អន្តរជាតិ
ម៉ា​ក្រុង ត្រៀម​ដាក់​វិធានការ​ឆ្លើយតប​នឹង​កង្វល់​ក្រុមបាតុករ ខណៈ​បាតុកម្មហិង្សា​កំពុង​អង្រួន​សេដ្ឋកិច្ច​បារាំង​
10, Dec 2018 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង  នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ទាំងមូល​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ផ្តោតលើ​វិបត្តិ​ដែល​បង្កឡើង​ដោយ​«​ក្រុម​អាវ​ក្រៅ​ពណ៌​លឿង​»​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។ វិបត្តិ​នេះ​ដែល​លាយឡំ​ដោយ​អំពើហិង្សា​កំពុង​បង្ក​ផលប៉ះពាល​ដល់​សណ្តាប់ធ្នាប់​សង្គម និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុងប្រទេស​បារាំង​ទាំងមូល​ផងដែរ​។ 

 
​នេះ​ជា​លើកដំបូង​បំផុត​ដែល​ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង ចេញមុខ​ផ្តល់យោបល់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គោលនយោបាយ​រដ្ឋាភិបាល និង​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ជា​ដុំកំភួន​ឆ្លើយតប​នឹង​កង្វល់​ពលរដ្ឋ​បារាំង​។ សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នឹង​ថ្លែង​ចេញពី​វិមាន Elysee នៅ​ម៉ោង ៨៖០០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ១០​ខែធ្នូ​នេះ​។ 
 
​បទ​អន្តរាគមន៍​របស់​ប្រមុខរដ្ឋ​បារាំង​ជា​លើកដំបូង​ក្រោយ​ស្ងៀមស្ងាត់​អស់​ពេល​យូរ​ល្មម​នេះ​គឺ  មាន​គោលដៅ​សំខាន់​ប្រកាស​ពី​វិធានការ​ជាក់លាក់​ដែល​ឆ្លើយតប​នឹង​កង្វល់​របស់​ពលរដ្ឋ​បារាំង​ដែល​ចេញមុខ​បាតុកម្ម​ច្រើន​សប្តាហ៍​មកនេះ​ពោល​កឺ​តាំងពី​ខែវិច្ឆិកា​មកនេះ បន្ថែម​ពីលើ​ការអំពាវនាវ​ឲ្យ​មានការ​រួបរួម​ជាតិ និង​អត់ធ្មត់​បញ្ចៀស​ឲ្យ​បាន​នូវ​បាតុកម្មហិង្សា​នេះ​តទៅទៀត​ដែរ​។​
 
​មុននឹង​ចេញ​បទ​អន្តរាគមន៍ លោក ម៉ា​ក្រុង ក៏​នឹងត្រូវ​ជួបពិភាក្សា​ជាមួយ​បណ្តា​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​មូ​ដ្ឋា​ន ក៏ដូចជា​ប្រឹក្សា​យោបល់​ជាមួយ​តំណាង​សហគ្រាស និង ស្ថាប័ន​ពាណិជ្ជកម្ម​ផ្សេងទៀត​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ជាក់លាក់​ដែល​អាច​ធានា​បញ្ចប់​វិបត្តិ​ដែល​បន្ត​អូសបន្លាយ​នេះ​។​
 
​ជុំវិញ​ការផ្តល់​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង Benjamin Griveaux ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ Europe 1 កាលពី​ថ្ងៃអាទិត្យ​ថា ចលនា​បាតុកម្ម​ក្លាយជា​ហិង្សា​ដែល​អូសបន្លាយ​ដល់​ចុង​សប្តាហ៍​នេះ​ពិតជា​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​មើលរំលង​តម្រូវការ​របស់​ពលរ​ដ្ឋ​បារាំង​ដែល​ព្យាយាម​បង្ហាញ​ទុក្ខ​កង្វល់ និង​មតិយោបល់​របស់ខ្លួន​ក​ន្ល​ង​មក​។​
 
