អន្តរជាតិ
លោក ត្រាំ តែងតាំង​អតីត​អ្នកកាសែត Fox News ជា​ទូត UN ថ្មី
07, Dec 2018 , 8:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​តែងតាំង​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​អតីត​អ្នកកាសែត Fox News លោកស្រី Heather Nauert ជំនួស​ឲ្យ​អគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​បច្ចុប្បន្ន លោកស្រី Nikki Haley​។ នេះ​បើតាម​ប្រភព​ដែល​ដឹងលឺ​ពី​ការសម្រេចចិត្ត​នេះ ប្រាប់​ទៅកាន់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី​០៦ ខែធ្នូ​។

 
​លោកស្រី Nauert បានសម្រេច​ទទួលយក​តំណែង​នេះ ជំនួស​ឲ្យ​លោកស្រី Haley ដែល​បានប្រកាស​កាលពី​ខែតុលា​ថា នឹង​លាលែង​ពី​តំណែង​នា​ដំណាច់ឆ្នាំ​២០១៨​ខាងមុខ​។ យោងតាម​ប្រភព​ដដែល​នេះ ការតែងតាំង​របស់លោក​ស្រី នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ០៧ ខែធ្នូ​។ 
 
​តាមពិតទៅ លោកស្រី Heather Nauert វ័យ ៤៨​ឆ្នាំ ហាក់​មិនសូវ​សាក​សម​នឹង​តួនាទី​ជា​បេសកជន​ការទូត​ប្រចាំ​អង្គការ​អន្តររដ្ឋាភិបាល​នេះឡើយ ដ្បិត​លោកស្រី មានបទពិសោធន៍​តិចតួច​ខាង​ផ្នែក​នយោបាយ និង​ការទូត​។ ហើយ​មុននឹង​ក្លាយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កាល​ពី​ខែមេសា ឆ្នាំ​២០១៧ លោកស្រី  Nauert ជា​អតីត​អ្នកសារព័ត៌មាន​បម្រើកា​រ​នៅ​ទូរទស្សន៍ Fox News​។ 
 
​យ៉ាងណាក៏ដោយ លោកស្រី Nauert បានទទួល​ការទុកចិត្ត​ទុក​ថ្លើម​ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ​។ លើសពីនេះ លោកស្រី​ក៏មាន​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​លោក​ត្រាំ គឺ​លោកស្រី Ivanka Trump និង​ស្វាមី​លោកស្រី គឺ​លោក Jared Kushner ថែម​ទៀតផង​៕

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  អគ្គរដ្ឋទូត​ប្រចាំ​UN
© រក្សាសិទ្ធិដោយ thmeythmey.com