អន្តរជាតិ
មហាធៀ ប្រាប់សម្ព័ន្ធភាពកាន់អំណាចកុំឲ្យប្រព្រឹត្តអំពើពុករលួយ បើចង់ជាប់ឆ្នោតម្តងទៀត
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃអាទិត្យទី០៩ ខែធ្នូ បានបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយសម្ព័ន្ធគណបក្ស Pakatan Harapan (PH) ត្រូវតែដឹកនាំប្រទេសដោយភាពស្អាតស្អំ ប្រសិនបើខ្លួនចង់ឈ្នះការបោះឆ្នោតនៅអាណត្តិក្រោយទៀត។
លោក មហាធៀ ដែលជាប្រធានសម្ព័ន្ធបក្សកាន់អំណាចម៉ាឡេស៊ី បានថ្លែងបញ្ជាក់ថា គណបក្សទាំងអស់របស់សម្ព័ន្ធភាព Pakatan Harapan ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតកាលពីខែឧសភា គឺដោយសារតែ ជំហរប្រឆាំងនឹងអំពើពុករលួយ។ ថ្លែងនៅក្នុងពិធីសប្បុរសធម៌មួយនាទីក្រុង Putrajaya មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ បានលើកឡើងបែបនេះ៖«កុំយកខ្លួនទៅប្រឡាក់នឹងរឿងដែលគេហាមឃាត់ឲ្យសោះ ឬក៏ទទួលសំណូកពីអ្នកផ្សេង ដ្បិតថា វាគឺល្មើសច្បាប់របស់ម៉ាឡេស៊ី»។
បើតាមសារព័ត៌មានម៉ាឡេស៊ី Bernama លោកមហាធៀ បានបន្តទៀតថា៖ «ប្រសិនបើយើងនៅតែបន្តរក្សាភាពស្អាតស្អំ និងត្រូវបានប្រជាជន ចាត់ទុកថា ជារដ្ឋបាលដែលមិនមានភាពស្មោគគ្រោក ឬត្រូវបានបំពុលដោយភាពលោភលន់ទេនោះ យើងនឹងនៅតែអាចបន្តតំណែងដដែលនៅក្នុងអាណត្តិក្រោយទៀត»។
ទាក់ទិននឹងការបោះឆ្នោតថ្នាក់ជាតិរបស់ម៉ាឡេស៊ីនាអាណត្តិក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យចំណាស់រូបនេះ បានគូសបញ្ជាក់ថា សម្ព័ន្ធភាពកាន់អំណាច នឹងលែងត្រូវបានដឹកនាំដោយលោកទៀតហើយ។ សម្ព័ន្ធបក្សកាន់អំណាច នឹងនៅតែទទួលបានជ័យជម្នះ ប្រសិនបើបក្សនេះ នៅតែប្រកាន់ខ្ជាប់នូវភាពស្អាតស្អំ ដោយមិនស៊ីសំណូកសូកប៉ាន់។ ប៉ុន្តែបើសមាជិកគណបក្សនេះ ប្រព្រឹត្តអំពើពុករលួយនោះ វាមិនខ្វល់ថាអ្នកណាជាមេដឹកនាំនោះទេ បក្សទាំងមូលនឹងទទួលបរាជ័យជាក់ជាពុំខាន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក មហាធៀ ៕
Tag:
មហាធៀ មហាម៉ាត់
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com