​ប្រភព​នៃ​វិបត្តិ​គឺ​ការដំឡើង​ពន្ធ​ប្រេងឥន្ធនៈ​។  ប៉ុន្តែ​កាលពី​សប្តាហ៍​មុន ដើម្បី​បញ្ចៀស​បញ្ហា ប្រមុខ​រដ្ឋាភិបាល​បារាំង​លោក ហ្វី​លី​ព សម្រេច​ព្យួរ​ចោល​បណ្តោះអាសន្ន​នូវ​វិធានការ​ដំឡើង​ពន្ធ​ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ ១​ខែមករា​ឆ្នាំ ២០១៩​នោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បារាំង​មិនទាន់​សម្រេច​បោះបង់​គម្រោង​ដាក់​ពន្ធ​ឡើងវិញ​លើ​ទ្រព្យសម្បត្តិ​អ្នកមាន និង​ដំឡើង​ប្រាក់​ឈ្នួល​តាម​ការទាមទារ​រប​ស់​ក្រុមបាតុករ​ឡើយ​ទេ​។​
 
​ដោយឡែក ខណៈដែល​ស្ថានការណ៍​ច្របូកច្របល់ អ្នកនយោបាយ​បារាំង​ពី​បក្សនយោបាយ​ដទៃ​ផ្សេងទៀត​ចេញមុខ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង​គិតគូរ​ពី​ដំណោះស្រាយ​។ គេ​ឃើញ អតីត​គូប្រជែង​នយោបាយ​លោក ម៉ា​ក្រុង អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន (Marine Le Pen) បាន​ទទូច​ឲ្យ​លោក ម៉ា​ក្រុង ទទួលស្គាល់​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​បារាំង និង​ប្រញាប់​ឆ្លើយតប​នឹង​កង្វល់​ក៏ដូចជា​តម្រូវការ​រប​ស់​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស​ដែរ​។​
 
​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង France24 ចលនា​បាតុកម្ម​ក្រុម​អាវ​ក្រៅ​ពណ៌​លឿង​ចាប់ផ្តើម​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍​ដោយមាន​បាតុករ​ចូលរួម​ជាង ១៣​ម៉ឺន​នាក់​ឯណោះ​នៅ​ទូទាំងប្រទេស​។ ចំនួន​អ្នកចូលរួម​គឺ​ប្រហាក់ប្រហែលគ្នា​នឹង​ចំនួន​អ្នកចូលរួម​កាលពី​សប្តាហ៍​មុន​ដែរ​។​
 
​ចលនា​បាតុកម្ម​តវ៉ា​នេះ​បាន​ប្រែក្លាយជា​ហិង្សា​ដោយមាន​កុបកម្ម និង​ការចូល​លួច​តាម​ហាង​ផង​។ ដើមឡើយ ចលនា​នេះ​កើតឡើង​តែ​ក្នុង​រដ្ឋធានី​ប៉ារីស​ប៉ុណ្ណោះ ប៉ុន្តែ​បន្តបន្ទាប់​វា​ក៏បាន​សាយភាយ​ដល់ទី​ក្រុង​ផ្សេងទៀត​ដូចជា Bordeaux, Toulouse និង​ទីក្រុង​ដទៃទៀត​ដែរ​។ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស បាតុករ​ប្រហែល ១០៨២​នាក់​ឯណោះ​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​ចំនួន​បាតុករ​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី សប្តាហ៍​មុន​មាន​ត្រឹម ៤១២​នាក់​ប៉ុណ្ណោះ​។ 
 
១.​បាតុករ​បារាំង​មាន​គោលដៅ​ខុសៗ​គ្នា​

​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ ដើមហេតុ​នៃ​ការតវ៉ា​របស់​ក្រុម​អាវ​ក្រៅ​ពណ៌​លឿង គឺ​គោលនយោបាយ​ដំឡើង​ពន្ធ​។ រដ្ឋាភិបាល​បារាំង​អះអាងថា ការបន្ថែម​ពន្ធ​ថ្មី​លើ​ប្រេងឥន្ធនៈ​ជា​មធ្យោបាយ​ដើម្បី​ប្រឆាំងនឹង​ការបំពុល​បរិយាកាស ប៉ុន្តែ​ពលរដ្ឋ​បារាំ​វិញ​ចាត់ទុកថា វា​ជា​បន្ទុក​ធ្ងន់​សម្រាប់​ប្រជាជន​បារាំង​ចំណូល​មធ្យម និង​ចំណូល​ទាប​។ 
 
