អន្តរជាតិ
ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​៖ រូង​ក្រោម​ដី​, ស្ថានីយ៍​រថភ្លើង តំបន់​គ្មាន​យោធា ជា​គោលដៅ​ទេសចរ​ដ៏​ទាក់ទាញ​
08, Dec 2018 , 2:02 pm        
រូបភាព
​សេ​អ៊ូ​ល​៖ ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ ជា​តំបន់​គ្រោះថ្នាក់​មួយ និង​ជា​កន្លែង​ប្រឈមមុខ​ផ្នែក​យោធា​ដ៏​ធំ និង​មាន​សកម្មភាព​ខ្លាំងជាងគេ​មួយ​ដែរ​លើ​ពិភពលោក​។ ប៉ុន្តែ​តំបន់​នេះ ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព និង​គួរ​ឲ្យ​ទាក់ទាញ​មួយ​ដែរ ដោយ​ភ្ញៀវទេសចរ​មិនតិច​ឡើយ​មកពី​សឹង​គ្រប់ទិសទី​ក្នុង​មួយៗ​ឆ្នាំ បាន​ទៅ​ទស្សនា​តំបន់​មួយ​នេះ​។ ស្ថានីយ៍​រថភ្លើង រូង​ក្រោម​ដីជី​កដោយ​កូរ៉េខាងជើង និង​ទីតាំង​មើល​ទេសភាព ជា​គោលដៅ​ដែល​ស្រូបយក​ទេសចរ​មិនចេះ​ដាច់​។​

 
​ឧបទ្វីប​កូរ៉េ ត្រូវបាន​បែងចែក​ជា​ពីរ​ជា​ផ្លូវការ​ក្រោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ។ ចាប់ពីពេលនោះ​មក តំបន់​នេះ​ក្លាយជា​ទីតាំង​ដ៏​គ្រោះថ្នាក់​មួយ និង​មាន​ទាហាន​ពង្រាយ​ជាច្រើន​មកពី​ភាគី​ទាំងសងខាង ក៏ដូចជា​ទាហាន​អន្តរជាតិ​ចំណុះ​អង្គការសហប្រជាជាតិ​ដែល​ឃ្លាំមើល​ការអនុវត្ត​បទ​ឈប់​បាញ់​ដែរ​។ 

 
​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​មាន​គោលដៅ​បី​ដែលមាន​អ្នក​ទៅ​ទស្សនា​មិនចេះ​ដាច់​។ ទីមួយ គឺ​ស្ថានីយ៍​រថភ្លើង Dorasan ដែល​នៅ​មិន​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន​ឡើយ​។ ស្ថានីយ៍​នេះ បើក​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០២ បន្ទាប់ពី​កូរ៉េ​ទាំងពីរ​ប្រកាស​ភ្ជាប់​ខ្សែ​រថភ្លើង​គ្នា​។ Dorasan មាន​ចម្ងាយ​៥៦​គីឡូម៉ែត្រ​ពី​ស្ថានីយ៍​សេ​អ៊ូ​ល ចម្ងាយ​១៧​គីឡូម៉ែត្រ​ពី​ស្ថានីយ៍ Gaesong ដែលជា​តំបន់ឧស្សាហកម្ម​ក្នុង​ទឹកដី​កូរ៉េខាងជើង និង​ចម្ងាយ​២០៥​គីឡូម៉ែត្រ​ពី​ស្ថានីយ៍​ព្យុងយ៉ាង​។ 

