ជាតិ
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ៖ទោះសាលាក្រុងមិនអនុញ្ញាត សមាគម,NGO នៅតែហែក្បួនដដែល
× ភ្នំពេញ៖ តំណាងសមាគម,បណ្ដាញសហព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាល នឹងប្រារព្ធខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១០ ធ្នូនេះ។ តាមគម្រោង ការរៀបចំប្រារព្ធខួបនេះនឹងមានអ្នកចូលរួមប្រមាណ១ពាន់នាក់ជួបជុំគ្នានៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ហើយដង្ហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ។ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យមានការជួបជុំ ប៉ុន្តែមិនឲ្យមានការដង្ហែក្បួននៅតាមទីសាធារណៈនោះទេ ក្រោមហេតុផលខ្លាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ យ៉ាងណាក៏ដោយ លោក ស ម៉ូរី អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា នៅតែរក្សាជំហរដង្ហែក្បួនដដែល។
បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញជម្រាបមក លោក ស ម៉ូរី អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា, លោក ទុយ ស៊ីធៀង អគ្គលេខាធិការសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា, លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា ដោយអនុញ្ញាតឲ្យមានការជួបជុំ ប៉ុន្តែមិនមានការដង្ហែក្បួននៅតាមទីសាធារណៈ។
ក្នុងលិខិតដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ក្នុងករណីនៅតែធ្វើការជួបជុំខុសពីទីតាំងដែលបានអនុញ្ញាតជូន ហើយមានការដង្ហែក្បួនតាមផ្លូវសាធារណៈ ដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះ លោកតំណាងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។
បើទោះបីមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនក៏ដោយ ក៏ក្រុមសកម្មជននៅតែរក្សាជំហរដដែល។ លោក ស ម៉ូរី អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ « មកដល់ម៉ោងនេះ ក្រុមការងារនៅតែរក្សាជំហរដដែល នឹងជួបជុំគ្នាមុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ (CDC) ហើយដង្ហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ។ ទោះថ្ងៃស្អែកមានការរារាំងក៏ដោយ ក្រុមការងារនៅតែសម្រេចចិត្តចូលរួម»។
អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជារូបនេះ មានគំនិតសុទិដ្ឋិនិយមថា សាលារាជធានី និងក្រសួងមហាផ្ទៃ នឹងសម្របសម្រួលឲ្យការមានជួបជុំ និងដើរក្បួនទៅទីលានប្រជាធិបតេយ្យបាន។ បើតាមលោក ស ម៉ូរី លិខិតដែលក្រុមការងារលោកផ្ញើទៅសាលារាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ការជួបជុំនេះ ជាការជួបជុំដោយសន្តិវិធី, អហិង្សា និងជាការសម្ដែងមតិ។
សូមបញ្ជាក់ថា ការរៀបចំប្រារព្ធខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះ នឹងរៀបចំនៅថ្ងៃទី ១០ ខែធ្នូ ចាប់ពីម៉ោង ៧ព្រឹក ដល់១២ថ្ងៃត្រង់ ដែលមានការជួបជុំគ្នានៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ (CDC) រួចដង្ហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ៕
Tag:
សាលារាជធានី
សមាគម
NGO
ទីលានប្រជាធិបតេយ្យ
CDC
© រក្សាសិទ្ធិដោយ thmeythmey.com