អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ប្រកាស​បើក​កម្មវិធី​«​គូរគំនូរ​រថយន្ត​តូយ៉ូតា ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​»​លើក​ទី​១៣
11, Dec 2018 , 11:14 am        
រូបភាព
ដោយ:
កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន ទទួល​សិទ្ធ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បានរៀបចំ​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការទទួល​ជ័យលាភី​គូរគំនូរ​ថ្នាក់​ពិភពលោក​លើក​ទី​១២ និង​ការប្រកាស​បើក​កម្មវិធី​គូរគំនូរ​លើ​ទី​១៣ ក្រោម​ប្រធានបទ​«​គូរគំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​» ដែលមាន​ការចូលរួម​ពី​សំណាក់​ប្អូនៗ អាយុ​ក្រោម​១៦​ឆ្នាំ យ៉ាងច្រើន​កុះករ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​។​
 
​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹងថា នេះ​គឺជា​ឆ្នាំ​ទី​១៣ ហើយ ដែល​ក្រុមហ៊ុន តូយ៉ូតា បានរៀបចំ​ការប្រកួត​ប្រជែង​គូរគំនូរ​នេះ ទៅ​ទូទាំង​ពិភពលោក ស្រប​ពេលដែល​ការប្រកួត​នេះ ត្រូវបានធ្វើ​ឡើងជា​លើក​ទី​៩ នៅ​កម្ពុជា​។ លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ កត់សម្គាល់​ឃើញថា ការប្រកួត​គូរគំនូរ​រថយន្ត​នេះ ទទួលបាន​ការគាំទ្រ និង​កាន់​តែមាន​ប្រជាប្រិយ​ភាពខ្លាំង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពី​សំណាក់​ប្អូនៗ​ក្រោម​អាយុ​១៦​ឆ្នាំ​។ 




 
​ការប្រកួត​គូរគំនូរ​លើក​ទី​១២​កន្លងទៅនេះ ក្រុមហ៊ុន​បានទទួល​ផ្ទាំងគំនូរ​ចំនួន ១,១១៩ ផ្ទាំង ដែល​រួមមាន​រាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប កំពង់ស្ពឺ និង​កំពង់ចាម​។ អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹង​ទៀតថា​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន តូ​យូ​តា​(​ខេ​ម​បូ​ឌា​) កាន់​តែមាន​មោទកភាព​ខ្លាំង​ទៀត​នោះ គឹ​ក្នុង​ការប្រកួត​គូរគំនូរ​ថ្នាក់​ពិភពលោក​លើ​ទី​១២​កាលពី​ឆ្នាំ​កន្លងទៅ ក៏មាន​កុមារ​ពី​ប្រទេស​កម្ពុជា​ម្នាក់ ទទួលបាន​ជ័យលាភី​ថ្នាក់​ពិភពលោក​ដែរ គឺ​កុមារី មេច សុ​ភាវ​លក្ខ​ណ៌ អាយុ​៨​ឆ្នាំ​។ រូបគំនូរ​ដែល​កុមារី​រូបនេះ បាន​គូរ​មាន​ឈ្មោះថា «Family Car» ហើយ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ជាប់​ជ័យលាភី​ថ្នាក់​ពិភពលោក ក្នុងចំណោម​រូបគំនូរ​ដែល​បាន​ចូលរួម​ប្រកួត​ចំនួន ៦៥​ម៉ឺន​ផ្ទាំង មកពី​បណ្ដាល​ប្រទេស​ចំនួន​៧៦​ផ្សេងៗ​គ្នា​។​




