សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានកិច្ចការធំៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់នៅឆ្នាំ២០១៩ ដើម្បីអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ និងមុខមាត់ប្រទេសជាតិ។ កិច្ចការធំៗទាំងនេះ ត្រូវថ្នាក់ដឹកនាំសហព័ន្ធ លើកឡើងក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងដាក់ទិសដៅអនុវត្តប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលោក វ៉ាត់ ចំរើន បានចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំដ៏អស្ចារ្យ និងមមាញឹកសម្រាប់សហព័ន្ធកីឡាគុនល្បុក្កតោ ព្រោះសហព័ន្ធមានការងារច្រើន ដែលត្រូវធ្វើជាចាំបាច់។ កិច្ចការសំខាន់មួយក្នុងចំណោមកិច្ចការទាំងនេះ គឺការពិនិត្យឡើងវិញនូវឯកសារ ដែលបានស្នើចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ការពិនិត្យដែលគ្រោងធ្វើក្នុងអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីពិនិត្យឃើញថា ឯកសារដែលបានដាក់ទាំងនោះនៅមានចំណុចខ្វះខាត។ ម្យ៉ាងដើម្បីធានាថា ឯកសារទាំងនោះមានលក្ខណគ្រប់គ្រាន់តាមបែបបទក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់យូណេស្កូ ដែលនឹងប្រកាសលទ្ធផលផ្លូវការនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។
«បន្ទាប់ពីល្ខោនខោល ដល់វេនល្បុក្កតោយើងក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ UNESCO។ នៅឆ្នាំក្រោយយើងមានការងារជាច្រើនត្រូវធ្វើ គឺធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសម្អាត និងមើលឡើងវិញនូវចំណុចខ្វះខាតក្នុងឯកសារដែលយើងបានដាក់ និងធ្វើការឲ្យហ្មត់ចត់ជាមួយក្រសួង ដើម្បីធានាថា ឯកសារយើងមានលក្ខណគ្រប់គ្រាន់ក្នុងការចុះបញ្ជី»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
ជាមួយការបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ លោក ចាន់ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានចាត់ទុកដំណឹងនេះថា វាមិនត្រឹមតែជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់កីឡាគុនល្បុក្កតោ និងប្រជាពលរដ្ឋកម្ពុជានោះទេ តែជាមោទកភាពសម្រាប់ប្រទេសជាតិទាំងមូល។
«ខ្ញុំមានសេចក្តីរីករាយណាស់ ក្រោយបានស្តាប់ប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន ដែលបានរាយការណ៍ថា បន្ទាប់ពីល្ខោនខោល កីឡាគុនល្បុក្កតោនឹងចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអូរបីនៃមនុស្សជាតិរបស់ UNESCO។ ជាមួយគ្នានេះ ខ្ញុំក៏មានក្តីបារម្ភផងដែរចំពោះបញ្ហានេះ ព្រោះយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើក្នុងការចុះបញ្ជី»។ លោក ចាន់ សារុន ថ្លែងបែបនេះ ហើយបានស្នើឲ្យកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំ ត្រូវចេះរួបរួមគ្នា សាមគ្គីគ្នា និងជួយជ្រោងជ្រែងគ្នា ដើម្បីបង្ហាញអន្តរជាតិឲ្យឃើញថា គុនល្បុក្កតោជាក្បាច់គុនរបស់ខ្មែរពិតៗ។
ក្រោយកីឡាគុនល្បុក្កតោត្រូវបានដាក់ឲ្យហ្វឹកហាត់ក្នុងជួរកងទ័ពកាលពីពេលកន្លងទៅ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គ្រោងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្នុងក្របខណ្ឌជួរកងទ័ពនៅឆ្នាំក្រោយនេះ។ ការបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងនិងពង្រីកកីឡាអត្តសញ្ញាណជាតិមួយនេះឲ្យកាន់តែទូលំទូលាយក្នុងជួរកងទ័ព ពិសេសបង្កើនធនធានកីឡាករ។ ទន្ទឹមនឹងនេះ សហព័ន្ធក៏គ្រោងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្នុងក្របខណ្ឌអប់រំកាយ និងកីឡាផងដែរ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ចូលកីឡានេះក្នុងកម្មវិធីសិក្សាកម្រិតអនុវិទ្យាល័យ។
កិច្ចការសំខាន់មួយទៀត គឺការបណ្តុះបណ្តាលកីឡាករត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនេះដែរ ល្បុក្កតោ នឹងចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាវប្បធម៌ប្រពៃណីរបស់ហ្វីលីពីនមួយ ដែលមានឈ្មោះ អាក់នីស ឬហៅថា កីឡាដំបងខ្លី។
ការចូលរួមនេះ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធចាត់ទុកជាឱកាស ដើម្បីផ្សព្វផ្សាយឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានស្គាល់ពីកីឡាគុនល្បុក្កតោរបស់កម្ពុជា។ លើសពីនេះ សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹកនិងមន្ត្រីជំនាញទៅបណ្តុះបណ្តាលនៅតាមប្រទេសក្នុងតំបន់អាស៊ាន ដើម្បីបញ្ចុះបញ្ជូលប្រទេសទាំងនោះឲ្យចូលរួមលេងកីឡាគុនល្បុក្កតោ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។
ក្រៅពីកិច្ចការធំៗខាងលើ សហព័ន្ធនេះបានដាក់យុទ្ធសាស្ត្រអនុវត្តសម្រាប់ឆ្នាំ២០១៩ ជាច្រើនទៀតផងដែរ។ យុទ្ធសាស្ត្រទាំងនោះរួមមាន បន្តពង្រឹកសមត្ថភាព និងពង្រីកធនធានកីឡាករ កីឡាការិនីនៅសាលាគុនក្នុងសមាគម, កែលំអវិធីសាស្ត្រនៃការហ្វឹកហាត់តាមលក្ខណៈវិទ្យាសាស្ត្រ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗ, ពង្រឹងសមត្ថភាពគ្រូបង្វឹក, ជំរុញឲ្យមានការបង្កើតសាលាគុន និងសមាគមនៅក្នុងសាលារដ្ឋ ឯកជន អង្គភាពកងកម្លាំង និងអង្គការសមាគមនានា ជាពិសេសតាមសហគមន៍មូលដ្ឋានដែលមានគ្រូគុនស្រាប់តែមិនទាន់មានរចនាសម្ព័ន្ធផ្លូវការជាសាលាគុន។
ជាមួយនេះសហព័ន្ធនឹងធ្វើកំណែទម្រង់លក្ខន្តិកៈ និងបទបញ្ជាការប្រកួត ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតស៊ីហ្គេម, ពិនិត្យបន្ថែមលើសម្ភារបច្ចេកទេស និងទីលានប្រកួត ដើម្បីឲ្យមានលក្ខណស្តង់ដារ, ជំរុញឲ្យមានការឯកភាពលើឯកសណ្ឋាន ហ្វឹកហាត់, ជំរុញឲ្យមានការប្រកួតជាប្រចាំ, ស្វែងរកដៃគូឧបត្ថម្ភដើម្បីបញ្ជូនកីឡាករ កីឡាការិនីចេញទៅប្រកួតនៅឆាកអន្តរជាតិ, ពង្រីកសមាជិកបន្ថែមនៅក្រៅប្រទេស ជាពិសេសប្រទេសនៅក្នុងតំបន់ និងត្រៀមលក្ខណៈសម្រាប់បញ្ជូនកីឡាករ កីឡាការិនីចូលប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន៕