ជាតិ
រដ្ឋាភិបាល ច្រានចោល​ការចុះផ្សាយរ​បស់​កាសែត​The Cambodia Daily ជុំវិញ​បញ្ហា​ប្រតិបត្តិការ​នៅ​កម្ពុជា​
11, Dec 2018 , 12:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក Prak Sokhun
រូបពីហ្វេសប៊ុកលោក Prak Sokhun
​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត The Cambodia Daily ជុំវិញ​បញ្ហា​ប្រតិបត្តិការ​នៅ​កម្ពុជា មុននឹង​ស្ថាប័ន​ផ្សព្វផ្សាយ​មួយ​នេះ ត្រូវបាន​បិទទ្វារ កាលពី​ឆ្នាំមុន​។​

 
​ភាពចម្រូងចម្រាសរ​វា​ង​កាសែត The Cambodia Daily និង​រដ្ឋាភិបាល​កម្ពុជា នៅតែ​កើតមាន ជុំវិញ​ការបិទ​ទីស្នាក់ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បើទោះជា​រដ្ឋាភិបាល សម្រេច​ឲ្យ​ស្ថាប័ន​មួយ​នេះ បើក​ទីស្នាក់ការ​វិញ​ក្តី​។​កាសែត The Cambodia Daily នៅតែ​យល់ឃើញថា មូល​ហេតុដែល​ស្ថាប័ន​ខ្លួន សម្រេច​បិទ​ទីស្នាក់ការ​នៅ​ភ្នំពេញ​នេះ វា​មិនមែនជា​បំណង​ពិត​ខ្លួន​ឡើយ ប៉ុន្តែ​ការធ្វើ​បែបនេះ គឺ​កើតចេញពី​សកម្មភាព​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​បំណង​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់ខ្លួន ដោយសារតែ​ជំហរ​រិះគន់​រដ្ឋាភិបាល​។ នេះ​ជាការ​ចុះផ្សាយ​អត្ថបទ​របស់​កាសែត The Cambodia Daily នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន​។​
 
​ប៉ុន្តែ​ការចុះផ្សាយ​អត្ថបទ​នេះ ត្រូវបាន​រដ្ឋាភិបាល ចេញ​ប្រតិកម្ម​តប​ថា The Cambodia Daily កំពុង​ចោទប្រកាន់​ខ្លួន ដោយ​គ្មាន​ការពិត និង​គ្មាន​សច្ចៈ​ភាព​។ ដោយ​ចង់បង្ហាញ​ពី​ភាពត្រឹមត្រូវ​ខ្លួន រដ្ឋាភិបាល បាន​ពន្យល់​ជាថ្មី​ពី​មូល​ហេតុដែល The Cambodia Daily បិទទ្វារ​ខ្លួនឯង គឺ​កើតចេញពី​ការមិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋាភិបាល​។​
​តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​ដូច្នេះ​៖​អង្គភាព​ផ្សព្វផ្សាយ​ជាច្រើន​កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ដោយសារ​ពួកគេ​ធ្វើ​ប្រតិបត្តិការ​ស្របតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​ការបំពេញ​កា​ត​ព្វ​កិច្ច​បង់ពន្ធ​។ នៅក្នុង​បរិបទ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​របស់​សារព័ត៌មាន ឌឹ​ខេ​ម​បូ​ឌា​ដេលី ដែល​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់ខ្លួន ដោយសារតែ​ជំហរ​រិះគន់​រដ្ឋាភិបាល​…»​។​
 
​យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដា សារព័ត៌មាន The Cambodia Daily បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០០៧​មក ដោយ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នោះឡើយ​។ ដោយសារ​ក្នុងករណីនេះ​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៧ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បញ្ជូន​លិខិត​មួយច្បាប់​ទៅ​សារព័ត៌មាន The Cambodia Daily ដើម្បី​មក​ដោះស្រាយ​ពន្ធ​មិនបាន​បង់ ដែលមាន​ទឹកប្រាក់ ៦,៣ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៣០ ថ្ងៃ​។ ប៉ុន្តែ​ម្ចាស់​សារព័ត៌មាន​នេះ មិនបាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ រហូត​បញ្ឈប់​ប្រតិបត្តិ​ការផ្សាយ​ដោយ​ខ្លួនឯង ដោយសារតែ​ការខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​ពន្ធ ស្របទៅតាម​ច្បាប់​ពន្ធដា​រ​។ នេះ​ជា​ហេតុផល​របស់​ក្រសួងការបរទេស​។​
 
​ក្រសួង​ការបទេស​បន្ថែមថា ៖«​ក្រោយពេល​កាលបរិច្ឆេទ ៣០​ថ្ងៃ  បាន​កន្លងផុតទៅ អគ្គនាយកដ្ឋាន​ពន្ធដា​មិនមាន​ជម្រើស​អ្វី​ក្រៅតែពី​អនុវត្ត​វិធានការ​ស្របតាម​ច្បាប់​ពន្ធដា ដោយ​រួមមាន​ការបិទ​គណនី​ធនាគារ​របស់​សារព័ត៌មាន​ឌឺ​ខេ​ម​បូ​ឌា​ដេលី​។ ការ​តម្រូវអោយ​បង់ពន្ធ​នេះ មិនមែន​ផ្តោត​ចំពោះតែ​សារព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេលី នោះទេ​។​ក្នុងករណី​ដែល​សារព័ត៌មាន ឌឹ​ខេ​ម​បូ​ឌា​ដេលី បាន​បំពេញ​កាតព្វកិច្ច​ពន្ធរ​បស់​ខ្លួន​សព្វគ្រប់​នោះ សារព័ត៌មាន​នេះ នឹង​អាច​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ​បាន​»​។ 
 
​បើតាម​ក្រសួងការបរទេស អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រកឃើញ​ករណី​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការមិន​គោរព​កាតព្វកិច្ច​ពន្ធ ហើយ​វិធានការ​ច្បាប់​នានា​ត្រូវបាន​អនុវត្ត ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រមូល​ចំណូល​ពន្ធដារ​។ ក្រសួងការបរទេស បន្ថែមថា ករណី​ស្រដៀង​គ្នា​នេះ ក៏មាន​វិទ្យុ​អាស៊ីសេរី (RFA)​ដែរ ។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ មិនបាន​ទទួល​ច្បាប់​អនុញ្ញាត​ណាមួយ​សម្រាប់ធ្វើ​ប្រតិបត្តិការ​ទេ​។ ដោយ​ខកខាន​មិនអាច​បំពេញ​កាតព្វកិច្ច​ច្បាប់ ទើបបានជា​វិទ្យុ​អាស៊ីសេរី បិទ​ការិយាល័យ និង​បញ្ឈប់​បុគ្គលិក​របស់ខ្លួន ។​
 
​កាលពី​ថ្ងៃទី​៣ ធ្នូ​កន្លងមក រដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​វិធានការ​នានា​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ ដោយ​ក្នុងនោះ មានការ​ពង្រឹង​ភាពជា​ដៃគូរ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ,​ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ និង​សហជីព​, ការលើកតម្កើង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ រួមទាំង​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី ដើម្បី​ធានា​សិទ្ធិ និង​ប្រយោជន៍​របស់​ប្រជាជន និង​ការប្រើប្រាស់​ដី​ឲ្យ​បាន​ត្រឹមត្រូវ​៕

Tag:
 ប្រាក់ សុខុន​
  The Cambodia Daily
© រក្សាសិទ្ធិដោយ thmeythmey.com