 
​ឆ្លៀត​ក្នុងឱកាស​នោះ លោក អគ្គនាយក ក៏បាន​ប្រកាស​បើក​ជា​ផ្លូវការ​«​កម្មវិធី​ប្រកួត​គូរគំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​»​លើក​ទី​១៣​ផងដែរ​។ បំណង​សំខាន់ៗ​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​គូរគំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​ស​នេះ​ឡើង គឺ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ប្អូនៗ​ជំនាន់​ក្រោយ ដែល​ស្រលាញ់ និង​មាន​ភាពប៉ិនប្រសព្វ​ក្នុងការ​គូរគំនូរ អាច​បញ្ចេញ​នូវ​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត ទៅតាម​ក្ដី​ស្រមៃ​របស់​ពួកគេ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន តូយ៉ូតា ក៏​ចង់​ចូលរួម​លើ​កម្ពស់     សារៈសំខាន់ នៃ​សិល្បៈ​គំនូរ​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា បញ្ជាក់​ដូច្នេះ​៖«​ដូចដែល​យើង​បានដឹង​រួម​មកហើយ​ថា​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) តែងតែ​ចូលរួម​ជានិច្ច​ក្នុង​សកម្មភាព​សង្គម​នានា តួយ៉ាង​ការបន្ត​លើកទឹកចិត្ត និង​ព្យាយាម​ផ្សារភ្ជាប់​កុមារ ទៅនឹង​ការប្រកួតប្រជែង​គូរគំនូរ​នេះ​ជាដើម​»​។​




 
​លក្ខខណ្ឌ​អាយុ ដែល​អាច​ចូលរួម​ប្រកួតប្រជែង​គូរគំនូរ​រថយន្ត​នេះ ត្រូវ​បែងចែក​ទៅតាម​អាយុ​វ​គឺ​អាយុ ពី​៨​ឆ្នាំ ដល់​១១​ឆ្នាំ និង​ពី​អាយុ​១២​ឆ្នាំ ដល់​១៥​ឆ្នាំ ដែល​ការប្រកួតប្រជែង​ត្រូវបាន​បែងចែក​ជា​ពីរ​ដែរ គឺ​ការប្រកួត​ក្នុងប្រទេស និង​ការប្រកួត​ទូទាំង​ពិភពលោក​។ ចំពោះ​ជ័យលាភី​ថ្នាក់ជាតិ និង​ត្រូវ​ជ្រើសរើស​ចំនួន​៣​នាក់ នៃ​ប្រភេទ​ក្រុម​អាយុ​នីមួយៗ​។ សម្រាប់​រូបគំនូរ​ដែល​ទទួលបាន​ជ័យលាភី​ថ្នាក់​ពិភពលោក មានដូចជា មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់​ចុងក្រោយ និង​រង្វាន់​ពិសេស​ផ្សេងៗ​ទៀត​។ អ្នកឈ្នះ​មេដាយ នឹងត្រូវ​ទទួលបាន​នូវ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែសីហា ឆ្នាំ ២០១៩ រយៈពេល​៥​ថ្ងៃ ៤​យប់ ជាមួយ​អាណាព្យាបាល​ចំនួន​១​រូប (​ម្ដាយ ឬ​ឱ​ពុក ឬ​អាណាព្យាបាល​ស្របច្បាប់​)​។ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) នឹង​ប្រកាស​លទ្ធផល​ជ័យលាភី​ថ្នាក់ជាតិ​នៅ​អំឡុង ខែមីនា ឆ្នាំ​២០១៩ និង​ជ័យលាភី​ថ្នាក់​ពិភពលោក នៅ​ខែសីហា ឆ្នាំ​២០១៩​។ ចំពោះ​ប្អូនៗ​ដែល​មិនបាន​ចូលរួម​ប្រកួតប្រជែង​ដោយផ្ទាល់​នៅក្នុង​ថ្ងៃនេះ ក៏​អាច​ផ្ញើរ​រូបគំនូរ​ដែល​បាន​គូរ​នៅផ្ទះ មក​ចូលរួម​ប្រកួតប្រជែង​បានដែរ ដែល​ថ្ងៃ​ផុតកំណត់​ទទួល​រូបគំនូរ គឺ​នៅ​ថ្ងៃ​៣១ ខែមករា ឆ្នាំ​២០១៩​។​


 
​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការប្រកួត និង​ពាក្យស្នើសុំ​ចូលរួម​ប្រកួតប្រជែង សូម​ទំនាក់ទំនង ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលមាន​អាសយដ្ឋាន នៅក្នុង​អគារ​ពាណិជ្ជកម្ម​អ៊ែ​វូត មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខ​ណ្ខ​សែន​សុខ ឬ​អាច​ទំនាក់ទំនង​តាម​បណ្ដាញ សង្គម Facebook: Toyota Dream Car art Contest_Cambodia ឬ​ទូរស័ព្ទ​ទំនាក់ទំនង​លេខ ០៨៦ ៥០០ ៥០៥/០១៧ ៥៥៥ ១៤១៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com