អន្តរជាតិ
រដ្ឋាភិបាល​របប​សឹក​ថៃ ត្រៀម​អំណោយ​សម្រាប់​ពល​រដ្ឋ​ខ្លួន​ពេល​ចូលឆ្នាំ​សកល​
09, Dec 2018 , 3:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ នឹងមាន​កញ្ចប់​អំណោយ​ធំ​មួយ​សម្រាប់​ប្រជាជន​របស់ខ្លួន នាពេល​ឆ្នាំ​ថ្មី​ខាងមុខ​ដ៏​ខ្លី​នេះ​។ អំណោយ​នោះ មិនមែនជា​ការចែកជូន​ប្រជាជន​ទាំងអស់​ទូទាំង​ឡើយ​តែ​ជា​គោលនយោបាយ​ជួយ​ដល់​ប្រជាជន​ក្រី វិស័យ​ពន្ធ និង​ក​សិ​-​ឧស្សាហកម្ម​។ ប៉ុន្តែ​របប​សឹក ក៏បាន​បញ្ជាក់ថា​ផងដែរ នេះ ក៏​មិនមែនជា​ប្រភេទ​អំណោយ​លាយឡំ​ជាមួយនឹង​នយោបាយ​ឡើយ​។​


 
​គណៈរដ្ឋមន្ត្រី​ថៃ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​បើកភ្លើង​ខៀវ​សម្រាប់​គ្រប់​ក្រសួង​ទាំងអស់​របស់​រដ្ឋាភិបាល​ដើម្បី​ត្រៀម​អំណោយ ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជា​អំណោយ​សម្រាប់​ចូលឆ្នាំថ្មី​ដល់​ប្រជាជន​ថៃ​។ អំណោយ​នោះ​គឺ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​សម្រាប់​ជួយ​ប្រជាជន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​៥ ធ្នូ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Puttipong Punnakanta បាន​អះអាងថា គម្រោង​ជាច្រើន​របស់​ក្រសួង​ផ្សេងៗ​គ្នា នឹងត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចូលឆ្នាំថ្មី ពោលគឺ​ឆ្នាំ​សកល​២០១៩ ហើយ គម្រោង​ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជា​អំណោយ​នេះ គឺជា​ទម្លាប់​របស់​រដ្ឋា​ភិ​បាល​តែងតែ​ធ្វើ​រាល់ពេល​ពិសេស​មួយ​នេះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​អ្នកនាំពាក្យ ផែន​ការដែល​រដ្ឋាភិបាល​ថៃ​ចាត់ទុកថា​ជា​អំណោយ​នេះ គឺជា​ការអនុវត្ត​គោលនយោបាយ​ជួយ​ស្រោចស្រង់​ប្រជាជន​ក្រី​ក្រី​, ផ្តល់​ថវិកា​បន្ថែម​សម្រាប់​ប្រជាជន​ចាស់ជរា​, កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​មួយចំនួន និង​ជួយឧបត្ថម្ភ​ជន​ដល់​អ្នក​ដាំ​ដើម​កៅស៊ូ និង​កសិកម្ម​មួយចំនួនទៀត​ផងដែរ​។ 
 
​ខណៈ​ការបោះឆ្នោតជាតិ​ថៃ​លើកដំបូង​ក្នុង​រយៈ ពេល​បួន​ឆ្នាំ កាន់តែ​ខិតជិត​មកដល់​ផងដែរ​នោះ អ្នកនាំពាក្យ ក៏បាន​សង្កត់ធ្ងន់​ទៀតថា កញ្ចប់​អំណោយ​ចូលឆ្នាំ​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ជួយ​ប្រជាជន​នោះទេ ហើយក៏​ជា​សកម្មភាព​សាមញ្ញ​រប​ស់​ក្រសួង ដែល​បានរៀបចំ​សម្រាប់​ប្រជាជន​ប៉ុណ្ណោះ​។ 
 
​ជាក់ស្តែង លោក​ពន្យល់ថា ការចេញ​គោលនយោបាយ​ជួយ​ប្រជាជន​ក្រី​ក្រី គឺជា​គោលនយោបាយ​របស់​ក្រសួង​សេដ្ឋកិច្ច​ថៃ​រយៈពេល​វែង​មកហើយ ដែល​គោលនយោបាយ​នេះ មាន​គោលដៅ​សម្រាល​បន្ទុក​ដល់​ប្រជាជន និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​លំនឹង ពោលគឺ គោលនយោបាយ​នេះ គ្មាន​ចេតនា​ផ្សារភ្ជាប់​ជាមួយនឹង​នយោបាយ​អ្វី​ឡើយ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា រដ្ឋាភិបាល​របប​សឹក​ថៃ មាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បានចាប់ផ្តើម​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ពោលគឺ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយក​មន្ត្រី​ស្របច្បាប់​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​។ នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ ថៃ នឹង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោតជាតិ​លើកដំបូង បន្ទាប់​គ្រប់គ្រង​ដោយ​របប​សឹក​ជាង​បួន​ឆ្នាំ​ហើយ​។ ការបោះឆ្នោត​នេះ លោក​ប្រា​យុទ្ធ ក៏​ត្រូវបាន​រំពឹងថា នឹងមាន​វត្តមាន​ផងដែរ ខណៈ​បក្សនយោបាយ​មួយ​របស់​ថៃ ក៏បាន​បង្ហើប​ពី​ចេតនា​ចង់​ឲ្យ​លោក ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផង​នោះ​៕ 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com