ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា រ៉េ​ម ឃី​៖ «​ខ្ញុំ​ពិការ​មែន ប៉ុន្តែ​ខ្ញុំ​មិន​បណ្ដោយ​ខ្លួន​តាម​លក្ខណៈ​ពិការ​ទេ​!»
10, Dec 2018 , 8:59 am        
រូបភាព
កញ្ញា រ៉េម ឃី អង្គុយលើរទេះរុញ ដែលកំពុងបម្រើការងារផ្នែកវេចខ្ចប់ នៅក្នុងរោងចក្រPactic (រូបភាពទទួលបានការអនុញ្ញាតផ្សាយពីកញ្ញា រ៉េម ឃី )
កញ្ញា រ៉េម ឃី អង្គុយលើរទេះរុញ ដែលកំពុងបម្រើការងារផ្នែកវេចខ្ចប់ នៅក្នុងរោងចក្រPactic (រូបភាពទទួលបានការអនុញ្ញាតផ្សាយពីកញ្ញា រ៉េម ឃី )
​សៀមរាប​៖ កញ្ញា រ៉េ​ម ឃី គឺជា​ជនពិការ​ម្នាក់ ក្នុងចំណោម​ជនពិការ​ផ្សេងទៀត ដែល​កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន Pactic ដែល​ផលិត​ក្រណាត់​ជូត​វ៉ែនតា និង​ផលិតផល​ធ្វើដំណើរ រួមទាំង​កាបូប និង​វ៉ា​លី នៅ​ខេ​ត​ត្ត​សៀមរាប​។ កញ្ញា រ៉េ​ម ឃី បាន​ចូល​បម្រើ​ការងារ​ផ្នែក​រៀបចំ និង​វេច​ខ្ចប់ នៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ រយៈពេល​៦​ខែ​មកហើយ ដែល​វា​ជា​ឱកាស​មាស​សម្រាប់​កញ្ញា អាច​រកប្រាក់​ចំណូល​ស​ម្រា​ប់​ផ្គត់ផ្គង់​ជីវភាព​។​


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្ត្រី​មាន​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​និយាយថា កញ្ញា​តែងតែ​ផ្ដល់​ក្តីសង្ឃឹម​សម្រាប់​ខ្លួនឯង ក្នុងការ​ខំប្រឹង​បំពេញការងារ​ឲ្យ​បានល្អ ដូច​មនុស្ស​ទូទៅ​ដែរ ពោលគឺ​កញ្ញា​មិនដែល​រួញរា រាល់​ឧបសគ្គ​ចំពោះមុខ​ឡើយ​។ កញ្ញា ឃី ដែលមាន​ពិការភាព​ពី​កំណើត​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុងឱកាស​ទស្សនកិច្ច​នៅក្នុង​ក្រុមហ៊ុន Pactic យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិការ​មែន ប៉ុន្តែ​ខ្ញុំ​មានលទ្ធភាព​រកលុយ​ចាយ​ដោយ​ខ្លួនឯងបាន ខ្ញុំ​សប្បាយចិត្ត​។ សប្បាយចិត្ត​ព្រោះ​យើង​ជា​ជនពិការ តែ​យើង​ក្លាហាន​អាច​រក​ការងារ​បានធ្វើ យើង​អត់​មាន​គិតថា ខ្លួន​ពិការ​ហើយ យើង​មិន​អាចធ្វើ​អ្វី​បាន យើង​ចេះតែ​បណ្ដែតបណ្ដោយ​តាម​លក្ខណៈ​យើង​ពិការ ប៉ុន្តែ​ខ្ញុំ​អត់​គិត​អ៊ីចឹង​ទេ ខ្ញុំ​គិតថា ខ្ញុំ​មានឱកាស​ដូច​អ្នកដើរ​រួច​ដែរ​…»​។​


 
​សូម​ស្ដាប់​កិច្ចសន្ទនា​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា រ៉េ​ម ឃី ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Pactic ដូចតទៅ​៖



 
​ដ្បិត​ការងារ​វេច​ខ្ចប់​នេះ វា​មាន​ភាពងាយស្រួល​សម្រាប់​មនុស្ស​សាមញ្ញ​ធម្មតា​(​អ្នកមាន​កាយសម្បទា​គ្រប់គ្រាន់​) ប៉ុន្តែ​វា​នៅតែ​ជាការ​លំបាក​សម្រាប់​កញ្ញា រ៉េ​ម ឃី ដែលមាន​ពិការភាព​។ នោះ​ក៏​ព្រោះតែ​កញ្ញា ឃី នៅមាន​ភាពយឺតយ៉ាវ​ក្នុងការ​វេច​ខ្ចប់​ផលិតផល​ក្រុមហ៊ុន​ជាង​បុគ្គលិក​ទូទៅ​។​
 
