ជាតិ
សណ្ឋាគារ​មួ​យនៅ​សៀមរាប រៀបចំ​វាលស្រែ​ឲ្យ​ភ្ញៀវ​ទទួលបាន​ពិសោធន៍​ដក​ស្ទូង​
08, Dec 2018 , 10:29 pm        
រូបភាព
​សៀមរាប​៖ ប្រហែល​មាន​ភ្ញៀវទេសចរ​បរទេស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​បទពិសោធន៍​ស្ទូងស្រូវ នៅពេល​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ សណ្ឋាគារ​មួយ​នៅ​ខេត្តសៀមរាប បាន​បង្កើត​វាលស្រែ​មួយ​កន្លែង ឲ្យ​ភ្ញៀវទេសចរ​ដែល​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​ខ្លួន​ចុះ​ស្ទូង​ដោយផ្ទាល់ ដើម្បី​បាន​រៀន​ពី​របៀប​ធ្វើស្រែ​របស់​ពលរដ្ឋ​ខ្មែរ​។

 
​លោកស្រី ឈា ផល្លី ប្រធាន​ផ្នែក​ទទួលភ្ញៀវ និង​គេហកិច្ច នៃ​សណ្ឋាគារ ហ៊ីល​ឡក់ បានឱ្យដឹងថា ការរៀប​ចំនេះ គឺ​ដើម្បីឱ្យ​ភ្ញៀវ​ស្គាល់ និង​យល់​ពី​របៀប​ធ្វើស្រែ​របស់​ប្រជាជន​ខ្មែរ ក៏ដូចជា​យក​ទេសភាព​ស្អាត ចេញពី​វាលស្រែ​ផងដែរ​។ លោកស្រី​បន្ថែមថា សណ្ឋាគារ​តែង​អញ្ជើញ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ចុះ​ស្ទូង (​ពេល​រដូវ​ស្ទូង​ម្ដងៗ​) ហើយ​ភ្ញៀវ​តែងតែ​រីករាយ​ជាមួយ​សកម្មភាព​នេះ​។ 


 
​បើតាម​លោកស្រី ផល្លី សណ្ឋាគារ​របស់ខ្លួន បាន​ចំណាយ​ដី ៤០០០​ម៉ែត្រការ៉េ​ធ្វើ​វាលស្រែ​នេះ ដែល​មិន​ត្រឹមតែ​ផ្តល់​ពិសោធន៍​ធ្វើស្រែ ទៅដល់​ភ្ញៀវទេសចរ​នោះទេ ប៉ុន្តែ​ទិដ្ឋភាព​វាលស្រែ ក៏​ជួយ​បង្កើន​ភាពស្រស់ស្អាត​នៅក្នុង​សណ្ឋាគារ និង​បរិយាកាស​ស្រស់ស្រាយ​ដល់​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផងដែរ​។​


 
​ក្រៅពី​វាលស្រែ នៅក្នុង​បរិវេណ​សណ្ឋាគារ​ដដែល​នេះ ក៏មាន​រៀបចំ​សួនច្បារ​,​វាលស្មៅ និង​ដាំ​ដើមឈើ​ចម្រុះ​ផងដែរ​។ លើសពីនេះ សណ្ឋាគារ​ក៏បាន​រៀបចំ​សួន​បន្លែ​ខ្នាតតូច​មួយ ដែលមាន​ដាំ​បន្លែ​ចម្រុះ ដូចជា​ស្ពៃ​, ជី​,​ប៉េង​បោះ និង​ត្រសក់ សម្រាប់​ប្រើប្រាស់​ក្នុង​សណ្ឋាគារ​ផងដែរ​៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com