អន្តរជាតិ
ប្រធានាធិបតី​មី​យ៉ាន់​ម៉ា សម្រេច​ឲ្យ​មាន​អង្គភាព​ទប់ស្កាត់​អំពើពុករលួយ​តាម​ស្ថាប័ន​សាធារណៈ​នីមួយៗ​
10, Dec 2018 , 11:28 am        
រូបភាព
ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ឈរជាមួយលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី (រូបភាព៖ Myanmar Times)
ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ឈរជាមួយលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី (រូបភាព៖ Myanmar Times)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បានសម្រេច និង​អនុម័ត​ឲ្យ​មានការ​បង្កើត​អង្គភាព​តាមដាន និង​ទប់ស្កាត់​អំពើពុករលួយ នៅក្នុង​អង្គភាព​នានា​របស់​រដ្ឋាភិបាល​។ ការសម្រេច​ឲ្យ​មាន​បែបនេះ គឺជា​ផ្នែក​មួយ នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​អង្គភាព អាច​ដោះស្រាយ​សំណុំរឿង​តូចៗ​បាន​ទាន់ពេល ខណៈ​សំណុំរឿង​ស្មុគស្មាញ ត្រូវ​បញ្ជូនទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​។​

 
​លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា Win Myint នៅ​ថ្ងៃ ៩ ខែធ្នូ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​លោក បានសម្រេច​យល់ព្រម បង្កើត​អង្គភាព​ទប់ស្កាត់​អំពើពុករលួយ​របស់​គ​ណៈ​ក​ម្មា​ធិ​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល​នីមួយៗ​។ សេចក្តីថ្លែងការណ៍​នេះ​ផងដែរ​ធ្វើឡើង​ស្រប​ពេលដែល​មានការ​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើពុករលួយ​សាកល​ដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ The Irrawaddy​។​
 
​លោក​ប្រធានាធិបតី បាន​លើកឡើងថា អំពើពុករលួយ ពិតជា​គំរាមកំហែង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្តង់ដារ នៃ​ការរស់នៅ​របស់​ប្រជាជន ហើយក៏​ជា​ឧបសគ្គ​ក្នុងការ​វិនិយោគ​បរទេស និង​ការកាត់បន្ថយ​ភាព​ក្រី​ក្រី ដែល​បញ្ហា​នេះហើយ លោក អះអាងថា ជាហេតុ​ផល ដែល​រដ្ឋាភិបាល សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជាមួយនឹង​ឆន្ទៈ​នយោបាយ​យ៉ាង​មុតមាំ​។ 
 
​តាម​ការ​បញ្ជាក់បន្ថែម​របស់​ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ លោក Aung Kyi ការបង្កើត​នេះ នឹង​បង្កើន​ការទទួលខុសត្រូវ​នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​សាធារណៈ​ឲ្យ​កាន់តែខ្លាំង​ឡើងៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ 
 
​ប្រមុខ​គណៈកម្មាធិការ​រូបនេះ បាន​សង្កត់ធ្ងន់ថា អង្គភាព​ទប់ស្កាត់​អំពើពុករលួយ នឹង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ នៅក្នុង​ស្ថាប័ន​នីមួយៗ ហើយ​ការបង្កើត​នេះ ក៏​មិន​ប៉ះពាល់​លើ​សមត្ថកិច្ច​របស់​គណៈ​ក​ម្មា​ធិ​ការ​ផងដែរ ដ្បិត​អង្គភាព​ទប់ស្កាត់​អំពើពុករលួយ អាច​ការ​បានត្រឹមតែ​សកម្ម​ពុករលួយ​តូច​ប៉ុណ្ណោះ​។ សម្រាប់​អ្នកសម្រេច​បានការ​ងារ​តាមដាន​នេះ​បានល្អ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏​បានជា​រង្វាន់​លើកទឹកចិត្ត​ផងដែរ​។​
 
​មុនពេល​នៃ​ការប្រកាស​របស់លោក​ប្រធានាធិបតី ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ ក៏បាន​ប្រកាស​ជា​ចំហ​ក្នុង​ការចាត់​វិធាន​ទៅលើ​មន្ត្រី​ស៊ីសំណូក ឬ​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព​ដោយ​មិន​រើសមុខ​ឡើយ​៕  

Tag:
 មី​យ៉ាន់​ម៉ា​
  ពុករលួយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com