ជាតិ
កម្ពុជា​-​ឡាវ ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៤ ផ្តោតលើ​សហ​ប្រតិ​ប​ត្ត​ការ​ក្នុង​វិស័យ​អប់រំ​,​សិល្បៈ​វប្បធម៌ និង​ការទិញ​-​លក់​អគ្គិសនី​
09, Dec 2018 , 8:29 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ៥-៦ ខែធ្នូ​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ តប​តាម​ការអញ្ជើញ​របស់លោក ថោង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា និង​ឡាវ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន ៤ រួមទាំង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។​


 
​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្ដេច ហ៊ុន សែន ទៅកាន់​ប្រទេស​ឡាវ ជា​ព្រឹត្តិការណ៍​មួយ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង និង​ការប្ដេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ បើតាម​សេចក្ដីប្រកាស​ខាងលើ ជំនួប​ទ្វេភាគី​រវាង​សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថោង​លូន ស៊ី​សូលី​ត បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្ដល់​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​។ 
 
​បន្ទាប់ពី​ជំនួប​ទ្វេភាគី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន ៤​រួមមាន កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​អប់រំ​សម្រាប់​រយៈពេល  ៥​ឆ្នាំ (២០១៩-២០២៣), អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​ឆ្នាំ​២០១៩-២០២១, អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការបញ្ជូន​សត្វ​ដំរី​សម្រាប់​ការបង្ហាញ​សិល្បៈ និង​ផ្លាស់ប្តូរ​វប្បធម៌ និង​អនុស្សរណៈ​ស្ដីពី​កិច្ចព្រមព្រៀង​ទិញ​-​លក់​ថាមពល​អគ្គិសនី​ពី​ស្ថានីយ បាន​ហាត ប្រទេស​ឡាវ មក​ស្ថានីយ​ស្ទឹងត្រែង ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​។​
 
​ដោយឡែក ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​វិញ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាពគ្នា​បង្កើត និង​ពង្រឹង​បរិយាកាស​អនុគ្រោះ​ដល់​ការធ្វើ​ពាណិជ្ជកម្ម តាមរយៈ​ការតាំងពិព័រណ៍​។ ជាមួយគ្នា សម្ដេច ហ៊ុន សែន និង​លោក ថោង​លូន ស៊ី​សូលី​ត បាន​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​ស្ដីពី​ការជៀសវាង​ការយកពន្ធ​ត្រួត និង​ទប់ស្កាត់​ការកេងបន្លំ​ពន្ធ​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឡាវ​លើក​ទី​១៣ នៅ​ដើមឆ្នាំ​២០១៩​នេះ ដើម្បី​ពិនិត្យឡើងវិញ​ពី​សកម្មភាព​កិច្ចសហប្រតិបត្តិការ​នា​ពេលបច្ចុប្បន្ន និង​រិះរក​លទ្ធភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ផ្សេងៗ​៕

Tag:
 កម្ពុជា​
 ​ឡាវ​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com