​ដោយសារតែ​ភាពយឺតយ៉ាវ​នេះហើយ ទើប​កញ្ញា ឃី មិនទាន់​អាច​ក្លាយទៅជា​កម្មករ​ពេញ​សិទ្ធ​របស់​ក្រុមហ៊ុន​នៅឡើយ​ទេ ពោលគឺ​កញ្ញា កំពុង​ស្ថិតនៅ​ក្នុងការ​ត្រួតពិនិត្យ និង​តាមដាន​លទ្ធផល​ការងារ​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ថៅកែ​ក្រុមហ៊ុន​។​


 
​ស្ថិតនៅលើ​រទេះរុញ​សម្រាប់​ជនពិការ កញ្ញា ឃី កំពុង​មមាញឹក​ក្នុងការ​វេច​ខ្ចប់​ផលិតផល​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន តាម​ដែល​ខ្លួន​អាចធ្វើ​បាន ដើម្បី​ឲ្យ​ទាន់ពេលវេលា​នៃ​សង្វាក់​ការងារ​របស់​ក្រុមហ៊ុន សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​នោះ ស្ត្រី​រូបនេះ​ក៏​ឆ្លៀត​ប្រាប់​ដូច្នេះ​ថា​៖ «​បើសិន​យើង​ធ្វើ​អត់​បាន​លទ្ធផល​ល្អ​ឲ្យ​ក្រុមហ៊ុន គេ​ទុកពេល​យើង​តែ​៣​ខែ​ទេ ប៉ុន្តែ​ខ្ញុំ​ចូលមក​នេះ បាន​រយៈពេល​៦​ខែ​ហើយ ប៉ុន្តែ​គេ​បន្ត​ឲ្យ​ខ្ញុំ​រយៈពេល​៣​ខែ ហើយ​៣​ខែ​បន្ទាប់​ទៀត ដោយសារតែ​ខ្ញុំ​អត់​ទាន់​ធ្វើ​គ្រប់​គោលការណ៍​ក្រុមហ៊ុន​។ ហើយ​យើង​នៅ​យឺត​យ៉ាងនេះ ដោយសារ​យើង​ពិការ​ផង ដូច្នេះ​យើង​មិនអាច​ធ្វើ​លឿន​ដូច​គេ​អ្នកដើរ​បានទេ​។ តែ​គាត់​(​ក្រុមហ៊ុន​) ទុក​ឱកាស​ឲ្យ​យើង​ដែរ គាត់​មិន​បង្ខំ​យើង​ទេ គាត់​ទុក​ឱកាស​ឲ្យ​យើង​៣​ខែ ហើយ​៣​ខែ ហើយ​គាត់​នឹង​តាម​សង្កេតមើល​យើង​ដែល​ធ្វើ​ការងារ​ឲ្យ​ពួកគាត់​»​។​


 
​តាមពិតទៅ កញ្ញា ឃី មិនមែនជា​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ទេ កញ្ញា គឺជា​ពលរដ្ឋ​រស់នៅ​ខេត្តពោធិ៍សាត់ ដែល​កាលណោះ​កញ្ញា រៀន​ជំនាញ​ខាង​បោក​អ៊ុត​សំលៀកបំពាក់ ហើយ​អាច​ទទួលបាន​ប្រាក់ខែ​ខ្លះ ពី​ម្ចាស់​ហាង​។ ប៉ុន្តែ​ដោយសារតែ​តម្រូវការ​ថវិកា​ចាំបាច់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នោះ ទើប​ស្ត្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ សម្រេច​បោះបង់​ការងារ​បោក​អ៊ុត​នេះ ហើយ​មក​រស់នៅ​ខេត្តសៀមរាប ដោយ​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​Pactic នេះ តាមរយៈ​ការណែនាំ​របស់​មិត្តភក្តិ ដែល​ជួយ​សុំ​ថ្នាក់ដឹកនាំ​រោងចក្រ ឲ្យ​កញ្ញា ចូល​បំពេញការងារ​។​


