កីឡាអន្តរជាតិ
អន្តរជាតិ
River Plate ឈ្នះ Boca ទាំងពីរជើង ៥-៣ លើកពាន Copa Libertadores
× ក្រុម River Plate បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Copa Libertadores ប្រចាំឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះ Boca Juniors ដោយលទ្ធផល ៣-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ នៅថ្ងៃទី៩ ខែធ្នូ នាកីឡដ្ឋាន Bernabeu Stadium។
ក្នុងជំនួបជើងទី២ដែលធ្វើឡើងក្នុងទឹកដីរបស់ Real Madrid ក្រុមយក្សពីប្រទេសអាហ្សង់ទីនទាំងពីរ បានបញ្ចប់ទៅដោយលទ្ធផល ១-១ ដែលធ្វើបានដោយ Lucas Pratto និង Dario Benedetto សម្រាប់ការប្រកួតពីរតង់ ៩០នាទី ។ ដោយសារកាលពីជើងទី១ ក្រុមទាំងពីរមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ២-២ នោះ ទើបត្រូវបន្ថែមម៉ោង ១៥នាទីពីរដងដើម្បីកាត់សេចក្តីឈ្នះចាញ់។
ចូលដល់ម៉ោងបន្ថែមលើកទី១ បានត្រឹម២នាទីប៉ុណ្ណោះ កីឡាករ Wilmar Barrios របស់ Boca ទទួលបានកាតក្រហមបណ្តេញចេញ។ River Plate បានក្លាយជាក្រុមមានប្រៀបលើគូប្រកួតដោយអាចរកគ្រាប់បាល់នាំមុខនៅនាទី១០៩ ដោយខ្សែប្រយុទ្ធ Juan Quintero។ ចូលដល់ម៉ោងថែមវគ្គទី២ នៅនាទី១២០ កីឡាករ Gonzalo Martinez បានបន្ថែមគ្រាប់បាល់ទី៣ ដើម្បីជួយ River Plate ឈ្នះ ៣-១។ សរុបលទ្ធផលទាំងពីរជើង (aggregate) River Plate ឈ្នះ Boca Juniors ៥-៣។
River Plate បានក្លាយជាជើងឯកពានលំដាប់កំពូលប្រចាំតំបន់អាមេរិកឡាទីន Copa Libertadores ប្រចាំឆ្នាំ២០១៨នេះ និងជាការឈ្នះលើកទី៤ក្នុងប្រវត្តិសាស្ត្រក្លិបនៅអាហ្សង់ទីនផងដែរ។ ក្លិបដែលឈ្នះពាននេះច្រើនជាងគេគឺ Club Atlético Independiente ពីលីគកំពូលអាហ្សង់ទីន រហូតល៧សម័យ ខណៈ Boca Juniors ធ្លាប់ឈ្នះ ៦លើក និងក្លិប Peñarol ពីអ៊ុយរូហ្គាយ ឈ្នះ ៥លើក៕
Tag:
បាល់ទាត់
Copa Libertadores
© រក្សាសិទ្ធិដោយ thmeythmey.com