អន្តរជាតិ
របាយការណ៍​៖ ស្ត្រី​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ត្រូវ​ជួញដូរ និង​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ចិន​
07, Dec 2018 , 4:27 pm        
រូបភាព
​ស្ត្រី និង​ក្មេងស្រីៗ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ដែល​រស់នៅ​តំបន់​ភាគ​ខាងជើង​កំពុង​រងគ្រោះ​ដោយសារ ការជួញដូរ​ទៅកាន់​ប្រទេស​ចិន និង​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ផង​។ នេះ​ជាការ​បញ្ជាក់​របស់​របា​យ​ការណ៍​សិក្សា​ថ្មី​មួយ​ដែល​ចិន​ផ្សាយ​នៅ​សុ​ក្រទី ៧​ខែធ្នូ​នេះ​។


 
​របាយការណ៍​សិក្សា​មួយ​ដោយ​សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ John Hopkins បាន​បង្ហាញថា ស្ត្រី​និង​ក្មេងស្រីៗ​ជនជាតិ​មី​យ៉ាន់​ម៉ា​ច្រើន​ពាន់​នាក់​ដែល​កំពុង​ស្ថិតក្រោម​ជួញដូរ​ទៅកាន់​ប្រទេស​ចិន​។ ពួកគេ​ភាគច្រើន​ជា​ពលរដ្ឋ​រស់នៅ​តំបន់​ភាគ​ខាងជើង​មាន​រដ្ឋកា​ឈិន និង​រដ្ឋ​សាន ដែល​សុទ្ធសឹង​ជា​កន្លែង​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​។​
 
​យោង​តា​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​របាយការណ៍​សិក្សា​ទីមួយ​របស់​ស្ថាប័ន​ស្រាវជ្រាវ​ខាងលើនេះ ស្ត្រី និង​ក្មេងស្រី​មី​យ៉ាន់​ម៉ា​ប្រហែល ៧៥០០​នាក់​បាន​រងគ្រោះ​ដោយសារ​ការលក់ និង​ត្រូវ​បង្ខំ​ឲ្យ​ពួកគេ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។ របាយការណ៍​រកឃើញ​ថា ស្ត្រី​ខ្លះ​ដែល​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​នោះ​អាចមាន​ជីវិត​អាពាហ៍ពិពាហ៍​ជោគជ័យ ប៉ុន្តែ​ច្រើន​ផ្សេងទៀត​ត្រឹមតែ​ត្រូវគេ​ជួល​ឲ្យ​ពពោះ ហើយ​បន្ទាប់មក​ត្រូវគេ​លក់​បន្តទៀត​ប៉ុណ្ណោះ​។​
 
​តាមពិតទៅ របាយការណ៍​ស្រាវជ្រាវ​នេះដែរ ត្រូវបាន​ចងក្រង​ដោយមាន​ការជួប​សម្ភាស​ជាមួយ​ជនរងគ្រោះ​ជាច្រើន​នាក់​ដែល​បាន​រត់គេចខ្លួន​និង​ត្រឡប់មក​មី​យ៉ាន់​ម៉ា​វិញ​ដោយ​សមត្ថភាព រួមជាមួយ​ស្ត្រី​មួយចំនួន​ដែល​កំពុង​រស់នៅ​ប្រទេស​ចិន​ដែរ​។ 
 
​អ្នកស្រាវជ្រាវ និង​ចងក្រង​របាយការណ៍​នេះ​លោក W. Courtland Robinson បាន​អះអាងថា ដើមហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងនោះ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​គឺ ភាពក្រីក្រ​ហ បាត់បង់​ជម្រក និង​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​ផងដែរ​។ ហើយ​កត្តា​តម្រូវការ​ភរិយា​ខ្ពស់​ក្នុងចំណោម​បុរស​ជនជាតិ​ចិន​ក៏​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​ការជួញដូរ​នេះ​ផុសផុល​ដែរ​។​
 
