ជាតិ
រថយន្ត
សេដ្ឋកិច្ច
កម្ពុជា ជា​អ្នក​នាំចេញ​កង់​ធំជាងគេ​ទៅ​EU
10, Dec 2018 , 7:19 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ បច្ចុប្បន្ន កម្ពុជា​គឺជា​ប្រទេស​នាំចេញ​កង់​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ធំ​បំផុត នាំមុខ​តៃវ៉ាន់ និង​ប្រទេស​ហ្វីលីពីន​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា របស់​ធនាគារពិភពលោក ដែល​ចេញផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ​។​


 
​ជាមួយ​ការនាំចេញ​កង់ និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងទៀត ដែល​មិនមែន​ទំនិញ​វាន​ភណ្ឌ របាយការណ៍ World Bank អះអាងថា កម្ពុជា​កំពុង​ជោគជ័យ​លើ​ដំណើរ​ចាប់​ផ្ដើមធ្វើ​ពិពិធ​កម្ម​នាំចេញ​របស់ខ្លួន​។ របាយការណ៍​បន្ថែម​ដូច្នេះ​ទៀតថា​៖«​ដែល​គាំទ្រ​ដោយ​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប EBA កម្ពុជា​គឺជា​អ្នកផ្គត់ផ្គង់​កង់​ធំជាងគេ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​នាពេល​បច្ចុប្បន្ននេះ​»​។​
 
​នៅក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​កង់​ទៅ​សហភាព​អឺរ៉ុប (EU)​ចំនួន​មិនតិចជាង ១,៤​លាន​កង់ ក្នុង​កំណើន ៩​ភាគរយ​។ ចំនួន​នេះ​បានធ្វើ​ឲ្យ​កម្ពុជា នាំមុខ​តៃវ៉ាន់​ដែល​បាន​នាំចេញ​ចំនួន ១,៣​លាន​កង់ និង​ប្រទេស​ភី​លី​ពី​ន ០,៨​លាន​កង់ ទៅ​ទីផ្សារ EU ។ តៃវ៉ាន់​ធ្លាប់ជា​អ្នកផ្គង់ផ្គង់​កង់​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក​។​
 
​ការនាំចេញ​កង់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មានតម្លៃ​សរុប ៣៣៥ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ។ ដោយឡែក​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ការនាំចេញ​នេះ បាន​កើនឡើង ១៦,៧​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក​៕

Tag:
 កង់​
  ពិពិធ​កម្ម​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com