អ្នកភូមិ​កំពង់​ឃ្លាំង​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រើស​សំរាម​ដែល​ទើរ​លើ​ដើមឈើ​
ជាតិ
អ្នកភូមិ​កំពង់​ឃ្លាំង​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រើស​សំរាម​ដែល​ទើរ​លើ​ដើមឈើ​
09, Dec 2018 , 1:59 pm        
រូបភាព
​សៀមរាប​៖ សហគមន៍​ឃុំ​កំពង់​ឃ្លាំង បានរៀបចំ​យុទ្ធនា​ទ្រង់ទ្រាយ​មួយ​ដើម្បី​សម្អាត​បរិស្ថាន​ក្នុង​បឹង​ទន្លេសាប សំអាត​សំរាម​នៅតាម​ផ្លូវ និង​ទីសាធារណៈ​។ យុទ្ធនាការ​នេះ ផ្តោត​សំខាន់​លើ​ការ​ដោះ​សំរាម​ដែល​ទើរ​លើ​ដើមឈើ​ក្រោយ​ទឹក​ស្រក​។ អង្គការ​មួយ​ដែល​ផ្តួចផ្តើម​ឱ្យមាន​យុទ្ធនាការ​នេះ គឺ​ចង់យក​សហគមន៍​កំពង់​ឃ្លាំង​ធ្វើជា​គំរូ​ផ្នែក​បរិស្ថាន ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​ជីវៈចម្រុះ​ក្នុង​បឹង​ទន្លេសាប​។​

 
​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​កំពង់​ឃ្លាំង​ជិត​មួយ​ពាន់​នាក់ បានធ្វើ​ដំណើរ​តាម​កាណូត​ទូក រួម​និង​សម្ភារ​រើស​សំរាម​កាន់​នៅក្នុង​ដៃ ជិះ​សំដៅ​ទៅកាន់​ព្រៃ​សហគមន៍​មួយកន្លែង ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​ថង់​ប្លា​ស្ទិ​ក​។ បើ​គេ​មើល​ពី​ចម្ងាយ គេ​នឹង​អាច​ច្រឡំ​ទៅនឹង​សំបុក​សត្វ​ម្យ៉ាង តែ​ជាក់ស្ដែង​វា​ជា​ថង់​ប្លា​ស្ទិ​ក ដែល​បាន​អណ្ដែត​នៅ​រដូវ​ទឹក​ឡើង ហើយ​បាន​ទើរ​នៅតាម​មែកឈើ​នៅ​រដូវ​ទឹក​ស្រក​។​


 
​ខុសពី​ការសម្អាត​បរិស្ថាន​នៅលើ​ដី ការសម្អាត​បរិស្ថាន​ដោយ​ជិះទូក ថ្ពក់​យក​បា្ល​ស្ទិ​ក​ពី​មែកឈើ ច្បាស់​ជា​មិន​ស្រួល​ឡើយ​។ យ៉ាងណា អ្នកភូមិ​កំពង់​ឃ្លាំង​បានធ្វើ​ការងារ​នេះ​ដោយ​អំណត់ និង​ទទួលបាន​ជោគជ័យ គឺ​សំរាម​ប្លា​ស្ទិ​ក​ដែល​មិន​រលួយ​ជាច្រើន ត្រូវបាន​ដោះចេញ​ពី​ដើមឈើ និង​បង្កើន​សោភ័ណ នៅ​ទីនោះ​កាន់តែ​ទាក់ទាញ​។​


 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ដែល​រៀបចំ​យុទ្ធនាការ​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ បានឱ្យដឹងថា យុទ្ធនាការ​នេះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា ពិធីបុណ្យ​ទឹកសម្រក​ទន្លេសាប គឺ​ដើម្បី​ប្រមូល​សំរាម ពិសេស​ថង់​ប្លា​ស្ទិ​ក​ដែល​សល់ ទើរ​នៅតាម​ដើមឈើ​ពេល​ទឹក​ស្រក​ទៅវិញ ហើយ​វា​មិនបាន​ទៅតាម​ទឹក​។​




 
​ក្នុង​យុទ្ធនាការ​នៅ​ថ្ងៃ​ដដែល​នោះ សំរាម​ដែល​ប្រមូលបាន​ត្រូវបាន​គេ​បែង​ចែកជា​ពីរ​ប្រភេទ គឺមាន​សំរាម​កង្វក់ និង​សំរាម​ស្អាត​។ សំរាម​ស្អាត សំដៅលើ​ថង់​ប្លា​ស្ទិ​ក សំបក​ដប​ផ្សេងៗ ដែល​វា​ត្រូវបាន​គេ​ញែក​ទុក​ដោយឡែក ដើម្បី​ទុក​កែច្នៃ​ជាវ​ត្ថុ​សិល្បៈ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ឯ​សំរាម​កង្វក់ ត្រូវបាន​គេ​ដឹកចេញទៅ​កាន់​ទីលាន​ចាក់សំរាម​។ 




 
​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ឃុំ​កំពង់​ឃ្លាំង ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន និង​អង្គការ​អន្ដរជាតិ​ផ្នែក​បរិស្ថាន​ផងដែរ​។ លោក Marc Finsterlin តំណាង​ក្រុមហ៊ុន Pss bl ដែលជា​ក្រុមហ៊ុន​កែច្នៃ​សំរាម​ជា​សម្ភារ​ប្រើប្រាស់ បានឱ្យដឹង​ក្នុង​ពិធី​នោះ​ថា លោក​បានមក​កំពង់​ឃ្លាំង​កាលពី​ខែ​មុន និង​បានឃើញ​សំរាម​ជាច្រើន​ដែល​មិន​មានការ​ទុកដាក់​ត្រឹមត្រូវ​។ លោក Marc បានចាប់ផ្តើម​ធ្វើការ​ងា​រ​នេះ​ជាមួយ​លោក ស៊ា សុផល និង​អាជ្ញាធរ​ឃុំ​កំពង់​ឃ្លាំង ក៏​សម្រេច​រៀបចំ​ឱ្យមាន​កន្លែង​កែច្នៃ​សំរាម​មួយ​ក្នុង​សហគមន៍ មានន័យថា ក្រៅពី​ជួយ​ផ្នែក​បរិស្ថាន សហគមន៍​កំពង់​ឃ្លាំង​ក៏​អា​ចរក​ចំណូល​បន្ថែម​ពី​ការកែច្នៃ​សំរាម​ផងដែរ​។​
 




​គួរ​បញ្ជាក់ថា ក្នុង​យុទ្ធនាការ​នៅថ្ងៃនោះ​ដែរ កម្មវិធី​ទាំងអស់​ត្រូវបាន​រៀបចំ​មិនឱ្យ​មានការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នោះទេ គឺ​ទាំង​សម្ភារ​ប្រើប្រាស់ ការ​វេច​ខ្ចប់​បាយ​ជាដើម គឺ​ផលិត​ចេញពី​ដើម​រុក្ខជាតិ និង​កាក​អំពៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com