​តាមពិតទៅ​ចលនា​បាតុកម្ម​ប្រឆាំង​វិធានការ​រដ្ឋាភិបាល​នេះ​ទៀតសោត​ក៏ត្រូវ​បញ្ឆេះ​ឡើង​ថែម​ដោយ​ការបន្ត​ឡើងថ្លៃ​ប្រេងឥន្ធនៈ​ក្នុងឆ្នាំនេះ​ជា​បន្តបន្ទាប់​ដែរ​។ ក្រៅពីនេះ​ពលរដ្ឋ​បារាំង​ធ្លាប់​ចោទថា លោក ម៉ា​ក្រុង ដែល​ឡើងកាន់តំណែង​កាលពី​ឆ្នាំ ២០១៧​នោះ កំពុង​អនុវត្ត​គោលនយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​បារាំង​ដែលមាន​ចំណូល​មធ្យម និង​ចំណូល​ទាប​ស្រាប់​នោះ ប្រឈម​ការលំបាក​កាន់តែខ្លាំង​ថែមទៀត​។ គេ​សំដៅ​ដល់​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ជំរុញ​ការកាត់បន្ថយ​ពន្ធ​សម្រាប់​សហគ្រិន និង​អ្នកមាន​ចំណូល​ខ្ពស់​។ កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​បាន​លុបចោល​ពន្ធ​ដែល​ដាក់​លើ​អ្នក​ដែលមាន​ចំណូល​ខ្ពស់​ថែមទៀត​។​
 
​ត្រឡប់មកវិញ ថ្វីបើ​បាតុកម្ម​របស់​ក្រុម​អាវ​ក្រៅ​ពណ៌​លឿង​ផ្តើមចេញពី​ការ​ប្រឆាំងនឹង​គោលនយោបាយ​ដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ក៏ដោយចុះ ចលនា​នេះ​បាន​ទាក់ទាញ​ការចូលរួម​ពី​ពលរដ្ឋ​បារាំង​គ្រប់​ស្រទាប់វណ្ណៈ ហើយ​ពួកគេ​មាន​គោលដៅ​ផ្សេងៗ​គ្នា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកចូលរួម​បាតុកម្ម​ខ្លះ​ដែលមាន​វ័យ​ចំណាស់ គឺ​ចង់​ទាមទារ​ប្រាក់​សោធ​និវត្តន៍​វិញ​, ខ្លះ​ទាមទារ​ឲ្យ​មានការ​កាត់បន្ថយ​នូវ​អត្រា​និកម្មភាព​, ខ្លះ​ទាមទារ​ឲ្យ​មានការ​កាត់​បន្ថយពន្ធ និង ខ្លះ​ទារ​ដំឡើង​ប្រាក់បៀវត្សរ៍​ជាដើម​ដែរ​។​
 
​បាតុករ​ជា​ប្រជាជន​វ័យ​ចំណាស់​ដែលជា​អ្នក​ចូលនិវត្តន៍ និង​ធ្លាប់​បោះឆ្នោត​ឲ្យ​លោក ម៉ា​ក្រុង​ផង​នោះ បាន​អះអាងថា ពួកគេ​មិន​ពេញចិត្ត​ដែល​រដ្ឋាភិបាល​ដាក់​ពន្ធ​លើ​អ្នកមាន​ប្រាក់​សោធ​និវត្តន៍​ឡើយ​។ ក្រុងប៉ារីស​បានសម្រេច​ដាក់​ពន្ធ​លើ​ប្រាក់ចំណូល រួមទាំង​ពន្ធ​លើ​អ្នកមាន​ប្រាក់​សោធ​និវត្តន៍​លើស ១២០០ អឺរ៉ូ​ក្នុង​មួយខែ​ដែរ​។ 
 
​បាតុករ​ខ្លះទៀត​ដែលជា​ម្ចាស់​ជំនួញ​តូចៗ​បាន​ត្អូញត្អែរថា ច្បាប់​ពន្ធ និង​ច្បាប់​សន្តិសុខ​សង្គម​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការលំបាក​ក្នុងការ​បង្កើន​ប្រាក់បៀវត្សរ៍​ដល់​បុគ្គលិក​។ ឯ​ខ្លះទៀត​នាំគ្នា​ទិតៀន​ថា លោក ម៉ា​ក្រុង រស់នៅក្នុង​ភាព​ហ៊ឺហារ និង​ខ្ជះខ្ជាយ​លុយ​រដ្ឋ មិន​ដូច​មេដឹកនាំ ផ្សេងទៀត​ដែល​រស់នៅក្នុង​ស្ថានភាព​សាមញ្ញ​ឡើយ​។ 
 
