ្មែរ និង​គុន​ចម្រុះ ចាន់ រតនា នឹង​បង្ហាញមុខ​សាជាថ្មី​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី ONE Championship នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។ សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើក​ទី​៦​នេះ អ្នក​ស្នង​គុន​ខ្មែរ​មកពី​ខេត្តបាត់ដំបង​រូបនេះ ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​កូនកាត់​ឥណ្ឌូណេស៊ី​-​ទី​ម័​រ​ខាងកើត Abro Fernandes ក្នុង​កម្មវិធី ONE: Destiny of Championship ចាប់ពី​ម៉ោង​៦:៣០​នាទី​ល្ងាច​តទៅ​។ 


 
​ចាន់ រតនា ធ្លាប់​ឡើង​សង្វៀន​គុន​ចម្រុះ MMA ចំនួន​៥​លើក​រួចមកហើយ ដោយ​ឈ្នះ​២ និង​ចាញ់​៣ ខណៈ​គូប្រកួត​របស់គេ Abro ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៧​លើក និង​ទទួលបាន​ជ័យជម្នះ​ទាំង​៧​លើក​។ លើសពីនេះ រូបគេ​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​(Flyweight) ប្រចាំ​ព្រឹត្តិការណ៍​នេះ​ថែម​ទៀតផង​។ ការជួបគ្នា​រវាង​កីឡាករ​ទាំងពីរ​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ និង​តានតឹង​បំផុត​។  
 
​ក្រៅពី​គូ​ដ៏​ជក់ចិត្ត​ខាងលើ ក៏មាន​ការប្រកួត​រវាង​កីឡាការិនី​កម្ពុជា​ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន​១​គូ​ទៀត​ផងដែរ គឺ​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី ប៉ះ​ជាមួយ​កីឡាការិនី Iryna Kyselova លើ​ប្រ​ទម្ងន់​មធ្យម​ផងដែរ​។ ទោះបី​ធ្លាប់​ឆ្លងកាត់​ការប្រកួត​កន្លងមក​ក៏ដោយ តែ​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​សង្វៀន MMA របស់ ឯម សុ​វណ្ណា​រី ខណៈ​គូប្រកួត​របស់​នាង Iryna ធ្លាប់​ឆ្លងកាត់​ការប្រកួត​រហូត​១០​លើក ដោយ​ឈ្នះ​៧ និង​ចាញ់​៣៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ចាន់ រតនា​
  ឯម សុ​វណ្ណា​រី​
  ONE Champions
© រក្សាសិទ្ធិដោយ thmeythmey.com