អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​មន្ត្រី​កំពូល​ទី​ពីរ​របស់​កូរ៉េខាងជើង​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិមនុស្ស​
11, Dec 2018 , 10:11 am        
រូបភាព
លោក ឆេ យ៉ុងហេ មន្រ្តីលំដាប់ទីពីររបស់កូរ៉េខាងជើង (រូបភាព AP)
លោក ឆេ យ៉ុងហេ មន្រ្តីលំដាប់ទីពីររបស់កូរ៉េខាងជើង (រូបភាព AP)
​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​១០ ខែធ្នូ បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​សំខាន់ៗ​កូរ៉េខាងជើង​ចំនួន​បី​រូប​ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុងការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ក្នុង​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ ម្នាក់​ក្នុងចំណោម​មន្ត្រី​ទាំងបី គឺ​លោក ឆេ យ៉ុង​ហេ (Choe Ryong-hae) មនុស្ស​ជំនិត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ទណ្ឌកម្ម​នេះ​ពិត​ជាមាន​ឥទ្ធិពល​តិចតួច​លើ​មន្ត្រី​កូរ៉េខាងជើង តែ​វា​បានបង្ហាញ​ពី​ជំហរ​តឹងរ៉ឹង​របស់​អាមេរិក​លើ​កូរ៉េខាងជើង ស្របពេល​កំពុង​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នោះ​។​

 
​ស្របពេល​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​រក​ច្រកចេញ​មិនទាន់​ឃើញ អាមេរិក​បាន​ទម្លាក់​កញ្ចប់​ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​កូរ៉េខាងជើង​។ មន្ត្រី​សំខាន់ៗ​បី​រូប​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​ដាក់ទណ្ឌកម្ម​លើ​សំណុំរឿង​សិទ្ធិមនុស្ស ដែល​អាមេរិក​អះអាងថា មាន​ស្ថាន​ភាពដុនដាប​បំផុត​លើ​ពិភពលោក​។ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ និយាយថា មន្ត្រី​ទាំងបី​នេះ មាន​ចំណែក​ធំ​ក្នុង​ការធ្វើ​ឲ្យ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​អាក្រក់​ខ្លាំង​។​
 
​ជា​ចំណាត់​ការបញ្ជា​ដោយ​សភា ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់ថា ខ្លួន​នឹង​ដកហូត​ទ្រព្យសម្បត្តិ​របស់លោក ឆេ យ៉ុង​ហេ មន្ត្រី​លំដាប់​ទី​ពីរ​របស់​កូរ៉េខាងជើង និង​មនុស្ស​ស្និទ្ធ​ប្រមុខ​ដឹកនាំ គីម ជុង​អ៊ុន ។ មន្ត្រី​ពីររូប​ទៀត​មាន​រដ្ឋមន្ត្រី​សន្តិសុខ​រដ្ឋ Jong Kyong Thaek ដែល​ទទួលខុសត្រូវ​លើ​ការឆ្លើយតប​ចារកម្ម និង​លោក Pak Kwang Ho ប្រធាន​នាយកដ្ឋាន​ឃោសនាការ​របស់​បក្ស​ពលករ​កូរ៉េ ហើយ​ដែលមាន​តួនាទី​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ 
 
​ក្រៅពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​មន្ត្រី​ទាំងបី​នេះ អាមេរិក​ក៏​ហាម​ក្រុមហ៊ុន​របស់ខ្លួន​រកស៊ី​ជាមួយ​បុគ្គល​ជាប់​បំរាម​ដែរ​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា ទណ្ឌកម្ម​នេះ​ជះឥទ្ធិពល​ខ្លាំង​លើ​មន្ត្រី​ក្រុង​ព្យុងយ៉ាង​ឡើយ ប៉ុន្តែ​ជា​សញ្ញា​បង្ហាញថា អាមេរិក​មិន​ងាយ​ទន់ភ្លន់​ឡើយ​ខណៈ​កូរ៉េខាងជើង​កំពុង​ស្វែងរក​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​នោះ​។ 
 
​ការដក​ទណ្ឌកម្ម គឺជា​ការចង់បាន​រប​ស់​កូរ៉េខាងជើង​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ ខណៈ​ប្រទេស​នេះ​រង​ទណ្ឌកម្ម​ជុំ​ទិស​ទៅហើយ មិន​ថា​ទណ្ឌកម្ម​អន្តរជាតិ​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ឬ​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​ឡើយ​។ ប៉ុន្តែ​អាមេរិក​មិន​យល់ព្រម​ឡើយ និង​ដាក់​លក្ខខណ្ឌ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ឲ្យ​ជាក់លាក់​សិន មុននឹង​ទណ្ឌកម្ម​អាច​នឹង​ត្រូវបាន​ផ្អាក ឬ​លុបចោល​បាន​នោះ​។​
 
​ការដាក់ទណ្ឌកម្ម​ពេលនេះ ហាក់​ផ្ទុយ​ពី​នយោបាយ​របស់លោក ត្រាំ ចំពោះ​កូរ៉េខាងជើង​។ កន្លងមក ប្រធានាធិបតី​រូបនេះ​តែង​លើកឡើង​ពី​ទំនាក់ទំនង​ពិសេស​រវាង​លោក និង​លោក គីម ក្រោយ​ជំនួប​ខែមិថុនា​នៅ​សិង្ហ​បុរី​។ យ៉ាងណាក្ដី ការរៀបចំ​ជំនួប​លើក​ទី​ពីរ កំពុង​ជាប់​ទ្រឹង​នៅឡើយ ខណៈ​មន្ត្រី​ភាគី​ទាំងពីរ​មិនទាន់បាន​ជួបគ្នា​ដើម្បី​ជជែក​គ្នា​នៅឡើយ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com