​ក្នុង​ខែមិថុនា វិមាន​ប្រធានាធិបតី​បារាំង Elysée បាន​បញ្ជា​ទិញ​ចាន​ថ្មី​ចំនួន ១២០០​ដែល​ប្រើប្រាស់​សម្រាប់​ទទួល​មេដឹកនាំ​បរទេស​ក្នុង​ពិធី​លាង​សាយភោជន៍​។ ប៉ុន្តែ​ចាន​ទាំងនោះ​មានតម្លៃ​រហូតដល់ ៥០​ម៉ឺន​អឺរ៉ូ​ឯណោះ​។ គេ​ប្រៀបធៀប​ជាមួយ​លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់ ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដូចជា​ជិះ​រថភ្លើង និង​ជិះ​យន្តហោះ​ធម្មតា ដោយ​មិនមាន​យន្តហោះ​ផ្ទាល់​ខ្លួ​នោះឡើយ​។​
 
២.​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​៖ «​ចលនា​បាតុកម្ម​បង្កើត​វិនាសកម្ម​សេដ្ឋកិច្ច​»
 
​ក្រោយ​ហិង្សា​និង​ការបំផ្លិច​បំ​ផ្លា​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ និង​រង​ផលប៉ះពាល់​ដោយសារ​ចលនា​បាតុកម្ម​នេះ​ផង​។  ការខូចខាត​ដែល​កើត​មាននៅ​ចុង​សប្តាហ៍​កន្លងទៅ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ការខូចខាត​កាលពី​សប្តាហ៍​មុនៗ​ដែរ​។​
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា បាតុកម្ម​ដែល​បង្ក​ហិង្សា​ទ្រង់ទ្រាយ​ធំ​នេះ​ជា​មហន្តរាយ​សម្រាប់​សេដ្ឋ​កិច្ច​បារាំង​។ លោក​លើកឡើងថា ក្រុមហ៊ុន និង​ហាង​ទំនិញ​ជាច្រើន​ត្រូវ​បិទ ហើយ​ភ្ញៀវទេសចរ​មិន​អាចមក​កម្សាន្ត​បាន ស្រប​ពេលដែល​ថ្ងៃបុណ្យ​ណូអែល​ជិត​មកដល់​ផង​។  
 
​បើតាម​ទិន្នន័យ​បណ្តាញ​សមាគម​អ្នកលក់ដូរ​របស់​បារាំង អ្នក​ប្រកប​របរ​លក់ដូរ​ខាត​លុយ​យ៉ាងហោចណាស់​មួយ​ពាន់​លាន​ដុល្លារ ដោយសារ​ការបិទ​ហាង​លក់ដូរ និង​ការរំខាន​ដល់​សកម្មភាព​ពាណិជ្ជក​ម្ម​ពី​ចលនា​បាតុកម្ម​នៅ​ក្រុងប៉ារីស​និង​ទីក្រុង​ផ្សេងទៀត​ដែរ​។ កន្លងមក រៀងរាល់ថ្ងៃ​សៅរ៍​បួន​សប្តាហ៍​ជាប់​គ្នា​ហើយ​ដែល​បាតុករ​នាំគ្នា​បិទផ្លូវ​ចូល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់ៗ​ក្នុង​ទីក្រុង​ដែរ​។ 
 
​ចំណែក​ប្រតិបត្តិ​ករ​ទេសចរណ៍​របស់​បារាំង​វិញ​ក៏បាន​ប្រកាស​ដែរ​ថា ចលនា​បាតុកម្ម​កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ដែរ​។ យោងតាម​សារព័ត៌​មានបារាំង Le Parisien ប្រតិបត្តិ​ករ​ទេសចរណ៍​បារាំង​អះ​អា​ថា ចំនួន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ក្រុងប៉ារីស​ថយចុះ​ខ្លាំង បើ​ប្រៀបធៀប​នឹង​ចំនួន​ទេសចរ​ឆ្នាំមុនៗ​៕
 

Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  Yell Vest
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com