ជាតិ
​តុលាការ នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​មេ​សហជីព​៦​រូប នៅ​ថ្ងៃ​១១​ធ្នូ
08, Dec 2018 , 3:26 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវន​ការ​លើ​សំណុំរឿង​របស់​មេ​សហជីព​ទាំង​៦​រូប ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា តុលាការ​រាជធានី​ភ្នំពេញ ពុំទាន់​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ដោយ​លើក​ពេល​ទៅ​ប្រកាស​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​វិញ​។​


 
​ក្នុង​សាល​សវនាការ នា​ព្រឹក ថ្ងៃទី​៧ ខែធ្នូ​នេះ ដើមបណ្តឹង និង​ជា​ជនរងគ្រោះ លោក ទឹម វុទ្ធី ដែលជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ខណ្ឌ​៧​មករា បានទាមទារ​សំណង​ជំងឺ​ចិត្ត​៤០​លាន​រៀល​។ នេះ​បើ​អ្នកស្រី សារីបុត្រ ចរិយា ប្រធាន​ការពារ​ចុង​បណ្តឹង​។ 
 
​អ្នកស្រី បាន​បន្តថា ចំពោះ​ប្រាក់​សំណង​៤០​លាន​រៀល របស់​ដើមបណ្តឹង​ខាងលើ  គឺ​វា​មិនបាន​បង្ហាញ និង​សំដៅលើ​បុគ្គល​ណា​ម្នាក់ ក្នុងចំណោម​មេ​សហជីព​ទាំង​៦​នាក់ ឬ​ជា​សំណង​រួម​នោះទេ ដោយ​ត្រូវ​រង់ចាំ តុលាការ​ជា​អ្នកសម្រេច​លទ្ធផល​នៅ​ថ្ងៃមុខ​។​
 
​លោក រ៉ុង ឈុន មេ​សហជីព​មួយរូប ក្នុងចំណោម​មេ​សហជីព​ទាំង​៦​រូប ដែល​បាន​ជាប់​បទ​ចោទ​ខាងលើ បាន​មានប្រតិកម្ម ចំពោះ​ការទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​៤០​លាន​រៀល​នេះ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​យើង​មិនបាន​ប្រព្រឹត្ត​ខុស ទៅតាម​បណ្តឹង​របស់​ជនរងគ្រោះ​ទេ ព្រោះ​យើង​មិនបាន​នៅ​កន្លែងកើតហេតុ​។ ចំពោះ​ការដឹកនាំ​ធ្វើ​កូដកម្ម​ហ្នឹង ក្នុង​គោលបំណង​តែមួយគត់ គឺ​ទាមទារ​ប្រាក់​ឈ្មួ​ល​ឲ្យ​កម្មករ​។ ពេល​ទទួល​បណ្តឹង និង​ត្រូវ​ទាមទារ​ឲ្យ​បង់ប្រាក់​បែប​ហ្នឹង វា​គឺជា​រឿង​អ​យុ​តិ្ត​ធម៌ សម្រាប់​ពួក​ខ្ញុំ​។ ហើយ​អ្វីដែល​យើង​ចង់បាន គឺ​ការ​ទម្លាប់​បទ​ចោទ​ទាំងស្រុង ដោយ​គ្មាន​លក្ខខណ្ឌ​»​។​
 
​សូមបញ្ជាក់ថា មេ​សហជីព​ទាំង​៦​រូប គឺ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,  លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​, លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​, លោក រ៉ុ​ន ឈុន  ប្រធាន​សហភាព​សហជីព​កម្ពុជា​, អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​៕
 

Tag:
 ​សហជីព​
  សាលក្រម​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com