រថយន្ត
អន្តរជាតិ
​លុច​សំបួ​នឹង​ក្លាយជា​ប្រទេស​ទីមួយ​ដែល​មិន​គិតថ្លៃ​លើ​សេវា​ដឹកជញ្ជូន​សាធារណៈ​គ្រប់​ប្រភេទ​
10, Dec 2018 , 7:39 pm        
រូបភាព
ដោយ:
​លុច​សំបួ​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​មិន​គិតថ្លៃ​លើ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ទាំងអស់​ដែលមាន​។ គោលដៅ​ដែល​ដាក់ចេញ​ថ្មី​នេះ​គឺមាន​គោលដៅ​សំខាន់​លើ​ការលើកកម្ពស់​ការថែរក្សា​បរិស្ថាន និង​បន្ធូរបន្ថយ​ការកកស្ទះ​ចរាចរណ៍​។

 
​ថ្លៃ​ចំណាយ​លើ​រថភ្លើង​, រថ​អគ្គីសនី និង​ឡានក្រុង នឹង​ត្រូវបាន​លើកលែង គិត​ចាប់ពី​ខែមិថុនា​ឆ្នាំ​២០១៩ តទៅ ក្រោម​ផែនការ​របស់​រដ្ឋាភិបាល​ចម្រុះ​ទើប​ជាប់ឆ្នោត​សារជាថ្មី ដែល​ដឹកនាំ​ដោយ នាយករដ្ឋមន្ត្រី​លុច​សំបួ លោក Xavier Bettel​។ លោក Xavier Bettel បាន​ស្បថ​ចូលកាន់​តំណែង​ក្នុង​អាណត្តិ​ទី​ពីរ​របស់លោក កាលពី​ថ្ងៃ​ពុធ ទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។​
 
​តាមពិតទៅ គណបក្ស​ប្រជាធិបតេយ្យ​របស់លោក Bettel  នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ ជាមួយ​គណបក្ស​ពលករ​សង្គមនិយម និង​គណបក្ស​បៃតង ដោយ​ពួកគេ​បាន​ប្តេជ្ញា​ផ្តោត​សំខាន់​លើ​បញ្ហា​បរិស្ថាន អំឡុង​យុទ្ធនា​ការបោះឆ្នោត​កាលពី​ថ្មីៗ​កន្លងទៅនេះ​។ 
 
​យោងតាម​សារព័ត៌មាន The Guardian លុច​សំបួ​ស៊ីត​ធី រដ្ឋធានី​របស់​លុច​សំបួ​ក៏​ជាទី ដែល​រងគ្រោះ​ពី​ការកកស្ទះ​ចរាចរណ៍​អាក្រក់​បំផុត​មួយ​ផងដែរ​ក្នុង​ពិភពលោក​។ រដ្ឋធានី​នេះ​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១១​ម៉ឺន​នាក់ ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ មនុស្ស​ជាង​៤០​ម៉ឺន​នាក់​ធ្វើដំណើរ​ចូលទៅក្នុង​ទីក្រុង​នេះ ដើម្បី​ប្រកបការងារ​។ 
 
​ខណៈ​ប្រទេស​នេះ​ទាំងមូល​មាន​ប្រជាជន​សរុប​ប្រមាណ ៦០​ម៉ឺន​នាក់ ជា​រៀងរាល់ថ្ងៃ ប្រជាជន​ជិត​២០​ម៉ឺន​នាក់ ដែល​កំពុង​រស់នៅ ក្នុងប្រទេស​បារាំង​, ប៊ែ​ល​ហ្សិ​ក​,  និង​អាល្លឺម៉ង់ បាន​ឆ្លងកាត់​ព្រំដែន ទៅ​ធ្វើការ​ក្នុងប្រទេស​លុច​សំបួ​។  
 
​ការសិក្សា​មួយ​បាន​គូសបញ្ជាក់ថា  ក្នុង​មួយឆ្នាំ អ្នកបើកបរ​ដែល​ធ្វើដំណើរ​នៅក្នុង​រដ្ឋធានី បាន​ខ្ជះខ្ជាយ​ពេល​អស់​ជា​មធ្យម​ប្រមាណ ៣៣ ម៉ោង សម្រាប់​ការកកស្ទះ​កាលពី​ឆ្នាំ​២០១៦​។ 
​លុច​សំបួ​បានបង្ហាញ​ការយកចិត្តទុកដាក់​ខ្លាំង​លើ​សេវា​ដឹកជញ្ជូន​របស់​រដ្ឋ​។ ជាក់ស្តែង កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ  រដ្ឋាភិបាល​បានសម្រេច​ផ្តល់​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ​៕
 

Tag:
 លុច​សំបួ​
  សេវ​កម្ម​ដឹកជញ្ជូន​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com