អន្តរជាតិ
អង្គភាពប្រឆាំងពុករលួយមីយ៉ាន់ម៉ា៖ មានតែមេដឹកនាំស្អាតស្អំទេ ដែលមិនបណ្តោយឲ្យអ្នកពុករលួយរួចខ្លួន
× ប្រមុខគណៈកម្មាធិការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា បានប្តេជ្ញាចាត់វិធានទប់ស្កាត់ និងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស ជាមួយនឹងសកម្មភាពពិតប្រាកដរហូតដល់បញ្ចប់អាណត្តិនៃរដ្ឋាភិបាល ដែលនៅសល់ត្រឹមតែពីរឆ្នាំទៀតប៉ុណ្ណោះ។ ប្រមុខអង្គភាពមួយនេះ ក៏សន្យាមិនលើកលែងឲ្យបុគ្គលណាមួយ ដែលប្រព្រឹត្តបទល្មើស ហើយរួចខ្លួនបានឡើយ។
ក្នុងវេទិកាជាតិស្តីពីការបង្កើនការទទួលខុសត្រូវដើម្បីទប់ស្កាត់អំពើពុករលួយនៅថ្ងៃ៦ ធ្នូ ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា លោក អ៊ុង យី (Aung Kyi) បានទទួលស្គាល់ថា អំពើពុករលួយមីយ៉ាន់ម៉ា បានចាក់ឬសក្នុងប្រទេសជាយូរណាស់មកហើយ ជាពិសេសនោះ វា ក៏បានក្លាយជាប្រព័ន្ធ រហូតដល់ធ្វើឲ្យប្រជាជនមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះសម្រាប់សេវាធារណៈ។
តែយ៉ាងណាក៏ដោយ ប្រមុខនៃអង្គភាពដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារូបនេះ បានអះអាងរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងធ្វើឲ្យការសន្យាប្រឆាំងអំពើពុករលួយក្លាយជាការពិត ដោយយោងទៅតាមយុទ្ធសាស្ត្រចង្អុលបង្ហាញ។ ជាក់ស្តែង លោក បានលើកពីការបើកការស៊ើបអង្កេតលើមន្ត្រីជនខ្ពស់មួយចំនួនពាក់ព័ន្ធនឹងការទទួលសំណូក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។
តាមប្រភពព័ត៌មានដដែលនេះ ប្រមុខរូបនេះ បានសង្កត់ធ្ងន់ថា៖«គ្មានបុគ្គលណាមួយ អាចរួចផុតពីចំណាត់ការប្រយុទ្ធនឹងអំពើពុករលួយនេះបានឡើយ។ ការធ្វើជាមិនឃើញអំពើពុករលួយ ប្រៀបប្រដូចទៅនឹងការគាំទ្រឲ្យមានអំពើពុករលួយ ឬគាំទ្រជនប្រព្រឹត្តអំពើនោះ។ ជាអាជ្ញាធរ និងអង្គភាពរបស់រដ្ឋាភិបាល ត្រូវតែតាមដានអំពើពុករលួយដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ »។
លោកបន្ថែមទៀតថា មានតែមេដឹកនាំ ដែលមានឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតអំពើពុករលួយនោះទេ ដែលអាចធានាបានថា អ្នកប្រព្រឹត្តអំពើពុករលួយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអាចលើកលែងបានឡើយ។
គួរជម្រាបផងដែរថា ការបោសសម្អាតអំពើពុករលួយ គឺជាគោលនយោបាយអាទិភាពមួយក្នុងចំណោមផ្សេងៗ ដែលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។ កុំថាឡើយ ការទទួលសំណូក សូម្បីតែអំណោយបន្តិចបន្តួច ក៏លោកស្រី អ៊ុងសាន ស៊ូជី ហាមមិនអាចមន្ត្រីក្រោមឱវាទរបស់លោកស្រី ទទួលដែរ៕
Tag:
មីយ៉ាន់ម៉ា
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com