កីឡាជាតិ
ជាតិ
ក្រោយរងពិន័យ សុខ ធី ប្រកាសឈប់ឡើងសង្វៀននៅកម្ពុជា រូបថតដោយ៖Matias Andres
× អ្នកលេងគុនខ្មែរ សុខ ធី បានប្រកាសឈប់ឡើងវាយលើសង្វៀននៅកម្ពុជា បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិន័យមិនឲ្យឡើងវាយលើសង្វៀនក្នុង និងក្រៅប្រទេស រយៈពេល៦ខែ។ ការពិន័យរបស់សហព័ន្ធ ធ្វើឡើងក្រោយរូបគេ និងគ្រូបង្វឹក គឺលោក សាន សៅយ៉ាន់ មិនទទួលស្គាល់លទ្ធផល ដែលចៅក្រមកាត់ក្តីឲ្យ សុខ ធី ចាញ់កីឡាករថៃ ធ្នូ សឹកឡេក។
អ្នកស្នងគុនខ្មែរវ័យក្មេង សុខ ធី បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការខ្លួនថា រូបគេនឹងឈប់ឡើងវាយលើសង្វៀននៅកម្ពុជា។ ការប្រកាសបែបនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញសេចក្តីសម្រេច ដាក់ពិន័យរូបគេ មិនឲ្យឡើងសង្វៀនប្រកួត ទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កីឡាករ សុខ ធី ត្រូវបានចៅក្រមកាត់ក្តីឲ្យចាញ់កីឡាករថៃ ធ្នូ សឹកឡេក ដោយពិន្ទុទាំងចម្រូងចម្រាស នាការប្រកួតវគ្គសន្សំពិន្ទុ ដណ្តើមខ្សែក្រវាត់ ISI Palm លើសង្វៀនស្ថានីយទូរទស្សន៍ CNC។ ភ្លាមៗ ទាំងកីឡាករសុខ ធី និងគ្រូបង្វឹក គឺលោក សាន សៅយ៉ាន់ សុទ្ធតែបង្ហាញកាយវិការមិនពេញចិត្ត ចំពោះការកាត់ក្តីនេះ ហើយបានដាក់ពាក្យសុំតវ៉ា ឲ្យពិនិត្យការប្រកួតឡើងវិញ ទៅកាន់គណៈកម្មការរៀបចំការប្រកួត។
ជាលទ្ធផល ក្រោយការពិនិត្យរបស់គណៈកម្មការជំនាញ នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធ បានចេញសេចក្តីសម្រេច ដោយបន្តឲ្យកីឡាករ សុខ ធី ចាញ់ពិន្ទុកីឡាករថៃ ធ្នូ សឹកឡេក ដដែល។ បន្ថែមលើនេះ សុខ ធី ត្រូវគណៈគ្រប់គ្រងកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ CNC ដកបេក្ខភាពចេញពីការប្រកួតដណ្តើមខ្សែក្រវាត់នេះទៀត។ ភ្លាមៗនោះ លោក សាន សៅយ៉ាន់ ម្ចាស់ក្លិបប្រដាល់សៅយ៉ាន់នាគា បានប្រកាសលាឈប់ពីអាជីពជាមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ក្រោយបរាជ័យក្នុងការតវ៉ា។
បន្ទាប់មក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីសម្រេចជាលើកទី២ ដោយពិន័យកីឡាករ សុខ ធី មិនឲ្យឡើងសង្វៀន ប្រកួតទាំងក្នុង និងក្រៅប្រទេសរយៈពេល៦ខែ និងពិន័យ លោក សាន សៅយ៉ាន់ ដោយផ្អាកការងារពីមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ចំនួន៦ខែដូចគ្នា។ ការពិន័យនេះ បន្ទាប់ពីអ្នកទាំងពីរធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រកួតដណ្តើមខ្សែក្រវាត់ខាងលើ៕
Tag:
ប្រដាល់គុនខ្មែរ
សុខ ធី
© រក្សាសិទ្ធិដោយ thmeythmey.com