ភ្នំពេញ៖ ក្នុងអំឡុងពេលសិក្សានៅតាមសាកលវិទ្យាល័យនានា និស្សិតគ្រប់រូប គួរសង្វាតធ្វើកិច្ចការងារស្ម័គ្រចិត្តឲ្យបានច្រើន ជាពិសេសពួកគេ ត្រូវតែជ្រើសរើសការងារស្ម័គ្រចិត្តណាដែលត្រូវនឹងជំនាញរបស់ពួកគេ ដើម្បីទុកជាទុន សម្រាប់អនុវត្តការងារដែលពួកគេពេញចិត្ត ដើម្បីជួយអភិវឌ្ឍសង្គម។
ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិលើកទី៨ ស្តីពីការងារស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសហគមន៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោក តាំង សុផាណារ័ត្ន ប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន បានលើកឡើងថា យុវជនដែលធ្វើការស្ម័គ្រចិត្តទាំងអស់ តាមរយៈអង្គការក្រៅរដ្ឋាភិបាល ឬអង្គការនានា ដែលពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្ត គឺផ្តល់ឲ្យយុវជនមានភាពរឹងមាំ មានសីលធម៌ល្អ និងមានគុណតម្លៃល្អក្នុងការរស់នៅ។
លោក បានបញ្ជាក់ថា៖«ប្រសិនបើយុវជន មិនមានការឆ្លងកាត់ធ្វើការងារស្ម័គ្រចិត្តនោះទេ ពួកគេមិនមានលទ្ធភាពដោះស្រាយបញ្ហាប្រឈម និងមិនមានតម្លៃគ្រប់គ្រាន់ ក្នុងការរស់នៅរបស់ពួកគេម្នាក់ៗឡើយ។ អ្វីដែលទាក់ទងនឹងការងារស្ម័គ្រចិត្តនៅកម្ពុជា យុវជនគួរណាស់តែចូលរួមទាំងអស់គ្នា ព្រោះវាមានសារៈសំខាន់ណាស់ ជួយឲ្យយើងមានឱកាសពង្រឹងសមត្ថភាពក្នុងការធ្វើកិច្ចការងារសង្គម»។
កញ្ញា ហៀង វណ្ណារី និស្សិតរៀននៅសាកលវិទ្យាបច្ចេកវិទ្យាកម្ពុជា ដែលបានទៅចូលរួមក្នុងវេទិកានេះ បានប្រាប់សារព័ត៌មានថ្មីៗថា ពេលវិស្សមកាល កញ្ញា បានចំណាយពេលទៅធ្វើការស្ម័គ្រចិត្តនៅអង្គការក្រៅរដ្ឋាភិបាល ដែលជាឱកាសល្អសម្រាប់ឲ្យកញ្ញា អាចយកជំនាញដែលកំពុងរៀន យកទៅអនុវត្ត ដើម្បីពង្រឹងសមត្ថភាពបន្ថែម សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារនៅពេលអនាគត។
ជានិស្សិតរៀនជំនាញផ្នែកបច្ចេកវិទ្យាទាក់ទងនឹងបញ្ហាទឹកស្អាត និងអនាម័យ កញ្ញា ហៀង សុវណ្ណារី បានបញ្ជាក់ថា៖«និយាយទៅ ខ្ញុំបានធ្វើការងារស្ម័គ្រចិត្ត គឺខ្ញុំអាចយកជំនាញ ឬទ្រឹស្តីដែលខ្ញុំរៀននៅសាលា ដើម្បីទៅអនុវត្តដោយផ្ទាល់ ក្នុងសហគមន៍តែម្តង។ ក្រៅពីបទពិសោធន៍ដែលខ្ញុំទទួលបានពីការស្ម័គ្រចិត្តកន្លងមក ធ្វើឲ្យខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងសង្គម និងធ្វើឲ្យខ្ញុំមានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបញ្ហានានា នៅពេលយើងជួបផងដែរ»។
និស្សិតរូបនេះ បានបន្ថែមថា៖«ថ្វីដ្បិតការងារស្ម័គ្រចិត្ត មិនបានផ្តល់ថវិកាដល់យើង ប៉ុន្តែយើងនៅតែធ្វើវា ដោយសារវាបានធ្វើឲ្យយើងទទួលបានជំនាញទន់ មានដូចជា ភាពជាអ្នកដឹកនាំ មានសាមគ្គីភាព ទំនាក់ទំនងល្អ ការធ្វើការងារជាក្រុម នឹងអាចដោះស្រាយបញ្ហាផ្សេងៗដែលយើងជួបប្រទះ ឬបញ្ហាសង្គមផងដែរ។ និយាយមែនទែនទៅ មានតែការងារស្ម័គ្រចិត្តតែប៉ុណ្ណោះ ដែលធ្វើឲ្យខ្ញុំអាចបញ្ចេញសមត្ថភាព ឬចំណេះដឹងដែលខ្ញុំមាន និងអាចបំពេញចំណុចខ្វះខាតបន្ថែមទៀតផងដែរ»។
ដោយឡែក កញ្ញា អេង ស្រីណុច និស្សិតផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច គិតថាការងារស្ម័គ្រចិត្ត គឺជាការធ្វើការងារ ដែលយើងពេញចិត្តធ្វើដោយខ្លួនឯង គ្មាននរណាមកបង្ខំឲ្យធ្វើនោះទេ។ កញ្ញា អេង ស្រីណុច អះអាងថា ការងារស្ម័គ្រចិត្តរបស់កញ្ញា គឺត្រូវនឹងជំនាញរបស់កញ្ញាកំពុងរៀន។
កញ្ញា បញ្ជាក់ថា៖«មិនមែនតែខ្ញុំស្ម័គ្រចិត្ត ទៅតាមជំនាញរបស់ខ្លួនឯងនោះទេ ប៉ុន្តែការងារស្ម័គ្រចិត្តផ្សេងទៀតក៏ខ្ញុំចូលរួមដែរ។ តាមរយៈការងារស្ម័គ្រចិត្ត បានផ្លាស់ប្តូរខ្ញុំឲ្យក្លាយជាមនុស្សម្នាក់ក្លាហាន ប្រឈមមុខនឹងមនុស្សជាច្រើន ហើយធ្វើឲ្យខ្ញុំទទួលបានជំនាញជាច្រើនដែលខ្ញុំមិនធ្លាប់បានជួប»។
និស្សិតរូបនេះ ចង់ឲ្យយុវជនដទៃទៀត ឆ្លៀតចំណាយពេល ទៅចូលរួមធ្វើការស្ម័គ្រចិត្ត ដើម្បីទុកជាទុនមួយ សម្រាប់អភិវឌ្ឍខ្លួនឯង និងសង្គមទាំងមូល។
សូមបញ្ជាក់ថា វេទិកាថ្នាក់ជាតិស្តីពី «ការស្ម័គ្រចិត្តដើម្បីសហគមន៍យើង» ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការស្ម័គ្រចិត្តសហប្រជាជាតិ រួមជាមួយអង្គការផ្សេងទៀតដែលពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្ត នេះគឺជាមធ្យោបាយដ៏សំខាន់ សម្រាប់ យុវជន ក្នុងការផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងកម្ពុជា និងជាការលើកកម្ពស់ការងារស្ម័គ្រចិត្ត ជាមួយអង្គការពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្ត ដើម្បីចែករំលែកបទពិសោធន៍ ជួយដល់សង្គម៕