ជាតិ
លោក Eric Delobe៖ ក្រុមហ៊ុនVinci Airport រីកមុខមាត់ ដោយសារផ្ដើមចេញពីកម្ពុជា លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport ផ្ដល់កិច្ចសម្ភាសដល់អ្នកព័ត៌មាននៅព្រលានយន្តហោះខេត្តសៀមរាប
× សៀមរាប៖ ក្រុមហ៊ុន Vinci គឺជាក្រុមហ៊ុនមួយ ដែលវិនិយោគលើវិស័យអាកាសចរណ៍ដ៏ធំមួយនៅលើពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងមានអាកាសយានដ្ឋានចំនួន៤៤ នៅក្នុងប្រទេស១១ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ដែលអាចរកចំណូលបានជាង៤ពាន់លានអឺរ៉ូ (ជិត៣,៥ពាន់លានដុល្លារ) ។ក្រុមហ៊ុន Vinci បានរីកមុខមាត់ ដោយសារផ្ដើមចេញពីវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុន Vinci Airport បានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣ តាមរយៈអាកាសយានដ្ឋានព្រលានយន្តហោះពោធិ៍ចិនតុង (បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញ) ដែលអន្តរជាតិនិយមហៅថា Cambodia Airport ។ ក្រោយពីដំណើរការបានរយៈ៨ឆ្នាំ ក្រុមហ៊ុន Vinci Airport ក៏បានបន្តវិនិយោគនៅព្រលានយន្តហោះសៀមរាបនៅឆ្នាំ២០០១ មុននឹងវិនិយោគនៅព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០០៦។
លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport បាននិយាយថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍លោក បានពង្រីកខ្លួន និងភ្ជាប់ទំនាក់ទំនងយ៉ាងល្អ ជាមួយក្រុមហ៊ុនអាកាសជាង២៥០ នៅលើពិភពលោក។ ដោយសារភាពរីកចម្រើនបែបនេះហើយ ទើបលោក Eric លើកឡើងថា ក្រុមហ៊ុន Vinci Airport បានរីកមុខមាត់ ដោយសារផ្ដើមចេញពីការវិនិយោគវិស័យអាកាសនៅកម្ពុជា។
« Vinci Airport គឺបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយការរីកសាយភាយបណ្ដាញនេះ គឺមានដើមកំណើតដំបូងកើតចេញពីប្រទេសកម្ពុជា។ ហើយយើងក៏មានកិត្តិយស និងមោទកភាពចំពោះការរីកចម្រើនបែបនេះ»។ នេះជាការលើកឡើងរបស់លោក Eric ប្រាប់ដល់ក្រុមអ្នកកាសែត ដែលទស្សនកិច្ចអាកាសយានដ្ឋានព្រលានយន្តហោះខេត្តសៀមរាប។
កាលពីឆ្នាំ២០១៧កន្លងមក អាកាសយានដ្ឋានទាំង៣នេះ អាចទទួលបានចំនួនភ្ញៀវទេសចរណ៍ធ្វើដំណើរបាន ៨,៨លាននាក់ ដែលកើនឡើង២៥ភាគរយ បើធៀបកាលពីឆ្នាំ២០១៦។ ដោយឡែកនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុន Vinci ជឿជាក់ថា អាកាសយានដ្ឋានទាំង៣ នឹងអាចទទួលបានភ្ញៀវ ឬអ្នកធ្វើដំណើរបាន១០លាននាក់។ ក្រៅពីការទទួលភ្ញៀវទេសចរ ក្រុមហ៊ុនក៏បានទទួលការផ្ញើទំនិញ៦០ពាន់តោន ដែលមានកំណើនកើនឡើងរហូតដល់៤០ភាគរយផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន Vinci Airport កំពុងដំណើរការអាកាសយានដ្ឋានព្រលានយន្តហោះចំនួន៤៤ នៅក្នុងប្រទេស១១ ដែលទទួលបានអ្នកដំណើរជាង២០០លាននាក់ ហើយអាចរកចំណូលបានជាង៤ពាន់លានអឺរ៉ូ (ជិត៣,៥ពាន់លានដុល្លារ) កាលពីឆ្នាំ២០១៧ និងមានការកើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ បន្ថែមពីនេះក្រុមហ៊ុន Vinci Airport កំពុងរៀបចំតំណភ្ជាប់ជើងហោះហើរ ជាមួយប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាអាកាសយានដ្ឋានធំៗក្នុងប្រទេសផ្សេងៗទៀត ដែលវាជាយុទ្ធសាស្ត្រមួយ ក្នុងការបង្កើនចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសដែលក្រុមហ៊ុន Vinci Airport ឈរមូលដ្ឋាន។
ក្រុមហ៊ុន Vinci Airport គឺបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vinci Group ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំរបស់បារាំង នៅទូទាំងពិភពលោក ដែលផ្ដោតទៅលើការវិនិយោគជាពីរផ្នែក ដោយផ្នែកទី១ លើការសាងសង់ ដូចជា ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលជាដើម។ រីឯផ្នែកទី២ ផ្ដោតលើការទទួលបានសិទ្ធិសម្បទានពីរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ សម្រាប់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕
Tag:
Eric Delobe
Cambodia Airport
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com