អស់​បារម្ភ​! ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​នាទី បំបាត់​ក្លិន​មាត់​មិនល្អ ជាមួយនឹង​វិធី​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អស់​បារម្ភ​! ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​នាទី បំបាត់​ក្លិន​មាត់​មិនល្អ ជាមួយនឹង​វិធី​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
12, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ ជា​បញ្ហា​ទូទៅ​គួរ​ឲ្យ​រំខាន​បំផុត​មួយ​ដែល​កើតឡើង​មិន​ថា​ចំពោះ​មនុស្ស​ប្រុស ឬ​ស្រី​ទេ​។ ក្លិន​មាត់​មិន​ល្អជា​រឿង​គួរ​ឲ្យ​ខ្មាស​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុកចិត្ត​មិនសូវ​ហ៊ាន​និយាយ​ជាមួយ​អ្នកដទៃ​។ មូលហេតុ​បង្ក​ក្លិន​មាត់​មាន​ច្រើនណាស់ ប៉ុន្តែ​ជាទូទៅ​ការមិន​សម្អាត​អណ្ដាត​ឲ្យ​បាន​ស្អាត​ជាហេតុ​ចម្បង​បំផុត​។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​មាត់​ដែលមាន​ផ្ទុកមេរោគ​បាក់តេរី​ដល់​ទៅ ៩០ ភាគរយ​។ ទោះជា​យ៉ាងណា​ក្លិន​មាត់​អាច​បាត់​ទៅវិញ​ជាមួយនឹង​វិធី​ធម្មជាតិ​ងាយៗ​មួយចំនួន ប្រសិនបើ​ហេតុ​បង្ក​នៃ​បញ្ហា​នេះ​មិនមែន​បណ្ដាលមកពី​ជំងឺ​ណាមួយ​។ ថា​តើ​មាន​វិធី​អ្វី​ខ្លះទៅ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្លិន​មាត់​មិនល្អ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំបាត់​បញ្ហា​ក្លិន​មាត់ ៖
 
១. តែ​បៃតង ឬ​តែ​ខ្មៅ​
 
​តែ​ខ្មៅ ឬ​បៃតង មាន​ផ្ទុក​នូវ​សារធាតុ polyphenols ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​ដែល​បង្ក​ឲ្យ​មាន​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។ ព្យាយាម​ទទួលទាន​តែ​ក្ដៅៗ​មួយ​ពែង​នៅពេល​ព្រឹក ហើយ​បើសិនជា​អាច​ទទួលទាន​តែ​ខ្មៅ ឬ​តែ​បៃតង​ឲ្យ​បាន ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ទឹក​
 
​ការទទួល​ទាន​ទឹក​ធម្មតា ក៏​អាចជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​បំផុត​បំបាត់​បញ្ហា​ក្លិន​មាត់​មិនល្អ​ផងដែរ​! បាក់តេរី​ដែលមាន​វត្តមាន​ក្នុង​មាត់​នឹងត្រូវ​កម្ចាត់​ចេញ ដោយ​ការ​ទទួលទាន​ទឹក​ច្រើន​ក្នុង​មួយថ្ងៃ​។ ហើយ​កុំ​ភ្លេច​ទទួលទាន​ទឹក​នៅ​រាល់ពេល​អ្នក​ភ្ញាក់​កំឡុង​ពេលយប់​ផង​។ វិធី​នេះ​ជួយផ្ដល់​ឲ្យ​អ្នក​នូវ​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ពេល​ក្រោក​ឡើង​នៅ​ព្រឹក​បន្ទាប់​។​
 
៣. ក្រូច​
 
​ក្រូច មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត citrus ដែល​សម្លាប់​បាក់តេរី​មិនល្អ​ក្នុង​មាត់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ផ្លែក្រូច ឬ​ទឹកក្រូច​ច្របាច់​ស្រស់​ជាការ​ស្រេច​។​
 
៤. ផ្លែ​ត្របែក​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ហើយ​នោះ ត្របែក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tannic, ផូស្វ័​រិ​ក​, និង​អាស៊ីត malic ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់ និង​រក្សា​សុខភាព​អញ្ចាញ​ល្អប្រសើរ​ផងដែរ​។ ព្យាយាម​ទទួលទាន​ផ្លែ​ត្របែក​ខ្ចី ដើម្បី​ជៀសផុត​ពី​បញ្ហា​ក្លិន​មាត់​មិនល្អ​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្នក​អាច​ប្រើ​វា​ជា​ទឹក​ខ្ពុរមាត់​! ការសម្អាត​មាត់​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចជួយ​កម្ចាត់​មេរោគ​ឆ្លង​ជាច្រើន​ក្នុង​មាត់​បាន​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម​ប៉ុន្មាន​ដំណក់​ក្នុង​ទឹក​ធម្មតា​មួយ​កែវ​។ កូរ​ឲ្យ​សព្វ សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឲ្យ​បាន ២ ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com