ជាតិ
ខ្វះជាតិកាល់ស្យូម,អត់ងងុយ,ហូបមិនគ្រប់គ្រាន់ ធ្វើឲ្យសិស្ស៧១នាក់ ដួលសន្លប់នៅវិទ្យាល័យថ្មគោល រូបភាពពីហ្វេសប៊ុក
× ភ្នំពេញ៖ នៅថ្ងៃទី ៦-៧ ធ្នូនេះ មានសិស្សចំនួន ៧១នាក់ បានដួលសន្លប់ ក្នុងបរិវេណវិទ្យាល័យថ្មគោល។ ករណីដួលសន្លប់នេះ បណ្ដាលមកពីខ្វះជាតិកាល់ស្យូម អត់ងងុយ និងហូបមិនគ្រប់គ្រាន់។ នេះបើតាមលោក ហ៊ីង ស៊ុនថារិទ្ធ នាយកវិទ្យាល័យថ្មគោលប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
លោក ហ៊ីង ស៊ុនថារិទ្ធ នាយកវិទ្យាល័យថ្មគោល បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នៅក្នុងវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង មានករណីសិស្សានុសិស្សភាគច្រើនជាស្ត្រី បានកើតអាការ វិលមុខ ដួលសន្លប់សុរបចំនួន ៧១នាក់។ នាយកវិទ្យាល័យថ្មគោលរូបនេះ បញ្ជាក់យ៉ាងដូច្នេះ៖ «ហេតុការណ៍មុនដំបូងមានសិស្ស ២នាក់ មានជំងឺប្រចាំកាយ ហើយមិនស្រួលខ្លួន ក៏បានដួលសន្លប់។ បន្ទាប់មកសិស្សផ្សេងៗ ដែលបានឃើញ ក៏មានអាការវិលមុខដួលសន្លប់បន្តបន្ទាប់គ្នាតែម្ដង»។
ករណីដួលសន្លប់នេះ បានកើតឡើងរយៈពេល ២ថ្ងៃ ដោយថ្ងៃទី ៦ ធ្នូ មានសិស្សដួលសន្លប់ចំនួន ២នាក់ និងថ្ងៃទី ៧ ធ្នូម្សិលមិញ មានសិស្សរហូតដល់ ៦៤ នាក់បានដួលសន្លប់ (ពេលយប់ទៅមន្ទីរពេទ្យចំនួន៥នាក់ផ្សេងទៀត ដែលមានអាការមិនស្រួល)។ រហូតមកដល់ពេលនេះ មានសិស្សចំនួន ៣នាក់ប៉ុណ្ណោះ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈសិស្សផ្សេងទៀត ចេញទៅផ្ទះរៀងៗខ្លួន។
លោក ហ៊ីង ស៊ុនថារិទ្ធ បញ្ជាក់ថា តាមការស្រាវជ្រាវជាបឋមរបស់ក្រុមគ្រូពេទ្យ ករណីដួលសន្លប់នេះ បណ្ដាលមកពីខ្វះជាតិកាល់ស្យូម, អត់ងងុយ និងហូបមិនគ្រប់គ្រាន់។ នាយកវិទ្យាល័យរូបនេះ បន្តថា នៅព្រឹកថ្ងៃទី ៨ ធ្នូនេះ ខាងមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអប់រំខេត្ត រួមទាំងអ្នកគ្រូលោកគ្រូ បានបើកកិច្ចប្រជុំលើបញ្ហានេះផងដែរ ដើម្បីរកដំណោះស្រាយ។ សូមបញ្ជាក់ថា នៅថ្ងៃនេះ សិស្សទាំងអស់ដែលរៀននៅវិទ្យាល័យថ្មគោល ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក១ថ្ងៃ ក្រោយពីមានករណីដួលសន្លប់នេះ។ នេះបើតាមនាយកវិទ្យាល័យថ្មគោលដដែល៕
Tag:
បាត់ដំបង
សន្លប់
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com