ជាតិ
នយោបាយជាតិ
អ្នកជំនាញនៅសភា បញ្ចប់ការសិក្សាលើច្បាប់ ដែលបើកផ្លូវឲ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា
× គណៈកម្មការជំនាញផ្នែកច្បាប់និងនីតិកម្មនៃរដ្ឋសភា បានសិក្សាលម្អិតរួចហើយ លើសំណើសុំឲ្យធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ គេ ដឹងថា ការកែច្បាប់នេះ គឺដើម្បីបើកច្រកឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ចូលធ្វើនយោបាយវិញ។
ក្រោយពិនិត្យរួច គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានយល់ព្រមលើសំណើសុំធ្វើវិសោធនកម្មនេះ ហើយបានបញ្ចូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ ព័ត៌មានពីរដ្ឋសភា បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១១ ខែធ្នូនេះ ដើម្បីកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា លើសំណើសុំកែច្បាប់ខាងលើ។
មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា តុលាការកំពូល អាចរំលាយគណបក្សនយោបាយណាមួយបាន ហើយថ្នាក់ដឹកនាំនៃគណបក្សនោះ ក៏អាចត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ប៉ុន្តែ នៅពេលមាត្រានេះ ត្រូវបានកែប្រែរួច អ្នកជាប់បម្រាមរបស់តុលាការកំពូល អាចនឹងមានឱកាសបានវិលមកកាន់ឆាកនយោបាយវិញ មុនកាលកំណត់៥ឆ្នាំ។ ខ្លឹមសារ ដែលនឹងត្រូវបញ្ចូលក្នុងមាត្រានេះ គឺនាយករដ្ឋមន្ត្រី ជាអ្នកមានសិទ្ធិ ថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ ប្រទាននីតិសម្បទាដល់អ្នកទាំងនោះ ហើយឲ្យពួកគេ ទទួលបានសិទ្ធិនយោបាយដូចមុន។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បង្ហើបថា ភាគច្រើននៃអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អាចនឹងមានសង្ឃឹម ដោយសារតែពួកគេ បានអនុវត្តតាមសាលក្រមរបស់តុលាការកំពូល។ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា អ្នកដែលមិនគោរព មានតិចតួចប៉ុណ្ណោះ។
រដ្ឋាភិបាល ប្រកាសថា ការកែប្រែច្បាប់ត្រង់ចំណុនេះ គឺដើម្បីពង្រឹងសិទ្ធិមនុស្សនិងនីតិរដ្ឋ រួមទាំងឈរលើស្មារតីផ្សះផ្សារជាតិ៕
Tag:
ច្បាប់នយោបាយ
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com