អន្តរជាតិ
អូស្ត្រាលី​អំពាវនាវ​ឲ្យ​ថៃ ដោះលែង​ជនភៀសខ្លួន​មួយរូប​ដែល​បានកើត​នៅ​ប្រទេស​បា​រ៉ែ​ន​
11, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ស៊ីដនី ៖ លោក Hakeem Al Araibi បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ជាមួយ​ភរិយា​របស់លោក​ពី​គេហដ្ឋាន​របស់លោក​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន នៅពេលដែល​លោក​ត្រូវបាន​ឃុំខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក កាលពី​ខែវិច្ឆិកា កន្លងទៅនេះ​។​

 
​លោក​ត្រូវបាន​អាជ្ញាធរ​ថៃ ឃុំខ្លួន ក្រោយពី​ប្រទេស​បា​រ៉ែ​ន បានចេញ​ការប្រកាស​ជា​អន្តរជាតិ តាមរយៈ​ប៉ូលិស​អន្តរជាតិ Interpol ដោយ​ចោទ​លោក​Al Araibi ថា​បាន​បំផ្លាញ​ស្ថានីយ៍​ប៉ូលិស​មួយកន្លែង កាលពី​ឆ្នាំ​២០១២​។ ការចោទប្រកាន់​នេះ ត្រូវបាន​លោក​Al Araibi បដិសេធ​។​
 
​លោក Al Araibi ដែលជា​អតីត​សមាជិក​ក្រុម​កីឡាករ​បាល់​ទាល់​ជាតិ​នៃ​ប្រទេស​បា​រ៉ែ​ន បាន​ភៀសខ្លួន ទៅ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៤​។ លោក ត្រូវបាន​ផ្តល់​ឋានៈ​ថា ជា​ជនភៀសខ្លួន ក្រោយពី​លោក​បាន​អះអាងថា លោក​ត្រូវបាន​គេ​ដៅ​មុខសញ្ញា​សម្រាប់​ការធ្វើ​ទារុណកម្ម និង​ការគំរាមកំហែង​។ តុលាការ​នៃ​ប្រទេស​បា​រ៉ែ​ន​បាន​កាត់ទោស​លោក​កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១០ ឆ្នាំ ហើយ​ជនភៀសខ្លួន​វ័យ ២៥ ឆ្នាំ​រូបនេះ ជឿថា លោក​នឹង​ត្រូវបាន​គេ​បំពាន​ជាថ្មីទៀត បើសិនជា​លោក ត្រូវបាន​គេ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ប៉ា​រ៉ែ​ន​វិញ ដែល​ប្រទេស​នេះ ជា​ប្រទេស​កាន់សាសនា​ឥស្លាម​មួយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ៍​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោកស្រី Marise Payne រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី បាន​ថ្លែងថា រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា មានការ​ព្រួយបារម្ភ​ចំពោះ​រឿង​ឃុំខ្លួន​លោក Al Araibi នេះ ហើយ​អំពា​នាវ​ឲ្យ​មានការ​ដោះលែង​លោក​ឲ្យ «​ត្រឡប់មក​ប្រទេស​អូស្ត្រាលី​វិញ​ភ្លាម​»​។​
 
​អង្គការសិទ្ធិមនុស្ស Amnesty International បាន​ចូលរួម​នៅក្នុង​ការអំពាវនាវ​ឲ្យ​ដោះលែង​លោក Al Araibi នេះ​ផងដែរ ហើយ​ថា ក្នុងនាម​ជា​ជនភៀសខ្លួន លោក​មិនគួរ​ត្រូវ​ឃុំខ្លួន​ក្នុងប្រទេស​ថៃ តាម​សំណើ​របស់​ប្រទេស​បា​រ៉ែ​ន​នោះទេ​។​
 
​លោក Sayed Al Wadaei ជា​អ្នកធ្វើ​យុទ្ធនាការ​នៅ​វិទ្យាស្ថាន​បា​រ៉ែ​ន​សម្រាប់​សិទ្ធិមនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​បាន​និយាយថា អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​រូបនេះ គួរ​ត្រូវបាន​អនុញ្ញាត ឲ្យ​ត្រឡប់មក​លំនៅដ្ឋាន​រប​ស់​ខ្លួន​នៅ​ទីក្រុង​មែ​ល​ប៊​ន​វិញ​។​
 
«​អាជ្ញាធរ​ថៃ មិនបាន​អើពើ​នឹង​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល​អូស្ត្រាលី និង​អង្គការសិទ្ធិមនុស្ស​ជាច្រើន ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការបញ្ជូន​លោក Hakeem Al Araibi ត្រឡប់​ទៅ​ប្រទេស​បា​រ៉ែ​ន​វិញ គឺជា​ការបំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ​»​។​
 
​ក្រសួងការបរទេស​ថៃ​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​ធ្វើតាម​នីតិវិធី​ត្រឹមត្រូវ ហើយ​បាន​ប្រព្រឹត្ត​ដោយ​មិន​លម្អៀង និង​គ្មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com