អន្តរជាតិ
របាយការណ៍​៖ ព្រោះ​ខួរក្បាល​ស្ត្រី​សកម្ម​ជាង​ខួរក្បាល​បុរស ទើប​ស្ត្រី​ងាយ​មានជំងឺ​ភ័យខ្លាច និង​បាក់​ទឹកចិត្ត​
09, Dec 2018 , 8:59 am        
រូបភាព
​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​សិក្សា​លើ​ខួរក្បាល​មនុស្ស​ប្រមាណ ៤៦០០០​នាក់​ដោយ​ការប្រើ​ឧបករណ៍​ស្កែ​ន​ទំនើបៗ បាន​ទាញ​សេចក្តី​សន្និដ្ឋានថា ខួរក្បាល​របស់​ស្ត្រី​មាន​លក្ខណៈ​សកម្ម​ជាង​ខួរក្បាល​របស់​បុរស​។


 
​របាយការណ៍​ស្តីពី​ភាព​សកម្ម​នៃ​ខួរក្បាល​មនុស្ស​នេះ​ចងក្រង​ឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​គ្លីនិក Amen នៃ​កាលីហ្វ័រ​នីញ៉ា និង​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum)​ថ្មីៗ​។​
 
​របាយការណ៍​ដដែល​នេះ​បានបញ្ជាក់ ដោយ​សារភាព​សកម្ម​ដែលមាន​នៅក្នុង​ខួរក្បាល​របស់​ស្ត្រី​នេះហើយ ទើប​ជំងឺ​មួយចំនួន​ដូចជា​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ភ័យខ្លាច ជំងឺ​គេង​មិនសូវ​លក់ និង​ការហូប​អាហារ​មិនបាន​ទៀងទាត់​ភាគច្រើន​តែង​កើតមាន​នៅលើ​ស្ត្រីភេទ​។ 
 
​ការសិក្សា​ពី​ភាពខុសគ្នា​ក្នុង​ខួរក្បាល​បុរស និង​ស្ត្រី​នេះ​ដែលមាន​សារសំខាន់​ណាស់ ដ្បិត​វា​ជួយ​ឲ្យ​អ្នកស្រាវជ្រាវ​ខាង​ផ្នែក​សុខភាព និង​វេជ្ជបណ្ឌិត​នានា​កាន់តែ​ងាយស្រួល​ក្នុងការ​ព្យ​បាល​ជំងឺ​ដែល​កើតមាន​ជារឿយៗ​ទាក់ទង​នឹង​ខួរក្បាល​របស់​មនុស្ស​។ 
 
​ភាព​សកម្ម​នៃ​ខួរក្បាល​មនុស្ស​ស្រី​អំណោយផល​ដល់​ការ​គ្រប់​គ្រង់​អារម្មណ៍​និង​រឿងរ៉ាវ​ដែល​ទាក់ទង​ទៅនឹង​ផ្លូវចិត្ត​។ ប៉ុន្តែ​ភាព​សកម្ម​នៃ​ខួរក្បាល​របស់​មនុស្ស​ប្រុស​វិញ​នោះ​អំណោយផល​ដល់​ចក្ខុវិញ្ញាណ​ដែរ​។​
 
​តាមពិតទៅ របាយការណ៍​ស្រាវជ្រាវ​នេះ​បាន​ធ្វើឡើង​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត ដែល​នៅ​ក្នុងនោះ​មាន​ទាំង​អ្នកជំងឺ និង​អ្នកមាន​សុខភាព​មាំមួន​។ ពួកគេ​ធ្វើ​សកម្មភាព​សាមញ្ញ​មួយចំនួន​ក្នុង​បន្ទប់ពិសោធន៍ ហើយ​អ្នកស្រាវជ្រាវ​បាន​ប្រើ​ឧបករណ៍​ពិនិត្យ​ខួរក្បាល​ពិសេស​ម្យ៉ាង​ដែលមាន​ឈ្មោះថា Single photon emission computed tomography (SPECT) ដើម្បី​ចាប់យក​បរិមាណ​លំ​ហូរឈាម​នៅក្នុង​ផ្នែក​នីមួយៗ​នៃ​ខួរក្បាល​។
 
​វេជ្ជបណ្ឌិត Gina Rippon មកពី​វិទ្យាល័យ Ashton ដែល​សិក្សា​ខាង​ផ្នែក​ខួរក្បាល​មនុស្ស​បាន​និយាយថា ការសិក្សា​នេះ​នៅតែមាន​ភាពលំបាក​សម្រាប់​អ្នកវិទ្យាសាស្ត្រ ព្រោះ​ខួរក្បាល​គឺជា​សារី​រា​ង្គ​មួយ​ដែល​ពិបាក​ក្នុងការ​ស្រាវជ្រាវ​ជាងគេ​ក្នុង​រា​ង្គ​កាយ​មនុស្ស ហើយ​វា​អាចមាន​ការផ្លាស់ប្តូ​ររ​ហ័ស​អាស្រ័យ​លើក​ត្តា​សង្គម កត្តា​គ្រួសារ ការអប់រំ រួមទាំង​អាហារ​ហូបចុក​ផងដែរ​។ 

Tag:
 ​សុខភាព​
  ខួរក្បាល​
 ​បុរស​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com