រថយន្ត
អន្តរជាតិ
ចិន អាមេរិក ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង និង​ឥណ្ឌា ផលិត​រថយន្ត​ច្រើនជាងគេ​
10, Dec 2018 , 8:39 am        
រូបភាព
ដោយ: ធីតា
​ការផលិត​រថយន្ត​នៅ​សម័យកាល​នេះ មាន​ចំនួន​ច្រើនជាង​ពេលណា​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​។ គេហទំព័រ​ជំនាញ​ផ្នែក​ទីផ្សារ និង​ហិរញ្ញវត្ថុ Investopedia បានលើកឡើង​ពី​កំណើន​១,១​ភាគរយ​នៃ​សង្វាក់​ផលិតកម្ម​ពី​ឆ្នាំ​២០១៤ ដោយមាន​រថយន្ត​ជាង​៩០​លាន​គ្រឿង ត្រូវបាន​ផលិត​នៅ​ឆ្នាំ​២០១៥ ។ ក្នុងចំណោម​នោះ រថយន្ត​ដែល​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន មាន​រហូតដល់​ទៅ​៦០,៥៨​លាន​គ្រឿង​។​

 
​ប្រទេស​ចំនួន​៦​នៅលើ​ពិភពលោក បាន​ផលិត​រថយន្ត​ច្រើនជាងគេ​បំផុត ជាពិសេស​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦ ដែល​ក្នុងនោះ​មាន​ចិន អាមេរិក ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង និង​ឥណ្ឌា​។​
 
​ចិន​បាន​ក្លាយជា​ទីតាំង​ដែល​ផលិត​រថយន្ត​ច្រើនជាងគេ​បំផុត​លើ​លោក ដោយ​កាលពី​ឆ្នាំ​២០១៥ ប្រទេស​កុំម្មុយនីស្ត​មួយ​នេះ ផលិត​បាន​ដល់​ទៅ​ជាង​២៤​លាន​គ្រឿង​។ ក្នុងចំណោម​នោះ ៨៦​ភាគរយ ជា​រថយន្ត​ប្រភេទ​ឯកជន ខណៈ​៣,៤​លាន​គ្រឿង​ទៀត ជា​រថយន្ត​ប្រភេទ​ពាណិជ្ជកម្ម​។ គ្រាន់តែ​ចន្លោះ​ពី​ខែមេសា ដល់​ខែកក្កដា ឆ្នាំ​២០១៦ ចិន​ផលិត​រថយន្ត​បាន​ជិត​២​លាន​គ្រឿង ដោយ​ក្រុមហ៊ុន SAIC Motor Corporation Ltd. មាន​ចំនួន​ខ្ពស់​ជាងគេ​។​


 
​បើ​ផ្អែក​តាម​របាយការណ៍​កាល​ពី​បី​ឆ្នាំមុន សហរដ្ឋអាមេរិក ឈរ​នៅ​លំដាប់​លេខ​ពីរ​បន្ទាប់ពី​ចិន​។ នៅ​ឆ្នាំ​២០១៥ អាមេរិក ផលិត​រថយន្ត​ឯកជន បានត្រឹមតែ​៤,១​លាន​គ្រឿង​ប៉ុណ្ណោះ​។ ទោះបីជា​វា​មាន​ចំនួន​តិច​ក៏ដោយ ប៉ុន្តែ​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ ផ្តោតលើ​ការផលិត​រថយន្ត​ប្រភេទ​ពាណិជ្ជកម្ម ដោយមាន​ចំនួន​ច្រើន​លើស​ប្រទេស​ដទៃ​។ ក្នុងចំណោម​រថយន្ត​ជាង​១២​លាន​គ្រឿង​ដែល​ផលិត​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥  ក្រុម​ដែល​សកម្ម​ជាងគេ​នៅ​អាមេរិក មាន General Motor Company, Fort Motor Company និង Toyota Motor Corp​។​
 
​ជប៉ុន​ដែល​ស្ថិតនៅ​ចំណាត់​លេខ​បី ផលិត​រថយន្ត​បាន​ប្រមាណ​៩,៣​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៥  ប៉ុន្តែ​ចំនួន​នេះ ថយចុះ ៥,១​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​។ ជាមួយគ្នានេះ ជប៉ុន​មាន​សក្តានុពល​ខ្ពស់​លើ​ទីផ្សារ​នាំចេញ​ដោយមាន​ទឹកប្រាក់​៨៦,១​ពាន់​លាន​ដុល្លារ​អាមេរិក និង​រួមចំណែក ១២,៨​ភាគរយ លើ​ការនាំចេញ​សរុប​ទូទាំង​ពិភពលោក កាលពី​ឆ្នាំ​២០១៥ ។ Toyota និង Honda Motor Co.Ltd មាន​ចំណែក​២៩​ភាគរយ និង​១៤,៤​ភាគរយ នៃ​ទីផ្សារ​រថយន្ត​ជប៉ុន​។​


 
​អាល្លឺម៉ង់ ផលិត​បាន​រថយន្ត​ជាង​៦​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៥ ដោយមាន​កើនឡើង​២,១​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ចាស់​។ Volkswagen AG និង Mercedes-Benz លេចធ្លោរ​ជាងគេ​សម្រាប់​ទីផ្សារ​រថយន្ត​អាល្លឺម៉ង់ ដែល​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​មួយ​នេះ មាន​ចំណែក​២២,៧​ភាគរយ​លើ​ការនាំចេញ​រថយន្ត​ទៅកាន់​ទីផ្សារ​ពិភពលោក​។​
 
​នៅ​ឆ្នាំ​២០១៥ កូរ៉េខាងត្បូង ផលិត​បាន​រថយន្ត​លក្ខណៈ​ឯកជន​៤,១​លាន​គ្រឿង និង​រថយន្ត​ប្រភេទ​ពាណិជ្ជកម្ម​ជាង​៤​សែន​គ្រឿង ដោយមាន​កំណើន​តែ​ក្នុង​រង្វង់​០,៧​ភាគរយ​ប៉ុណ្ណោះ​។ Hyundai Motor Co. ជា​ក្រុមហ៊ុន​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​ជាងគេ ពោល​គឺមាន​ចំណែក​៦,២​ភាគរយ​ក្នុងចំណោម​ទីផ្សារ​រថយន្ត​របស់​កូរ៉េខាងត្បូង​។​
 
​ឥណ្ឌា ផលិត​បាន​រថយន្ត​តិចជាង​៤,២​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​៨២​ភាគរយ ជា​ប្រភេទ​រថយន្ត​សម្រាប់​ជិះ​ផ្ទាល់ខ្លួន​។ Tata Motors Limited ជា​ក្រុមហ៊ុន​ដែល​ផលិត​រថយន្ត​ធំជាងគេ​នៅ​ឥណ្ឌា ប៉ុន្តែ​ការនាំចេញ​មាន​ចំនួន​ប្រមាណ​តែ ៦៥៤ ០០០​គ្រឿង​ប៉ុណ្ណោះ​៕








 

© រក្សាសិទ្ធិដោយ thmeythmey.com