ជាតិ
សង្គមជាតិ
ពិព័រណ៍​សៀវភៅ​៖ អ្នកនិពន្ធ​សៀវភៅ​កើនឡើង ប៉ុន្តែ​នៅ​ខ្វះ​សមាគម​បោះពុម្ព​
08, Dec 2018 , 11:47 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៧ ក្រោម​ប្រធានបទ «​សៀវភៅ​រស់ ចំណេះ​រីក​» អ្នកនិពន្ធ​ជាច្រើន​បានបង្ហាញ​សៀវភៅ ដែលជា​ស្នាដៃ​តែង​និពន្ធ​របស់ខ្លួន​។ សៀវភៅ​ដែល​ពួកគេ​និពន្ធ មាន​សន្ទុះ​ខ្លាំង​ជាង​មុន ប៉ុន្តែ​ពួកគេ​នៅតែ​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បោះពុម្ព​សៀវភៅ​នៅឡើយ​ទេ ដោយសារតែ​ខ្វះ​សមាគម​បោះពុម្ព​សៀវភៅ​។​


 
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ពិព័រណ៍​សៀវភៅ​ជា​ឱកាស​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកនិពន្ធ​សៀវភៅ និង​អ្នក​បោះពុម្ព​សៀវភៅ អាច​ជជែក​គ្នា​ពី​បញ្ហា​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការបោះពុម្ពផ្សាយ​។ លោក ស្រី ភឿង ស​កុ​ណា សង្កេតឃើញថា ទាំង​អ្នកនិពន្ធ​វ័យក្មេង​សម័យ​បច្ចុប្បន្ន និង​អ្នក​អ្នកនិពន្ធ​ពី​ដើម សុទ្ធតែ​ខ្វះ​លទ្ធភាព​(​ថវិកា​)​បោះពុម្ព​សៀវភៅ​។ ដូច្នេះ​លោកស្រី​រដ្ឋមន្ត្រី​ជឿជាក់ថា ពិព័រណ៍​សៀវភៅ​នេះ នឹង​ជា​ឱកាស​ឲ្យ​អ្នកនិពន្ធ និង​អ្នក​បោះពុម្ព​សៀវភៅ បាន​ស្គាល់គ្នា បង្កើតជា​បណ្តាញ និង​ផ្តល់​លទ្ធភាព​ក្នុងការ​បោះពុម្ព​សៀវភៅ ឲ្យ​ប្រសើរឡើង​។ «​អ្នកនិពន្ធ​មានការ​កើនឡើង ទាំង​ចំនួន ទាំង​គុណភាព ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ។ ម្យ៉ាងទៀត​យើង​ចង់​ឲ្យ​អ្នកអាន គាំទ្រ​ស្នាដៃ​របស់​អ្នកនិពន្ធ ដើម្បី​ឲ្យ​អ្នកនិពន្ធ មាន​កម្លាំងចិត្ត​និពន្ធ​សៀវភៅ​បន្ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក​ស្រី ភឿង ស​កុ​ណា​។​




 
​លោក សុខ ឫទ្ធី ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា យល់ថា តាំងពី​ចាប់ផ្តើម​មាន​ពិព័រណ៍​សៀវភៅ​មក អ្នកនិពន្ធ​ក៏​ចាប់ផ្តើម​កើនឡើង​ដែរ ប៉ុន្តែ​ខ្វះ​សមាគម​បោះពុម្ពផ្សាយ​។ លោក សុខ ឫទ្ធី  អះអាងថា​៖«​ការពិត​យើង​អត់​ទាន់​មាន​សមាគម​បោះពុម្ពផ្សាយ​គ្រប់គ្រាន់ ដែល​ជួយ​ដល់​អ្នកនិពន្ធ​នៅឡើយ​ទេ​។ ខ្ញុំ​ទើបតែ​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​សមាគម​នេះ ដោយ​រៀបចំ​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះឈ្មោះ​ជា​ផ្លូវការ ហើយ​ខ្ញុំ​សង្ឃឹមថា សមាគម​នេះ នឹង​ជួយ​ឲ្យ​វិស័យ​បោះពុម្ព​នៅ​កម្ពុជា យើង​មាន​ភាពប្រសើរ​ជាង​មុន​»​។ 




 
​សូមបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី​៩ ខែធ្នូ នៅ​បរិ​វេ​ណា​បណ្ណាល័យ​ជាតិ​។ គេ​រំពឹងថា ពិព័រណ៍​ឆ្នាំនេះ នឹង​ទាក់ទាញ​អ្នក​ចូលរួមបាន​ប្រមាណ​៧​ម៉ឺន​នាក់​៕


 

Tag:
 សៀវភៅ​
 ​អប់រំ​
 ​អ្នកនិពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com