អន្តរជាតិ
កូនប្រុសប្រធានាធិបតីឥណ្ឌូណេស៊ី៖ «យើង មិនរកស៊ីដោយប្រើឈ្មោះឳពុកឡើយ» ក្រុមគ្រួសារប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Jakata Globe)
× លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ និងក្រុមគ្រួសាររបស់លោក ដែលកន្លងមកត្រូវបានវាយតម្លៃថាជាក្រុមគ្រួសារមេដឹកនាំដ៏សាមញ្ញបំផុតប្រចាំតំបន់ បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលជួបជជែកជាលើកដំបូង និងផ្តល់ការសម្ភាសន៍ពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ការផ្តល់បទសម្ភាសន៍កើតឡើង ខណៈអាណត្តិទីមួយរបស់លោក ចូកូ ជិតដល់ពេលបញ្ចប់ទៅហើយដែរ។
នៅថ្ងៃទី៨ ខែធ្នូ លោកប្រធានាធិបតីចូកូ វីដូដូ រួមជាមួយនឹងស្ត្រីទីមួយលោកស្រី Iriana ព្រមទាំងកូនប្រុសស្រីបានផ្តល់កិច្ចសម្ភាសន៍ពីជីវិតក្រុមគ្រួសារ ដល់អ្នកសារព័ត៌មានជាលើកដំបូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post។
នាជំនួបនោះ លោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មាន ថា វាជារឿងលំបាកណាស់សម្រាប់រូបលោកក្នុងការជួបជុំកូនចៅ ដ្បិតគ្រប់គ្នាសុទ្ធតែរវល់នឹងការងារ និងមានបែបផែនជីវិតខុសៗគ្នា។ ប៉ុន្តែ លោក អះអាងថា លោកពិតជារីករាយដែលឃើញកូនៗរបស់លោក អាចប្រកបមុខរបបដោយឯករាជ្យរៀងៗខ្លួន។
តាម Jakarta Post ក្នុងជំនួបដ៏កម្រនោះ កូនប្រុសច្បងរបស់លោកចូកូវី គឺលោក ហ្គីប្រេន (Gibran) បានលើកឡើងថា ឳពុករបស់លោក បានគ្រប់គ្រងកូនដោយប្រើប្រាស់គោលការណ៍តឹងរ៉ឹង ហើយរូបលោក និងប្អូនៗ មានការទទួលខុសត្រូវខ្ពស់ និងត្រូវតែឯករាជ្យ។
ពាក់ព័ន្ធនឹងការប្រកបមុខរបបប្រចាំថ្ងៃ លោក ហ្គីប្រេន បានទទួលស្គាល់ថា សាធារណជនភាគច្រើន តែងតែមើលលោក និងប្អូនរបស់លោកបើកមុខជំនួញម្តងៗដោយសម្អាងលើឪពុក។ ប៉ុន្តែលោក អះអាងថា រូបលោកមិនរស់នៅក្រោមកេរ្តិ៍ឈ្មោះរបស់ឳពុកឡើយ ហើយរាល់កិច្ចការរកស៊ី សុទ្ធសឹងតែជាកិច្ចប្រឹងប្រែងដោយខ្លួនប៉ុណ្ណោះ។
នៅពេលអ្នកអ្នកសារព័ត៌មានសួរថាតើ ពួកគេមានចេតនាចង់ដើរតាមគន្លងឳពុកក្នុងឆាកនយោបាយឬយ៉ាងណានោះ ទាំងកូនប្រុស និងកូនស្រីរបស់លោកចូកូវី សុទ្ធតែបដិសេធ។ ពួកគេ អះអាងថា ពួកគេ ចូលចិត្តការងាររកស៊ីជាង។ លោក ចូកូវី មានកូនបីនាក់ ដែលពួកគេ សុទ្ធសឹងតែអ្នកជំនួញពាក់ព័ន្ធនឹងដំណើរការភោជនីយដ្ឋាន និងលក់សម្ភារៈ។
គួរជម្រាបផងដែរថា លោកប្រធានាធិបតី ចូកូ វីដូដូ បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៤។ ក្រុមគ្រួសាររបស់លោកកម្របង្ហាញមុខសាធារណៈក្នុងកិច្ចការដឹកនាំប្រទេសណាស់។ ក្រុមគ្រួសាររបស់លោក ក៏ធ្លាប់ត្រូវបានវាយតម្លៃថា ជាគ្រួសារដ៏សាមញ្ញ និងដាក់ខ្លួនបំផុត បើប្រៀបធៀបទៅនឹងក្រុមគ្រួសាររបស់មេដឹកនាំក្នុងតំបន់មួយចំនួន៕
© រក្សាសិទ្ធិដោយ thmeythmey.com