ជាតិ
សិល្បះ
លោក ព្រាប ចាន់​ម៉ា​រ៉ា​៖​ប្រជាជន​ក្នុង​ប្រទេសមួយ​មាន​កាតព្វកិច្ច​ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ​
09, Dec 2018 , 9:59 am        
រូបភាព
លោក​ ព្រាប ចាន់ម៉ារ៉ា
លោក​ ព្រាប ចាន់ម៉ារ៉ា
​ភ្នំពេញ​៖ ថ្លែង​ក្នុង​បាឋកថា​ស្ដីពី​ល្ខោនខោល​ខ្មែរ លោក ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា បានបង្ហាញ​ភស្តុតាង​ជាច្រើន តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពី​សិលាចារឹក ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​ជាច្រើន និង​គំនូរ​បុរាណ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ពី​ចរន្ត​ជីវិត​សិល្បៈ​ល្ខោនខោល ក្នុង​ជីវភាព​របស់​ប្រជាជន​។ លោក​ថា តាំងពី​បុរាណ ដូនតា​អាចបង្កើត និង​ថែរក្សា​ល្ខោន​នេះ​បាន ក្មេងជំនាន់ក្រោយ ក៏មាន​កាតព្វកិច្ច​ថែរក្សា​បន្ត​ដែរ​។


 
​ក្នុង​បាឋកថា​ល្ខោនខោល​ខ្មែរ លោក ព្រាប ចាន់​ម៉ា​រ៉ា បានបង្ហាញ​ភស្តុតាង​ជាច្រើន មាន​តាំងពី​សិលាចារឹក ចម្លាក់​ជាច្រើន​រាប់មិនអស់​នៅតាម​ជញ្ជាំង​ប្រាសាទ  គំនូរ​បុរាណ​ផ្សេងៗ និង​រូបថត​ជាច្រើន ដែលមាន​តាំងពី​សម័យ​បារាំង ដែល​បញ្ជាក់ថា ល្ខោនខោល​មាន​តាំង​ពីមុន​សម័យអង្គរ​។ លោក​សង្កត់ធ្ងន់ថា ដូនតា​ខ្មែរ​បាន​បង្កើត​ល្ខោនខោល តាំងពី​រាប់ពាន់​ឆ្នាំមុន និង​បាន​ថែរក្សា​មកដល់​បច្ចុប្បន្ន​។ ដូច្នេះ​ចាប់ពី​ជំនាន់​នេះ​ទៅមុខ ជា​តួនាទី​របស់​ក្មេងជំនាន់ក្រោយ​រ៉ាប់រង​បន្ត​។ «​រាប់រយ​រាប់ពាន់​ឆ្នាំមុន គេ​អាច​ថែរក្សា​បាន ចុះ​ហេតុ​អី មក​ត្រូវ​បាត់​ត្រឹម​យើង​។ យើង​ហ្នឹង​អី​ក៏​ចោលម្សៀត​ម្ល៉េះ​។ ខ្ញុំ​ចូលចិត្ត​និយាយ​លាយ​កំប្លែង​បែបនេះ តែ​វា​ជា​រឿង​ពិត​។ យើង​ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ព្រាប ចាន់​ម៉ា​រ៉ា​។​


 
​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​រូបនេះ បន្ថែមថា ប្រជាជន​ក្នុង​ប្រទេសមួយ មាន​កាតព្វកិច្ច ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ មិនមែន​ត្រូវ​ឱ្យគេ​ជំរុញ ឬ​សំណូមពរ​ឱ្យ​ចូលរួម​ថែរក្សា​នោះឡើយ​។ លោក ព្រាប ចាន់​ម៉ា​រ៉ា បញ្ជាក់​៖« តាម​ភាសា​បច្ចេកទេស​សិល្បៈ ប្រជាជន​ក្នុង​ប្រទេសមួយ ត្រូវមាន​កាតព្វកិច្ច​ថែរក្សា​និង​ការពារ​សិល្បៈ​របស់ខ្លួន​»​។​
 
​ពី​ដើម​ល្ខោនខោល មាន​សម្ដែង​ក្នុង​ព្រះរាជ​ពិធី​ឡើង​សោយរាជ្យ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះរាជ​ពិធីបុណ្យ​តាំងតុ (​ឥឡូវ​ធ្វើ​ច្រត់ព្រះនង្គ័ល​) ព្រះរាជ​ពិធីបុណ្យ​អំ​ទូក ព្រះ​រាជពិធី​ចម្រើន​ព្រះកេសា (​កោរ​ជុក​) ព្រះរាជបុត្រ ក្បួន​ព្រះ​រាជពិធី​ហែ​ព្រះ​បរមសព ព្រះរាជ​ពិធីបុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព និង​ព្រះរាជ​ពិធីបួងសួង​ផ្សេងៗ​។ ទាំងនេះ សុទ្ធសឹង​ជា​ពិធី​របស់​ព្រះមហាក្សត្រ​។​
​ចំណែក​ទំនៀម​អ្នកស្រុក​ទូទៅ​វិញ គេ​សម្ដែង​ក្នុង​ពិធីបុណ្យ​បញ្ចុះសីមា​ឆ្លង​ព្រះវិហារ បុណ្យចម្រើនព្រះជន្ម​ព្រះសង្ឃរាជ ឬ​ចៅអធិការ​វត្ត បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេចព្រះសង្ឃរាជ បុណ្យ​រំលាយ​ព្រះ​សព​ព្រះចៅអធិការ​វត្ត​។ រីឯ​បុណ្យ​ភូមិ សម្ដែង​ដើម្បី​សុំ​ទឹកភ្លៀង បណ្ដេញ​ចង្រៃ ឬ​ជំងឺ​រាតត្បាត​...​ពិធី​ថ្វាយ​អ្នកតា (​អស់លោក​បង់​បទ​...) ពិធីបួងសួង​បន់ស្រន់​ផ្សេងៗ និង​ពិធី​សំពះគ្រូ​។​ល​។ នេះ​បើ​យោងតាម​ឯកសារ​ស្រាវជ្រាវ ដែល​លោក ព្រាប ចាន់​ម៉ា​រ៉ា ប្រមូលបាន និង​បានបង្ហាញ ក្នុង​បាឋកថា​នៅ​ថ្ងៃទី​៦​ខែ​ឆ្នូ​ឆ្នាំ​២០១៨៕ 
 

Tag:
 ភ្នំពេញ​
 ​បាឋកថា​
  ល្ខោនខោល​
 ​របាំ​
 ​ព្រាប ចាន់​ម៉ា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com