ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​៖ ក្រោយ​សម័យ​ខ្មែរក្រហម ពលរដ្ឋ​ខ្មែរ ទទួលបាន​សិទ្ធិ​ពេញលេញ​
10, Dec 2018 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតក្នុង​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា កំពុង​ចូលរួម​ជាមួយ​ពិភពលោក ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​រម្លឹក​ពី​សម័យ​ខ្មែរក្រហម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​សិទ្ធិ​គ្រប់បែបយ៉ាង​អស់​រយៈពេល​ជាង​៣​ឆ្នាំ​។

 
​នាយករដ្ឋមន្ត្រី​កម្ពុជា រៀបរាប់ថា ក្នុងសម័យ​នោះ ប្រជាពលរដ្ឋ មិនមាន​សិទ្ធិ​អ្វី​ទាំងអស់ សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​រៀប​អា​ពា​ហ៍​ពិ​ហា​ហ៍ ជាដើម​។ ប្រមុខ​រដ្ឋាភិបាល បរិយាយ​តាមរយៈ​សំណេរ​ទៀតថា ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង ហើយ​ត្រូវបាន​សម្លាប់ចោល​ដល់​ទៅ​ជាង​៣​លាន​នាក់​។ 
 
​ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា ក្រោយពី​ប្រទេស ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ទើប​ប្រជាពលរដ្ឋ មានឱកាស​បានទទួល​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ រហូតដល់​សព្វថ្ងៃ​។

មេដឹកនាំ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សិទ្ឋិ​សេរីភាព គឺ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូចធំ ជ្រើសរើស​ជំនឿ​សាសនា និង​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ឋិ​សេរីភាព ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ​។ សូម​បងប្អូន​ជនរួមជាតិ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់វង្ស ដើម្បី​ឲ្យ​កម្ពុជា​យើង​កាន់តែ​រីកចម្រើន​»​។ 
 
​សូមបញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានរៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស នៅ​ពីរ​កន្លែង​ផ្សេងគ្នា គឺ​នៅពេល​ព្រឹក រៀបចំ​នៅ​កោះ​ពេជ្រ ឯ​នៅពេល​រសៀល រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​)​។ ចំណែក ក្រុម​សង្គម​ស៊ីវិល ក៏បាន​អបអរសាទរ​ដូច​រាល់​ឆ្នាំ​ផងដែរ ដោយ​កម្មវិធី​របស់​ពួកគេ រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០០​នាក់ ចូលរួម​។ 
 
​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើ​ទី​៧០ នា​ថ្ងៃ​១០​ធ្នួ​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​និង​ប្រជាធិបតេយ្យ​»៕ 

Tag:
 ទិវា​សិទ្ធិមនុស្ស​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com