កីឡាអន្តរជាតិ
អន្តរជាតិ
Tevez ថាការការប្តូរទីលានទៅ Bernabeu នាជំនួប Copa Libertadores ជារឿងអាម៉ាស់សម្រាប់ពលរដ្ឋអាហ្សង់ទីន
× Carlos Tevez ថាការប្រកួតជើងទី ២ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Libertadores ដែលត្រូវប្តូរទៅលេងក្នុងក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញគឺជាភាពអាម៉ាស់បំផុតសម្រាប់ប្រជាជនអាហ្សង់ទីន។
ជំនួប Buenos Aires Derby រវាង Boca Juniors និង River Plate ត្រូវបានពន្យារពេលការប្រកួតកាលពីខែវិច្ឆិកាបន្ទាប់ពីក្រុមអ្នកគាំទ្រ River Plate បានប្រើអំពើហិង្សាដោយប្រើដំបង និងដុំថ្មវាយទៅលើរថយន្តរបស់កីឡាករ Boca និងថែមទាំងត្រូវប្តូរទីលានប្រកួតទៅកាន់កីឡដ្ឋាន Bernabeu របស់ក្លិប Real Madrid នៅថ្ងៃទី៩ ខែធ្នូនេះវិញ។
ការប្តូរទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ពានរង្វាន់កំពូលសម្រាប់ក្លិបប្រចាំតំបន់អាមេរិកឡាទីននេះ ដោយសារមិនអាចលេងនៅក្នុងប្រទេសអាហ្សង់ទីនបាន ដ្បិតបារម្មណ៍ខ្លាចមានអំពើហិង្សាកើតឡើងម្តងទៀត។
Tevez អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United វាយតម្លៃថា វាចម្លែកបន្តិចក្នុងការលេងនៅក្រៅប្រទេសខ្លួនឯង ប៉ុន្តែវាសំខាន់សម្រាប់យើងក្នុងការផ្តោតទៅលើការប្រកួតនៅ Madrid ព្រោះវាមានសុវត្ថិភាពជាង។
កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣២ ឆ្នាំរូបនេះបានប្រាប់ BBC World Service Sport ជុំវិញបញ្ហាដែលនាំឲ្យមានការប្តូរកីឡដ្ឋានប្រកួតនេះថា៖«ខ្ញុំគិតថាវាជារឿងអាម៉ាស់បំផុតសម្រាប់ប្រជាជនអាហ្សង់ទីន តែមិនមែនកីឡាករទេ។ ពួកគេជាអ្នកធ្វើឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវធ្វើក្នុងប្រទេសរបស់យើងត្រូវបាត់បង់»។
សូមបញ្ជាក់ថា ការប្រកួតជើងទី១រវាងក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Bombonera របស់ Boca។ ពានរង្វាន់ Copa Libertadores គឺជាការប្រកួតប្រជែងរវាងក្លិបនៅទ្វីបអាមេរិកខាងត្បូងដែលស្មើនឹងការប្រកួតក្នុងក្របខណ្ឌ UEFA Champions League នៅទ្វីបអឺរ៉ុបដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com