ក្នុងភាសាខ្មែរ ពាក្យមួយចំនួន អាចសរសរបានពីរយ៉ាង។ ពាក្យនោះ អាចដាក់ស្រះ «ិ» នៅខាងចុងក៏បាន ហើយមិនដាក់ស្រៈ «ិ» នៅខាងចុង ក៏បាន។
ទោះដាក់ស្រៈ «ិ» នៅខាងចុង ឬមិនដាក់ស្រៈ «ិ» នៅខាងចុងក៏ដោយ ក៏អត្ថន័យនៃពាក្យនោះ មិនប្រែប្រួលដែរ។ ប៉ុន្តែ ពាក្យនោះ នឹងមានតួនាទីផ្សេងពីគ្នា ពោលគឺ បើដាក់ស្រៈ «ិ» នៅខាងចុង គឺដើរតួជានាមសព្ទ តែបើមិនដាក់ស្រៈ «ិ» នៅខាងចុងទេ គឺដើរតួជាកិរិយាសព្ទ។
ពាក្យទាំងនោះ មានដូចជា ច្យុតិ ជានាមសព្ទ តែ ច្យុត ជាកិរិយាសព្ទ, អនុម័តិ ជានាមសព្ទ តែ អនុម័ត ជាកិរិយាសព្ទ, ប្រសូតិ ជានាមសព្ទ តែ ប្រសូត ជាកិរិយាសព្ទ, បញ្ញត្តិ ជានាមសព្ទ តែ បញ្ញត្ត ជាកិរិយាសព្ទ, ឋិតិ ជានាមសព្ទ តែ ឋិត ជាកិរិយាសព្ទ, ប្រព្រឹត្តិ ជានាមសព្ទ តែ ប្រព្រឹត្ត ជាកិរិយាសព្ទ, សន្មតិ ជានាមសព្ទ តែ សន្មត ជាកិរិយាសព្ទ ។ល។
ប៉ុន្តែ ពាក្យខ្លះ អាចសរសេរបានតែម្យ៉ាងគត់ គឺ ដាក់ស្រៈ «ិ» នៅខាងចុង ហើយដើរតួជានាមសព្ទ។ ពាក្យទាំងនោះ មានដូចជា មតិ, គតិ, ប្រវត្តិ, ជាតិ, សម្បត្តិ, ចក្រពត្តិ, ញត្តិ, ញាតិ, ឋានន្តរសក្តិ, វិបត្តិ, ទុគ្គតិ, សុគតិ, នីតិ, បរិយត្តិ, បីតិ, អាណត្តិ, អាបត្តិ ។ល។ ពាក្យទាំងនេះ គឺសុទ្ធតែជានាមសព្ទ ដោយមិនអាចលុបស្រៈ «ិ» ចេញ ដើម្បីឲ្យក្លាយជាកិរិយាសព្ទ នោះទេ៕
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត