ការសម្រេចគោលដៅកាត់បន្ថយការបំពុលបរិយាកាសតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ នឹងអាចសង្គ្រោះជីវិតមនុស្សមួយលាននាក់ និងកាត់បន្ថយការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារផងដែរនៅត្រឹមឆ្នាំ ២០៥០ ។ នេះជាការបញ្ជាក់របស់អង្គការសុខភាពពិភពលោកតាមរយៈរបាយការណ៍របស់ខ្លួនដែលចេញផ្សាយនៅសប្តាហ៍នេះ។
របាយការណ៍វិទ្យាសាស្ត្ររបស់អង្គការសុខភាពលោក (WHO) ដែលចេញផ្សាយនៅកិច្ចប្រជុំអាកាសធាតុលើកទី ២៤ (COP24) នៅក្រុង Katowice ប្រទេសប៉ូឡូញ ថ្ងៃ ៥ខែធ្នូបានផ្តល់អនុសាសន៍ថា ការសម្រេចឲ្យបាននូវការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងទប់ស្កាត់ការស្លាប់របស់មនុស្សរាប់លាននាក់ និងខាតបង់សេដ្ឋកិច្ចធំធេងផង។
របាយការណ៍នេះបានកត់សម្គាល់ថា ចំណុចទាក់ទងគ្នារវាងការប្រែប្រួលអាកាសធាតុ និងការបំពុលខ្យល់អាកាសគឺការបញ្ចេញឧស្ម័នកាបូនិចទៅកាន់បរិយាកាស។ ឧស្ម័នផ្ទះកញ្ចក់នេះជាកត្តាចម្បងធ្វើឲ្យអាកាសធាតុប្រែប្រួលផង និងជាដើមហេតុនៃការបំពុលខ្យល់អាកាសផង។
ចំណែក ការដុតផូស៊ីលឥន្ធនៈដើម្បីបង្កើតថាមពល ការដឹកជញ្ជូន រោងចក្រឧស្សាហកម្មសុទ្ធសឹងជាប្រភពសំខាន់នៃការបញ្ចេញឧស្ម័នកាបូនិចដែលបង្កើតការប្រែប្រួលអាកាសធាតុ និងប្រភពចម្បងនៃការបំពុលបរិយាកាសនេះដែរ។ ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កើតផលប៉ះពាល់ផ្សេងទៀតដល់សុខភាពតាមរយៈការកើនឡើងនៃរលកកម្តៅ, ព្យុះ, ទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក គ្រាន់តែការបំពុលបរិយាកាសតែមួយនឹងធ្វើឲ្យមនុស្សស្លាប់ ៧លាននាក់ទូទាំងពិភពលោក និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ ៥,១១ ទ្រីលានដុល្លារថែមទៀត បើពិភពលោកមិនប្រឹងប្រែងដោះស្រាយបញ្ហានេះទេ។
ជុំវិញបញ្ហានេះ វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពបានពន្យល់ថា កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសប្រហែលជាកិច្ចព្រមព្រៀងដែលមានសក្តានុពលលើសគេក្នុងសតវត្សនេះក្នុងការថែរក្សាសុខុមាលភាពពិភពលោកជាពិសេសទប់ស្កាត់ការកើនឡើងនៃអ្នករងគ្រោះដោយសារការបំពុលបរិយាកាសនេះ។
វេជ្ជបណ្ឌិតរូបនេះបន្តថា ការកាត់បន្ថយការដុតផូស៊ីលឥន្ធៈ និងបន្ថយកម្រិតឧស្ម័នកាបូនិចទៅបរិយាកាសមិនត្រឹមតែជួយដោះស្រាយការប្រែប្រួលអាកាសធាតុទេ ប៉ុន្តែវាជួយកែប្រែស្ថានភាពបំពុលបរិយាយកាសនៅទូទាំងពិភពលោកដែរ។ ដូច្នេះហើយ វេជ្ជបណ្ឌិតរូបនេះសង្កត់ធ្ងន់ថា ប្រជាជាតិទាំងអស់មិនអាចពន្យារពេលក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនោះឡើយ បើសិនជាមិនចង់ប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធំដែលមិននឹកស្មានដល់។
«ភស្តុតាងគឺច្បាស់លាស់ណាស់ដែលថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនផលប៉ះពាល់ខ្លាំងលើជីវិតមនុស្ស និងសុខភាពមនុស្សទូទៅ។ វាគំរាមកំហែងរាល់សមាសធាតុទាំងឡាយណាដែលយើងត្រូវការដើម្បីរក្សាសុខភាពយើងឲ្យល្អក្នុងនោះមានទឹកស្អាត, ខ្យល់បរិសុទ្ធ និងចំណីអាហារមានជីវជាតិនិង ទីជម្រកដែលមានសុវត្ថិភាព។ វានឹងបន្តធ្វើឲ្យសុខភាពពិភពលោកដុនដាបពីថ្ងៃនេះទៅដល់រាប់ទសវត្សរ៍ខាងមុខទៀត។ យើងមិនអាចពន្យារពេលបន្តទៀតដោយមិនធ្វើសកម្មភាពអ្វីសោះឡើយ»។ នេះជាការពន្យល់របស់វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus។
សូមទាញការចាប់អារម្មណ៍បន្តិចថា កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសគោលដៅទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដីឲ្យត្រឹម ២ អង្សា ហើយបើអាចឲ្យកាន់តែទាបត្រឹម ១,៥អង្សានៅត្រឹមឆ្នាំ ២១០០ ធៀបនឹងកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ កិច្ចព្រមព្រៀងដដែលនេះក៏តម្រូវឲ្យបណ្តាប្រទេសអភិវឌ្ឍទាំងអស់កៀងគរហិរញ្ញវត្ថុឲ្យបាន ១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ។
ដើម្បីសម្រេចគោលដៅ ប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿនបានប្តេជ្ញាចិត្តកៀងគរវិភាគទានទាំងឯកជននិងសាធារណៈឲ្យបានសរុប១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុនេះ។
តាមពិតទៅ ការបញ្ចេញរបាយការណ៍ថ្មីនេះពីផលប៉ះពាល់លើសុខភាពប្រជាជនដោយសារការបំពុលបរិយាកាសនេះដែរ លើតឡើងស្របពេលដែលប្រជាជនជិត ២០០ទូទាំងពិភពលោកប្រមូលផ្តុំគ្នានៅវេទិកាអាកាសធាតុលើកទី ២៤ (COP24) ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិនៅ ទីក្រុងKatowice ប្រទេសប៉ូឡូញដើមសប្តាហ៍នេះ។ គោលដៅសំខាន់នៃកិច្ចប្រជុំឆ្នាំនេះគឺបញ្ចប់ការចរចាបង្កើតសៀវភៅណែនាំក្នុងការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ដែលផ្តោតលើការតាមដាន វាយតម្លៃ និងកំណត់ពីវិធីសាស្ត្រផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកលនេះដូចគ្នា។ បើមានការបញ្ចប់ការបង្កើតសៀវភៅណែនាំត្រឹមឆ្នាំនេះ គេរំពឹងថា ការពន្លឿននិងបង្កើនសកម្មភាពចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនឹងកាន់តែមានប្រសិទ្ធភាពដែរដើម្បីសង្គ្រោះភពផែនដី៕