ជាតិ
សិល្បករ​៣​ជំនាន់ នឹង​រួមគ្នា​សម្តែង​ល្ខោន​យីកេ​«​រឿង​ទុំ​ទាវ​»​ជូន​សាធារណជន​ទស្សនា​ឥតគិតថ្លៃ​
09, Dec 2018 , 2:59 pm        
រូបភាព
ភ្នំពេញ​៖​ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ​រឿង​ទុំ​ទាវ ក្រោម​ប្រធានបទ​«​ទុំ​ទាវ​បី​ជំនាន់​» នឹង​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃទី​១០ ខែធ្នូ​នេះ នៅ​សាល​មហោស្រព​ចតុមុខ​។ ជា​ទស្សនីយភាព​ដ៏​កម្រ ដែល​នឹង​ប្រមូលផ្ដុំ​សម្តែង​ដោយ​សិល្បករ​ជំនាន់​ទស្សវត្សរ៍​៦០ និង​៨០ និង​សម័យ​បច្ចុប្បន្ន​ជាង​១០០​នាក់​។​


 
​លោក ប៊ុត ចាន់ណា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បានបញ្ជាក់​ប្រាប់​សា​ព័ត៌មាន​ថ្មីៗ​ថា ការសម្ដែង​នេះ​រៀបចំឡើង​ដើម្បី​រំឭក​ដល់​ការសម្ដែង​របស់​សិល្បក​រ​ចាស់ៗ ដែល​បាន​រួច​ជីវិត​ពី​សម័យ​សង្គ្រាម និង​ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្វែងយល់ ពី​ទម្រង់​សិល្បៈ​ខ្មែរ​ផង​។ បើតាម លោក ចាន់ណា កាលពី​ទសវត្ស​ន៍ទី​៨០ ល្ខោន​យីកេ​ធ្លាប់​សម្ដែង​បាន​ម្ដង​ដែរ ដោយ​គ្រានោះ សិល្បករ​រួច​ជីវិត​ពី​សង្គ្រាម​នៅសល់​តិចតួច​។ លោក ប៊ុត ចាន់ណា​បញ្ជាក់​ដូច្នេះ​៖«​យើង​ចង់ឱ្យ​សិល្ប​ករចាស់ៗ​គាត់​មានការ​សម្ដែង​ជាមួយ​សិល្បករ​ថ្មីៗ ដែល​គាត់​បាន​បង្ហាត់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​នោះ​ឱ្យមាន​ស្នាដៃ​រួមគ្នា​។ យើង​ក៏​ចង់ឱ្យ​ក្មេងជំនាន់ក្រោយ បានដឹង​និង​ស្វែងយល់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​ដែរ​»​។ 
 
​បើតាម លោក ចាន់ណា នាយកដ្ឋាន​សិល្បៈ​ទស្សនី​ភាព នឹង​រៀបចំ​ឲ្យ​មានការ​សម្ដែង​សិល្បៈ​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​ខាងមុខ បើសិន​មានការ​គាំទ្រ​ច្រើន​។​
 
​សូមបញ្ជាក់ថា ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ​រឿង​ទុំ​ទាវ​ដ៏​កម្រ​នេះ ចាប់ផ្តើម​នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​១០ ខែធ្នូ​។ សាធារណជន អាចទាក់ទង​ទៅ​ទូរ​សព្ទ​លេខ 086 97 97 75 និង​លេខ 077 68 76 44 ដើម្បី​ទទួលយក​សំបុត្រ​ដោយ​ឥតគិតថ្លៃ​៕
 

Tag:
 ភ្នំពេញ​
  ល្ខោន​យីកេ​
  សិល្បៈ​បុរាណ​
  ទុំ​ទាវ​
© រក្សាសិទ្ធិដោយ thmeythmey.com