«ឆ្មាបា» អាចហោះសំកាំងបានចម្ងាយពី៦០-៧០ម!
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«ឆ្មាបា» អាចហោះសំកាំងបានចម្ងាយពី៦០-៧០ម!
11, Dec 2018 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
«ឆ្មាបា» ជាប្រភេទសត្វមានដោយកម្រ និងបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទជិតផុតពូជនៅលើពិភពលោក។ នៅប្រទេសកម្ពុជា «ឆ្មាបា» មាននៅតំបន់ភូមិភាគឦសាន និងនិរតី ហើយក៏មាននៅប្រទេសម៉ាឡេស៊ី, ថៃ និងឥណ្ឌូនេស៊ី។ «ឆ្មាបា» នេះ អាចហោះសំកាំងបានចម្ងាយពី៦០-៧០ម។



«ឆ្មាបា» ជាសត្វរស់នៅតាមតំបន់ព្រៃស្រោង ដោយវារស់នៅតាមមែកឈើ និងពូកែលាក់ខ្លួននៅតាមដើមឈើ ហើយធ្វើសំបុកក្នុងរន្ធឈើ និងនៅតាមធាងត្នោត-ដូងតាមចម្ការ។ សត្វប្រភេទនេះ ធ្វើសកម្មភាពនៅពេលយប់ និង អាចធ្វើសកម្មភាពនៅពេលថ្ងៃផងដែរ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
«ឆ្មាបា» នេះ អាចហោះសំកាំងបានចម្ងាយពី៦០-៧០ម ហើយការឡើងដើមឈើវិញ មានភាពលំបាក ពីព្រោះចាំបាច់ត្រូវឡើងវិលជុំវិញដើមក្នុងដំណើរយឺត។ ចំណីអាហាររបស់វាមានដូចជា ស្លឹក ពន្លកឈើ និងផ្លែឈើជាដើម។ ការបន្តពូជ ឆ្មាបាញីមានកូនម្តងបានតែមួយប៉ុណ្ណោះ បន្ទាប់ពីពពោះរយៈពេល៦០ថ្ងៃ ហើយសត្វញីអាចពពោះ ម្តង ទៀតក្នុងកំឡុងពេលកូនមិនទាន់កែចេញ គឺមានន័យថា មិនទាន់ផ្តាច់ដោះចាកចេញពីមេទៅរស់នៅដោយខ្លួនឯង។
 
បើតាមសៀវភៅថនិកសត្វកម្ពុជា «ឆ្មាបា» មានទំហំប្រហែលសត្វឆ្មាដែរ ដោយមានប្រវែងក្បាល-ដងខ្លួនពី ៣៤-៤២សង់ទីម៉ែត្រ ហើយកន្ទុយ មានប្រវែង ២២-២៧សង់ទីម៉ែត្រ រីឯស្លាបមានប្រវែង ៧០សង់ទីម៉ែត្រ និងទម្ងន់ពី ១-១,៧គីឡូក្រាម។ វាមានសម្បុរ ប្រផេះ ឬត្នោត និងមានអុចពណ៌សជាច្រើននៅតាមបណ្តោយខ្នងរបស់វា។ 

«ឆ្មាបា» មានដងខ្លួនសំប៉ែតជាមួយនឹងស្រទាប់ស្បែកស្តើងគ្របដណ្តប់ដោយតភ្ជាប់ពីករហូតដល់ម្រាមជើង ហើយព័ទ្ធជុំវិញ សងខាងដងខ្លួនចុះក្រោមរហូតដល់ក្រចកម្រាមជើង និងចុងកន្ទុយ។ វាមានភ្នែកធំ ហើយដៃជើងវែងៗក្រញុំាកោងស្រួច វែងសម្រាប់ចាប់តោងលើដើមឈើក្រោយពេលហើរសំកាំង។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 
 
 

Tag:
 ឆ្មាបា
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com