អន្តរជាតិ
បារាំង​គ្រោង​យកពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅ​ឆ្នាំ​ក្រោយនេះ
08, Dec 2018 , 10:38 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង លោក Bruno Le Maire  ប្រកាសថា​ក្រុងប៉ារីស នឹង​ចាប់ផ្តើម​យកពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅក្នុង​កម្រិត​ជាតិ ចាប់ពី​ឆ្នាំ​២០១៩ តទៅ ប្រសិនបើ​បណ្តា​រដ្ឋ​នៃ​សហភាព​អឺរ៉ុប​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី  ការដាក់​ពន្ធ​លើ​ប្រាក់ចំណូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​តំបន់​ទេនោះ​។​

 
​កាលពី​ថ្ងៃ​អង្គារ​ទី​០៤ ខែធ្នូ  បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បាន​បរាជ័យ​ក្នុងការ​យល់ព្រម​លើ​ការយកពន្ធ​ទៅលើ​ប្រាក់ចំណូល​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល  ទោះបីជា​បារាំង រួមជាមួយ​អាល្លឺម៉ង់  គ្រោង​នឹង​ជួយសង្គ្រោះ​សំណើ ដែល​បានដាក់​ចេញពី​គោលដៅ​របស់ខ្លួន ក្នុងការ​យកពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដូចជា Google និង Facebook​ជាដើម​។​
 
​បន្ទាប់ពី​ការបរាជ័យ​នេះ  លោក Le Maire បាន​ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍ France 2 ថ្ងៃ ៦ ខែធ្នូ​ថា​៖ «​ខ្ញុំ​ទុកពេល​ឲ្យ​បារាំង​ខ្លួនឯង រហូតដល់​ខែមីនា​ឆ្នាំក្រោយ ដើម្បី​ឈានទៅ​សម្រេច​កិច្ចព្រមព្រៀង​មួយ​ស្តីពី ការយកពន្ធ​ក្នុង​តំបន់​អឺរ៉ុប​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​»​។  យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន  AFP  រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​រូបនេះ​បានបញ្ជាក់​បន្ថែមទៀត ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ ពុំ​អាច​លេចចេញ​ជា​រូបរាង​ទេនោះ រដ្ឋាភិបាល​បារាំង​នឹងធ្វើ​វា​ឲ្យ​បាន ដោយ​កំណត់​ពន្ធ​ថ្នាក់ជាតិ​តែម្តង  គិត​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​បារាំង​ជុំវិញ​ការយកពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​គឺធ្វើឡើង​ចំពេល​ដែល រដ្ឋាភិបាល​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រឈមមុខ​នឹង​ការប្រឆាំង​តវ៉ា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​បារាំង​។ ការប្រឆាំង​តវ៉ា​ដឹកនាំ​ដោយ​«​ក្រុម​ពាក់អាវ​កាក់​ពណ៌​លឿន​» នេះ  គឺមាន​គោលដៅ​ប្រឆាំងនឹង​ការដំឡើងថ្លៃ​លើ​ប្រេង និង​គោលនយោបាយ​សេដ្ឋកិច្ច ដែលមាន​ភាពលម្អៀង​ទៅកាន់​ក្រុម​អ្នកជំនួញ​ធំៗ និង​ក្រុម​អ្នកមាន​៕
 

Tag:
 បារាំង​
  ពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com