​តាមពិតទៅ ការអនុវត្ត​គោលនយោបាយ​កូន​មួយ​រាប់​ទសវត្សរ៍​មកនេះ ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ចិន​មាន​តិចជាង​បុរស​រហូតដល់ ៣៣​លាន​នាក់​ឯណោះ​។ វា​ជា​កត្តា​ជំរុញ​ឲ្យ​បុរស​ចិន​ភាគច្រើន​នៅ​លីវ និង​ត្រូវ​ស្វែងរក​ភរិយា​មកពី​បរទេស​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ដដែល​បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​ខ្វះ​ស្ត្រី​ក្នុងស្រុក​នេះ ស្ត្រី​បរទេស​ជាច្រើន​ម៉ឺន​នាក់​ដែល​ភាគច្រើន​មក​ប្រទេស​ក្រីក្រ​រួមមាន​ឡាវ វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា ត្រូវបាន​លក់​ទៅកាន់​ប្រទេស​ចិន ហើយ​ខ្លះទៀត​ស្ម័គ្រចិត្ត​រៀបការ​ដោយ​ខ្លួន​ហើយ និង​មាន​ខ្លះ​ចាញ់បោក​មេខ្យល់​ដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​ការបង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នេះដែរ​លោកស្រី Moon Nay Li ដែលជា​សមាជិកសមាគម​ស្ត្រី​ថៃ​នៅក្នុង​រដ្ឋកា​ឈិន ដែល​ដឹកនាំ​ការស្រាវជ្រាវ​ផ្ទាល់​ក្នុង​រដ្ឋកា​ឈិន​ផង និង​រដ្ឋ​សាន​ផង​នោះបាន​លើកឡើង​ផងដែរ​ថា ស្ត្រី​ដែល​រងគ្រោះ​ភាគច្រើន​ត្រូវ​បង្ខំ​ឲ្យ​យក​កូន​ដែរ​។​
 
​របាយការណ៍​ដដែល​នោះ​បង្ហាញ​ដែរ​ថា រៀបការ​ជាមួយ​បុរស​ចិន​នោះ​ភាគច្រើន​ត្រូវបាន​រៀបចំ និង​ផ្តួចផ្តើម​ដោយ​គ្រួសារ​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ផង​ដោយសារ​ជីវភាព​ក្រីក្រ និង​មនុស្ស​ចាស់​ក្នុងភូមិ​ផង ហើយ​ស្ត្រី​និង​ក្មេងស្រីៗ​មិនអាច​បដិសេធ​បានឡើយ​ដោយសារ​ទំនៀមទម្លាប់ និង​បែបផែន​រចនាសម្ព័ន្ធ​សង្គម​ដែល​ផ្តល់​អំណាច​ច្រើន​ដល់​ចាស់ទុំ​នោះ​។​
 
​ភាគច្រើន​ស្ត្រី​ក្មេង​ដែល​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​នោះ ត្រូវគេ​ផ្តល់​តម្លៃ​ខ្លួន​ម្នាក់ៗ​ចន្លោះ​ពីមួយ​ម៉ឺន ទៅដល់ មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​មាន​វ័យ​ចំណាស់ៗ មាន​ជំងឺ និង​ពិការ​ដែល​ភាគច្រើន​រស់នៅ​តាម​ទីជនបទ​ដែល​ពិបាក​រក​ភរិយា​។  
 
​យ៉ាងណាមិញ របាយការណ៍​ដដែល​នោះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ចេញ​ចំណាត់ការ បញ្ចប់​ឲ្យ​បាន​នូវ​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​នៅ​រដ្ឋកា​ឈិន និង​រដ្ឋ​សាន ដើម្បី​បញ្ចប់​ចលនា​ភៀសខ្លួន​របស់​ប្រជាជន​ជាពិសេស​ស្ត្រី និង​ឈានទៅ​ព​ង្រឹ​សមត្ថភាព​មន្ត្រី​ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស​ផងដែរ​៕
 

Tag:
 ចិន​
 ​មី​យ៉ាន់​ម៉ា​
  ជួញដូរ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com