 
​ក្នុង​រយៈពេល​៦​ខែ ដែល​បាន​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន Pactic នេះ កញ្ញា រ៉េ​ម ឃី អាច​សល់​ថវិកា​បាន​មួយចំនួន​សម្រាប់​ខ្លួនឯង ក្រោយពី​ចំណាយ​លើ​ជីវភាព​ប្រចាំថ្ងៃ ដូចជា​ការទិញ​ម្ហូបអាហារ ថ្លៃ​ជួល​ផ្ទះ រួមទាំង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត​។ កញ្ញា រ៉េ​ម ឃី ដែលមាន​ពិការភាព​ផង ហើយ​ត្រូវ​រកប្រាក់​សម្រាប់​ជួយ​ម្ដាយ​ចាស់ជរា ដែល​កំពុង​រស់នៅ​ផ្ទះជួល​ជាមួយ​ខ្លួន​ផង​នោះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​រយៈពេល​ខ្ញុំ​ចូលធ្វើ​ការងារ​ដំបូង ប្រាក់ខែ​គោល​ខ្ញុំ​វា​បាន​តិច​ហើយ យើង​ត្រូវ​ការចំណាយ​ច្រើន ប៉ុន្តែ​ខ្ញុំ​អត់​បាន​សល់​ទេ ក្នុង​រយៈពេល​២​ខែ​ជាប់​គ្នា​។ ប៉ុន្តែ​បន្ទាប់មក ទើប​ខ្ញុំ​មានឱកាស​សល់​លុយ ក្នុង​១​ខែ ៥០​ដុល្លារ​អី ក៏​សប្បាយចិត្ត​ដែរ​។ បើ​សង្ឃឹមលើ​ម៉ែ គាត់​នៅតែ​ឯង ព្រោះ​យើង​គ្មាន​ឪពុក​ដូច​គេ​។ (​បាន​ថវិកា​) ជួយ​អ្នក​ម្ដាយ​ព្រោះ​ម្ដាយ​ខ្ញុំ​គាត់​នៅតែ​ឯង ព្រោះ​បងប្អូន​គេ​មានគ្រួសារ​អស់ហើយ ហើយ​ខ្ញុំ​នៅ​ជាមួយ​ម៉ែ​»​។​


 
​ការចូល​បម្រើ​ការងារ​ផ្នែក​វេច​ខ្ចប់​នៅក្នុង​រោងចក្រ Pactic គឺជា​បំណង​តូច​មួយ​របស់​កញ្ញា រ៉េ​ម ឃី ប៉ុណ្ណោះ ព្រោះ​កញ្ញា នៅមាន​គោលដៅ​មួយទៀត គឺ​បំណង​ចង់​បង្កើត​អាជីវកម្ម ឬ​មុខរបរ​តូច​មួយ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ខ្លួន​នៅ​ថ្ងៃ​អនាគត​។ ប៉ុន្តែ​ស្ថិតនៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ កញ្ញា ឃី មិនទាន់​អាចបំពេញ​ក្តី​បំណង​ខ្លួន​បានឡើយ ព្រោះតែ​កញ្ញា មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​។​


 
«​ខ្ញុំ​មាន​ក្តីសង្ឃឹម​ខ្លួនឯង​! ខ្ញុំ​សង្ឃឹមថា អនាគត​ខ្ញុំ​មិនមែន​ពិការ​ដើរ​សុំទាន​ទេ ខ្ញុំ​ចង់​មានឱកាស​សម្រាប់​ខ្លួនឯង គឺថា​មាន​អាជីព នៅពេល​យើង​ធ្វើការ​បាន​លុយ យើង​ចង់​បង្កើត​អាជីព​មួយ​ដោយ​ខ្លួនឯង​។ នេះ​ជា​គម្រោង​ទុក (​មុខរបរ​) ដូចជា​ការបើក​តូប​លក់​អីវ៉ាន​មួយ រស់នៅ​បែប​របៀប​ជា​លក្ខណៈ​គ្រួសារ នៅពេល​យើង​មាន​ទុន​។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មិនទាន់មាន​ទុន​ទេ ព្រោះ​ខ្ញុំ​ធ្វើការ​នេះ នៅសល់​តិចតួច ដូចនេះ​ខ្ញុំ​មិនទាន់​អាចឈាន​ដល់​គោលដៅ​បាន​»​។ នេះ​ជា​បំណងប្រាថ្នា​របស់​ស្ត្រី​សម្បុរ​ស វ័យ​៣៦​ឆ្នាំ ដែលមាន​ពិការភាព ហើយ​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Pactic៕ 


 

Tag:
 រ៉េ​ម ឃី​
  ជនពិការ​
  Pactic
  EU
© រក្សាសិទ្ធិដោយ thmeythmey.com