ព័ត៍មានសុខភាព
អន្តរជាតិ
ទារក​ដំបូង​បំផុត​លើ​លោក​កើតចេញពី​ម្តាយ​ដែល​ប្តូរ​ស្បូន​ពី​អ្នកស្លាប់​ម្នាក់​
09, Dec 2018 , 7:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុម​អ្នកស្រាវជ្រាវ បានចេញ​ផ្សាយ​លទ្ធផល​សិក្សា​មួយ​នៅលើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ The Lancet ទាក់ទង​នឹង​ជោគជ័យ​នៃ​ការបង្កើត​ទារក​ចេញពី​មាតា​ម្នាក់​ដែល​បាន​ប្តូរ​ស្បូន​ពី​អ្នក​បរិច្ចាគ​ម្នាក់​ដែល​បានទទួល​មរណភាព​ទៅហើយ​។ ករណី​លើកដំបូង​ក្នុង​ប្រវត្តិ​វេជ្ជសាស្ត្រ​នេះ កើតឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ Hospital das Clinicas នៃ​សាកលវិទ្យាល័យ​ក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល​។​

 
​ទារិកា ត្រូវបាន​ប្រសូត​តាមរយៈ​ការវះកាត់​ក្រោយ​ម្តាយ​ពរ​ពោះ​៣៦​សប្តាហ៍​។ បើតាម​ការសិក្សា នេះ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ដែល​ទារក​កើតចេញពី​ម្តាយ​ដែល​ប្រើប្រាស់​ស្បួ​ន​របស់​អ្នកស្លាប់​ម្នាក់ ខណៈ​ករណី​១០​លើក​ដូចគ្នា​កន្លង​នៅ​សាធារណរដ្ឋ​ឆេ​ក តួ​ក​គី និង​សហរដ្ឋអាមេរិក សុទ្ធតែ​រង​បរាជ័យ​។​
 
​កន្លងមក ទារក​ជាង​១០​នាក់​នៅ​ស៊ុយអែត និង​សហរដ្ឋអាមេរិក បានកើត​ចេញពី​ម្តាយ​ដែល​ទទួលបាន​ស្បូន​ពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​ដែល​នៅរស់ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទើបតែ​សម្រេចបាន​ជោគជ័យ​ជា​លើកដំបូង​ចំពោះ​ម្តាយ​ដែល​បាន​ប្រើប្រាស់​ស្បូន​របស់​អ្នក​ដែល​ស្លាប់​ទៅហើយ​។​
 
​ម្ចាស់​ស្បូន​នោះ គឺជា​ម្តាយ​អាយុ​៤៥​ម្នាក់ ដែល​បានទទួល​មរណភាព​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​។ ស្បូន​របស់គាត់​ត្រូវបាន​បរិច្ចាគ​ឲ្យ​ស្ត្រី​អាយុ​៣២​ម្នាក់ទៀត​ដែលមាន​រោគសញ្ញា​ដ៏​កម្រ ពោលគឺ​កើតមក​ដោយ​គ្មាន​ស្បូន​។​
 
​វេជ្ជបណ្ឌិត Dani Ejzenberg ប្រធាន​ក្រុម​ផ្នែក​វះកាត់ បានបញ្ជាក់​ប្រាប់ AP ថា ស្ត្រី​រូបនោះ ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការវះកាត់​ព្រោះ​វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិត​របស់គាត់​។ «​ពេលនេះ គាត់​បាន​បង្កើតកូន​ដោយ​ជោគជ័យ​។ គាត់​សប្បាយចិត្ត​ខ្លាំងណាស់​»​។ នេះ​ជាការ​លើកឡើង​របស់​វេជ្ជបណ្ឌិត​ជំនាញ​។​
 
​ទាក់ទង​នឹង​ករណីនេះ ស្ត្រី​ដែល​កើតមក​គ្មាន​ស្បូន បាន​មាន​ផ្ទៃពោះ បន្ទាប់ពី​ទទួលបាន​ការបរិច្ចាគ​ស្បួ​ន​។ ប៉ុន្តែ​ការបង្ក​កំណើត​ធ្វើឡើង​តាម​បច្ចេកវិទ្យា​បង្ក​កំណើត​ក្រៅ​ស្បួ​ន In Vitro Fertilization (IVF) ក្នុង​រយៈពេល​៧​ខែ ដោយ​ទារិកា​មាន​ការវិវត្ត​ដូច​ក្មេង​ទូទៅ​៕
 

Tag:
 ទារក​
  IVF
  ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com