ជាតិ
មនុស្សជាង ១៣ម៉ឺននាក់ចូលរួមពិព័រណ៍សៀវភៅនៅឆ្នាំនេះ ខណៈឆ្នាំមុនមានជាង ៥ម៉ឺននាក់ប៉ុណ្ណោះ
09, Dec 2018 , 10:29 pm        
រូបភាព
ភ្នំពេញ​៖ កុមារ យុវវ័យ និង​មនុ​ស្សវ័យ​ចំណាស់​ប្រមាណ ១៣​ម៉ឺន​នាក់ បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៧ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​សៀវភៅ​រស់ ចំណេះ​រីក​» ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃ នៅ​បណ្ណាល័យ​ជាតិ​។​  ចំនួន​អ្នកចូលរួម​​ក្នុងឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹម​ជាង​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​កញ្ញា ស៊ុន សិទ្ធិគុណ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​កម្ម​វិធិ​ពិព័រណ៍​សៀវភៅ​។​



កញ្ញា ស៊ុន សិទ្ធ​គុណ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​កម្មវិធី​ពិព័រណ៍​សៀវភៅ​បានបញ្ជាក់​ប្រាប់​សារ​ព័​រ៌​មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​អ្នកចូលរួម​រហូតដល់ ១៣១៤០០​នាក់ ដែលជា​ចំនួន​មួយ​លើសពី​ការរំពឹងទុក​។ មុន​កម្មវិធី ក្រុមការងារ​ពិព័រណ៍​គិតថា​មាន​អ្នកចូលរួម​ត្រឹម​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​នេះ​លើសពី​ការរំពឹងទុក ហើយ​ក្រុមការងារ​ទាំងអស់ រួមទាំង​អ្នកស្ម័គ្រចិត្ត​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​មែនទែន​»​។​ 
  


​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​កម្មវិធី​ពិព័រណ៍​សៀវភៅ​រូបនេះ បន្តថា ចំនួន​អ្នកចូលរួម​ច្រើន​បែបនេះ ដោយសារ​តែមាន​ចាប់អារម្មណ៍​ច្រើន​ទៅលើ​ការអាន​។ បើតាម​កញ្ញា សិទ្ធិគុណ ពិព័រណ៍​សៀវភៅ ឆ្នាំ​២០១៧ មាន​អ្នកចូលរួម​ត្រឹម​ជាង ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ សម្រាប់​ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំនេះ នៅក្នុង​ថ្ងៃទី​២ និង​ទី៣ មាន​អ្នកចូលរួម​ច្រើនជាងគេ ដែល​រហូតដល់​៥​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​។​ 
  


​ក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំនេះ មានកម្ម​វិធី​ពិសេសៗ​ជាច្រើន រួមមាន ការចែក​សៀវភៅ​ឥតគិតថ្លៃ​, ការដូរ​សៀវភៅ​ចាស់ៗ និង​កម្មវិធី​កម្សាន្ត​បែប​អប់រំ​ដល់​អ្នកចូលរួម​ជាច្រើន​។ កញ្ញា សិទ្ធិគុណ បញ្ជាក់ថា​៖ «​សៀវភៅ​ដែល​ដាក់លក់​នៅតាម​ស្ដង់​នីមួយៗ លក់ដាច់​បាន​ច្រើន ដោយ​អ្នកចូលរួម​សុទ្ធតែ​បាន​ទិញ​សៀវភៅ​ទៅវិញ ខ្លះ​ទិញ​ពីរ​បី​ស្បោង​ឯណោះ​»​។ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ផងដែរ ដែល​ធ្វើ​ឲ្យ​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ​ជោគជ័យ​។​
 
​សូមបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៧ ឆ្នាំ​២០១៨​នេះ រៀបចំ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៧-៩ ខែធ្នូ ដែលមាន​ស្ដង់​ចំនួន ១១០​នាក់ ខណៈ​ឆ្នាំ​២០១៧ មាន​ត្រឹម ៨០​ស្ដង់​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ ក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ប្រមាណ ២០៤​នាក់ ដែល​ចូលរួម​សម្របសម្រួល​ក្នុង​កម្មវិធី​នេះ​៕



Tag:
 ពិព័រណ៍សៀវភៅ
 បណ្ណាល័យជាតិ
 សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com