អន្តរជាតិ
បារាំង​៖ អាមេរិក​មិនត្រូវ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​បារាំង​នោះទេ​
10, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋមន្ត្រីការបរទេស​បារាំង កាលពី​ថ្ងៃអាទិត្យ បាន​ជំរុញ​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កុំ​ឲ្យ​ជ្រៀតជ្រែក​នៅក្នុង​នយោបាយ​របស់​ប្រទេស​បារាំង​។ ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Tweeter ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដែលមាន​រយៈពេល​រាប់​សប្តាហ៍​មកហើយ​នោះ​នៅក្នុង​ទីក្រុង ប៉ារីស​។​

 
​លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេស​បារាំង​បាន​ថ្លែងប្រាប់​ទូរទស្សន៍ LCI ថា «​យើង​មិន​ជ្រៀតជ្រែក​ក្នុង​នយោបាយ​អាមេរិក​ទេ ហើយ​យើង​ចង់​ឲ្យ​អាមេរិក​ធ្វើ​ដូច្នេះ​ដូចគ្នា​ដែ​រ‍​។ ខ្ញុំ​និយាយ​ដូច្នេះ​ទៅកាន់​លោក ដូ​ណា​ល់ ត្រាំ ហើយ​ប្រធានាធិបតី​បារាំង​ក៏​និយាយ​ដូច្នេះ​ដែរ គឺ​ទុក​ឲ្យ​បារាំង​ដោះស្រាយ​ការងារ​របស់​ខ្លួ​ន‍​»​។​
 
​លោក Le Drian ឆ្លើយតប​ទៅនឹង​សា​រលើ​បណ្តាញ​សង្គម Tweeter ដែល​ប្រធានាធិបតី​អាមេរិក​បាន​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍​។​
 
​លោក ត្រាំ បានសរសេរថា «​មានការ​សោកសៅ​ទាំងថ្ងៃទាំងយប់​នៅក្នុង​ទីក្រុង ប៉ារីស​។ ប្រហែលជា​ដល់ពេល​ដែល​ត្រូវ​បញ្ចប់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដ៏​គួរ​ឲ្យ​អស់សំណើច​និង​មានតម្លៃ​ថ្លៃ​យ៉ាងខ្លាំង​ហើយ ហើយ​អាច​នឹង​ប្រគល់​ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់​ជាការ​យកពន្ធ​ទាប​យ៉ាងម៉េច​ដែ​រ‍​?»​។​
 
​សារ Tweet កាលពី​មុននេះ​បន្តិច​របស់លោក ត្រាំ បាន​និយាយ​បញ្ឆិតបញ្ឆៀង​ថា អ្នក​តវ៉ា​នៅក្នុង​ទីក្រុង ប៉ារីស គួរតែ​យល់ស្រប​ទៅតាម​ការសម្រេច​ចិត្ត​របស់លោក​ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែលជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១៥ រវាង​បណ្តា​ប្រទេស​ជាង​១០០​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com