ចំនួនមនុស្សស្លាប់ដែលសារអំពើភេរវកម្មបានធ្លាក់ចុះ២៧ភាគរយនៅឆ្នាំ២០១៧ ពោលគឺមានចំនួន១៨ ៨១៤នាក់។ នេះបើតាមរបាយការណ៍ Global Terrorism Index 2018 របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (Institute for Economics & Peace) ដែលមានទីស្នាក់ការកណ្តាលនៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
របាយការណ៍បង្ហាញថា អំពើភេរវកម្មបានបង្កឲ្យខាតថវិកាប្រមាណ៥២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧ ដោយថយចុះ៤២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។ ថវិកាទាំងនោះ ត្រូវបានប្រើប្រាស់ទៅលើជនរងគ្រោះដែលស្លាប់ និងរបួស ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ ការខាតបង់ដោយអំពើភេរវកម្ម មានចំណែកតែ០,៤ភាគរយប៉ុណ្ណោះក្នុងចំណោមអំពើហិង្សានានាលើពិភពលោក ដែលក្នុងនោះមានដូចជា ឃាតកម្ម ទំនាស់ប្រដាប់អាវុធ និងជម្លោះផ្សេងៗទៀត។
អឺរ៉ុបរងប៉ះពាល់តិចជាងគេ បើប្រៀបធៀបទៅនឹងទ្វីបផ្សេងទៀតលើពិភពលោក។ នៅអឺរ៉ុប ចំនួនអ្នកស្លាប់បានថយពី១៦៨នាក់នៅឆ្នាំ២០១៦ មក៨១នាក់នៅឆ្នាំ២០១៧ ដោយបារាំង បែលហ្ស៊ិក និងអាល្លឺម៉ង់ មានចំណុចវិជ្ជមានដ៏គួរឲ្យកត់សម្គាល់។
កាលពីឆ្នាំ២០១៧កន្លងមក សូម៉ាលី និងអេហ្ស៊ីប ជួបការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្សដ៏ច្រើនបំផុត ដោយ៥៨៧នាក់នៅសូម៉ាលី និង៣១១នាក់នៅអេហ្ស៊ីប ចំណែកបណ្តាប្រទេសនៅអាស៊ីកណ្តាល មជ្ឈឹមបូព៌ា និងអាហ្វ្រិក ជួបបញ្ហាភេរវកម្មញឹកញាប់ជាងគេ។
ក្រុម ISIS ជាក្រុមដែលបង្កគ្រោះថ្នាក់ជាងគេ បន្ទាប់មកមាន ក្រុមតាលីបង់, Shebab, Boko Haram ជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រុមភេរវកម្មបានចាប់ផ្តើមរាលដាលទៅកាន់តំបន់ផ្សេងដូចជា តំបន់ Maghreb, Sahel រួមទាំងហ្វីលីពីន ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។
អាហ្វហ្គានីស្ថាន
ប្រទេស៦ដែលរងផលប៉ះពាល់កម្រិតខ្ពស់បំផុតរួមមាន អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន, នីហ្សេរីយ៉ា, ស៊ីរី, ប៉ាគីស្ថាន និងសូម៉ាលី រីឯ១៧ប្រទេសទៀត រងផលប៉ះពាល់កម្រិតខ្ពស់ ដែលក្នុងនោះរួមមាន ឥណ្ឌា, យ៉េមែន, អេហ្ស៊ីប, ហ្វីលីពីន, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, តួកគី, លីប៊ី, ស៊ូដង់ខាងត្បូង, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, កាមេរូន, ថៃ, ស៊ូដង់, កេនយ៉ា, សហរដ្ឋអាមេរិក, អ៊ុយក្រែន, ម៉ាលី និងនីហ្សេ។
នីហ្សេរីយ៉ា
ស៊ូដង់
កាមេរូន
មីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមប្រទេសចំនួន២៧ដែលរងការប៉ះពាល់កម្រិតមធ្យម ដោយប្រទេសផ្សេងទៀតរួមមាន បង់ក្លាដែស, អេត្យូពី, កូឡុំប៊ី, អង់គ្លេស, អារ៉ាប៊ីសាអូឌីត, បារាំង, ប៉ាឡេស្ទីន, ប៊ូរុងឌី, ណេប៉ាល់, រុស្ស៊ី, លីបង់, ចិន, បួគីណាហ្វាសូ, ឆាត, អាល្លឺម៉ង់, មូសំប៊ិច, អ៊ីស្រាអែល, ឥណ្ឌូណេស៊ី, អង់ហ្គោឡា, អ៊ីរ៉ង់, ក្រិក, អាហ្វ្រិកខាងត្បូង, ទុយនីស៊ី, បែលហ្ស៊ិក, ស្រីលង្កា និងអេស្ប៉ាញ។
រីឯ២៧ប្រទេសដែលរងការប៉ះពាល់តិចតួចរួមមាន ស៊ុយអែត, អ៊ូហ្គង់ដា, បារ៉ែន, អាល់ហ្សេរី, វេណេស៊ុយអេឡា, ម៉ិកស៊ិក, កាណាដា, ស៊ីលី, ប៉ារ៉ាហ្គាយ, ហ្ស៊កដានី, សាធារណរដ្ឋកុងហ្គោ, តង់ហ្សានី, កូតឌីវ័រ, គូវែត, អៀរឡង់, ប៉េរូ, ជប៉ុន, អូស្ត្រាលី, អ៊ីតាលី ម៉ាឡេស៊ី, កូសូវ៉ូ, ម៉ាដាហ្គាស្កា, ហ្វាំងឡង់, តាហ្ស៊ីគីស្ថាន, កាហ្សាក់ស្ថាន, រវ៉ាន់ដា និងប៉ាពូអាស៊ីនូវែលហ្គីណេ។
កម្ពុជា ឡាវ និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសចំនួន៦០រងផលប៉ះពាល់តិចតួចបំផុត ខណៈប្រទេសមួយទៀត ត្រូវបានវាយតម្លៃថា មិនរងការប៉ះពាល់អ្វីទាល់តែសោះពីអំពើភេរវកម្មដែលក្នុងនោះ មានដូចជា កូរ៉េខាងជើង, គុយបា, សិង្ហបុរី និងទីម័រខាងកើត ជាដើម៕