ជាតិ
កម្ពុជាវៀតណាមប្តេជ្ញាពន្លឿនបញ្ចប់បញ្ហាព្រំដែនគោកដែលនៅសល់១៦ភាគរយ រូបថត ពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
× ក្នុងចំណោមសំណុំរឿងជាច្រើនដែលត្រូវបានលើកយកមកដាក់លើតុពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីវៀតណាម ក៏មានបញ្ហាព្រំដែនផងដែរ។ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែធ្នូនៅក្នុងប្រទេសវៀតណាម ដើម្បីពូនជ្រុំទំនាក់ទំនងទ្វេភាគីនៃប្រទេសជិតខាងទាំងពីរបន្ថែមទៀត។
ប្រមុខរដ្ឋាភិបាលកម្ពុជា និងសមភាគីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានព្រមព្រៀងគ្នាជំរុញឲ្យគណកម្មការចំរុះខ័ណ្ឌសីមាព្រំដែនរបស់ប្រទេសទាំងពីរ ពន្លឿនការដោះស្រាយបញ្ចប់បញ្ហាព្រំដែនគោកដែលនៅសល់១៦ភាគរយ ទៀត។ ក្រសួងការបរទេសកម្ពុជាបានសរសេរយ៉ាងនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅក្នុងប្រទេស វៀតណាម។ សេចក្តីប្រកាសព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយមកដល់អ្នកកាសែតនៅថ្ងៃអាទិត្យទី៩នេះ ក៏បានបញ្ជាក់ដែរថា៖«[គណកម្មការ ព្រំដែននេះត្រូវដោះស្រាយបញ្ហាព្រំដែន] ដោយផ្អែកលើស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ សំដោកសាងខ្សែបន្ទាប់ព្រំដែនរួមប្រកដោយ មិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំយូរអង្វែងសម្រាប់ប្រជាជនជំនាន់ក្រោយ»។
សេចក្តីប្រកាសប្រកាសព័ត៌មានបានសរសេរថា សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលជាតែងតែជាប្រធានបទដ៏រសើប ពិសេសក្នុងបរិបទនយោបាយ។
កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ និងត្រូវបោះបង្គោលព្រំដែនសរុបទាំងអស់ ៣១៤បង្គោល។
ក្រៅពីប្រធានបទនយោបាយ សម្តេច ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានពិភាក្សាគ្នាផងដែរអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់ឈើខុសច្បាប់ ការបង្កើនទំហំផ្លាស់ប្តូរពាណិជ្ជកម្មឲ្យលើស៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ និងការគាំទ្រគ្នាទៅវិញទៅមកនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ហើយវៀតណាមធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២០ ដូចគ្នានោះ។
មេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ស្តីពី សហប្រតិបត្តិការលើវិស័យដឹកជញ្ជូនឆ្នាំ២០១៨-២០២៥ និងទស្សនវិស័យឆ្នាំ២០៣០, ការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន, ផែនការសហប្រតិបត្តិការវិស័យអប់រំ២០១៩, កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចំរុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ និងគម្រោងសាងសង់មជ្ឈមណ្ឌលផ្តល់សេវាកម្មព្យាបាលដោយស្ម័គ្រចិត្តនៅកម្រិតសហគមន៍សម្រាប់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ៕
Tag:
ព្រំដែន
វៀតណាមកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com