អន្តរជាតិ
កូនប្រុស​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៖ «​យើង មិន​រកស៊ី​ដោយ​ប្រើ​ឈ្មោះ​ឳ​ពុក​ឡើយ​»
10, Dec 2018 , 8:59 pm        
រូបភាព
ក្រុមគ្រួសារប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Jakata Globe)
ក្រុមគ្រួសារប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Jakata Globe)
ដោយ:
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ និង​ក្រុមគ្រួសារ​របស់លោក ដែល​កន្លងមក​ត្រូវបាន​វាយតម្លៃថា​ជា​ក្រុមគ្រួសារ​មេដឹកនាំ​ដ៏​សាមញ្ញ​បំផុត​ប្រចាំ​តំបន់ បានអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូលជួប​ជជែក​ជា​លើកដំបូង និង​ផ្តល់​ការសម្ភាសន៍​ពាក់ព័ន្ធ​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ការផ្តល់​បទសម្ភាសន៍​កើតឡើង ខណៈ​អាណត្តិ​ទីមួយ​របស់លោក ចូ​កូ ជិត​ដល់ពេល​បញ្ចប់ទៅ​ហើយ​ដែរ​។​


 
​នៅ​ថ្ងៃទី​៨ ខែធ្នូ លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ រួម​ជាមួយនឹង​ស្ត្រី​ទីមួយ​លោកស្រី Iriana ព្រមទាំង​កូនប្រុស​ស្រី​បានផ្តល់​កិច្ចសម្ភាសន៍​ពី​ជីវិត​ក្រុមគ្រួសារ ដល់​អ្នកសារព័ត៌មាន​ជា​លើកដំបូង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post​។​
 
​នា​ជំនួប​នោះ លោក​ប្រធានាធិបតី បាន​ប្រាប់​អ្នកសារព័ត៌មាន ថា វា​ជា​រឿង​លំបាក​ណាស់​សម្រាប់​រូបលោក​ក្នុងការ​ជួបជុំ​កូនចៅ ដ្បិត​គ្រប់គ្នា​សុទ្ធតែ​រវល់​នឹង​ការងារ និង​មាន​បែបផែន​ជីវិត​ខុសៗ​គ្នា​។ ប៉ុន្តែ លោក អះអាងថា លោក​ពិតជា​រីករាយ​ដែល​ឃើញ​កូនៗ​របស់លោក អាច​ប្រកបមុខរប​ប​ដោយ​ឯករាជ្យ​រៀងៗ​ខ្លួន​។​
 
​តាម Jakarta Post ក្នុងជំនួប​ដ៏​កម្រ​នោះ កូនប្រុស​ច្បង​របស់លោក​ចូ​កូ​វី គឺ​លោក ហ្គី​ប្រេន (Gibran) បាន​លើកឡើងថា ឳ​ពុក​របស់លោក បាន​គ្រប់គ្រង​កូន​ដោយ​ប្រើប្រាស់​គោលការណ៍​តឹងរ៉ឹង ហើយ​រូបលោក និង​ប្អូនៗ មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវតែ​ឯករាជ្យ​។​
 
​ពាក់ព័ន្ធ​នឹង​ការប្រកបមុខរប​ប​ប្រចាំថ្ងៃ លោក ហ្គី​ប្រេន បាន​ទទួលស្គាល់ថា សាធារណជន​ភាគច្រើន តែងតែ​មើល​លោក និង​ប្អូន​របស់លោក​បើកមុខ​ជំនួញ​ម្តងៗ​ដោយ​សម្អាង​លើ​ឪពុក​។ ប៉ុន្តែ​លោក អះអាងថា រូបលោក​មិន​រស់នៅ​ក្រោម​កេរ្តិ៍ឈ្មោះ​របស់​ឳ​ពុក​ឡើយ ហើយ​រាល់​កិច្ចការ​រកស៊ី សុទ្ធសឹងតែ​ជា​កិច្ចប្រឹងប្រែង​ដោយ​ខ្លួន​ប៉ុណ្ណោះ​។ 
 
​នៅពេល​អ្នក​អ្នកសារព័ត៌មាន​សួរថា​តើ ពួកគេ​មាន​ចេតនា​ចង់​ដើរ​តាម​គន្លង​ឳ​ពុក​ក្នុង​ឆាកនយោបាយ​ឬ​យ៉ាងណា​នោះ ទាំង​កូនប្រុស និង​កូនស្រី​របស់លោក​ចូ​កូ​វី សុទ្ធតែ​បដិសេធ​។ ពួកគេ អះអាងថា ពួកគេ ចូលចិត្ត​ការងារ​រក​ស៊ី​ជាង​។ លោក ចូ​កូ​វី មានកូន​បីនាក់ ដែល​ពួកគេ សុទ្ធសឹងតែ​អ្នកជំនួញ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ភោជនីយដ្ឋាន និង​លក់​សម្ភារៈ​។  
 
​គួរ​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៤​។ ក្រុមគ្រួសារ​របស់លោក​កម្រ​បង្ហាញមុខ​សាធារណៈ​ក្នុង​កិច្ចការ​ដឹកនាំ​ប្រទេស​ណាស់​។ ក្រុមគ្រួសារ​របស់លោក ក៏​ធ្លាប់​ត្រូវបាន​វាយតម្លៃថា ជា​គ្រួសារ​ដ៏​សាមញ្ញ និង​ដាក់ខ្លួន​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ក្រុមគ្រួសារ​របស់​មេដឹកនាំ​ក្នុង​តំបន់​មួយចំនួន​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com