 
​ខណៈ​កូរ៉េ​ទាំងពីរ​កំពុង​សិក្សា​លើ​ស្ថានភាព​ផ្លូវដែក​រួមគ្នា​នោះ ស្ថានីយ៍ Dorasan បាន​ក្លាយជា​គោលដៅ​ទាក់ទាញ​ចំណាប់អារម្មណ៍​នោះ​។ នោះ​ក៏​ព្រោះតែ ស្ថានីយ៍​នេះ​នឹង​ក្លាយជា​ច្រក​ទៅកាន់​តំបន់​អាស៊ី​បូព៌ា​ដ៏​ធំ​ល្វឹងល្វើយ ពេល​ប្រព័ន្ធ​ខ្សែ​រថភ្លើង​អន្តរ​កូរ៉េ ត្រូវជា​ភ្ជាប់​ជាមួយ​បណ្ដា​យ​ផ្លូវ​រថភ្លើង​ចិន និង​ប្រព័ន្ធ​រថភ្លើង​រុស្ស៊ី ដែលជា​បង្កើត​ទៅជា​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ដ៏​ធំ​មួយ​នៅ​តំបន់​អឺ​រ៉ាស៊ី​នៅ​ថ្ងៃ​អនាគត​។ 


 
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានីយ៍ Dorasan គឺ​ទីតាំង​សង្កេត​ដែល​ស្ថិត​លើ​កំពូលភ្នំ​មួយ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​។ ផ្លូវ​ទៅកាន់​ទីនោះ អម​ព័ទ្ធ​ដោយ​របង​បន្លា​លួស​ខ្ពស់​។ អាគារ​លើ​ភ្នំ គេ​អាច​មើលឃើញ​ទឹកដី​កូរ៉េខាងជើង​យ៉ាងច្បាស់ ជាពិសេស​ទីក្រុង​ឧស្សាហកម្ម​កេ​សុង ដែលជា​និមិត្តរូប​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ទាំងពីរ ប៉ុន្តែ​ត្រូវបាន​បិទ​ដោយសារ​ការឡើង​កម្ដៅ​ក្នុង​ទំនាក់ទំនង​អន្តរ​កូរ៉េ​។ 


 
​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​មួយទៀត គឺ​រូង​ក្រោម​ដី​ទី​បី​។ មាន​ទីតាំង​ក្នុង​តំបន់​គ្មាន​យោធា រូង​ក្រោម​ដី​ទី​បី​នេះ ត្រូវបាន​ជីក​ដោយ​កូរ៉េខាងជើង និង​ត្រូវបាន​កូរ៉េខាងត្បូង​រកឃើញ​ដោយ​ចៃដន្យ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ។ កូរ៉េខាងត្បូង​ចោទ​កូរ៉េខាងជើង​ថា ជីក​រូង​ក្រោម​ដី​នេះ​ដើម្បី​ឈ្លានពាន​ខ្លួន តែ​កូរ៉េខាងជើង​អះអាងថា ជា​ប្រតិបត្តិ​ការជីក​រក​រ៉ែ​ប៉ុណ្ណោះ​។ រូង​នេះ​មាន​ប្រវែង​១៦៣៥​ម៉ែត្រ ជម្រៅ​៧៣​ម៉ែត្រ​ពី​ផ្ទៃដី និង​មាន​កម្ពស់​២​ម៉ែត្រ​។​
 
​ដោយឡែក តំបន់​សន្តិសុខ​រួម (JSA) ដែល​ស្ថិត​ក្នុងភូមិ​ប៉ាន់​មុន​ជុមនោះ ត្រូវបាន​បិទ​មិន​ឲ្យ​មានការ​ចេញចូល​ឡើយ​សព្វថ្ងៃនេះ​។ មន្ត្រី​កូរ៉េ​ទាំងពីរ និង​មន្ត្រី​អង្គការសហប្រជាជាតិ ជួបគ្នា​នៅ​ទីនោះ​ដើម្បី​ជជែក​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​រវាង​កូរ៉េ​ទាំងពីរ ជុំវិញ​ការដក​អាវុធ​ចេញពី JSA ។ គេ​រំពឹងថា ក្រោយ​រំសាយ​អាវុធ ទេសចរ​អាចធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​ដោយ​គ្មាន​បារម្ភ​ពី​គ្រោះថ្នាក់​អ្វី​ឡើយ​៕ 
 





Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com